ប្រធានគណៈកម្មាធិការជាតិ ESCAP នឹងចូលរួមសន្និបាតប្រចាំឆ្នាំលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក អង្គការសហប្រជាជាតិ នៅប្រទេសថៃ រយៈពេល៦ថ្ងៃ

Posted By: RoogRog Robot | 18-Apr-2024 16:00:07

2024-04-18 02:58pm

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអេស្កាប់ (ESCAP) បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ជាមួយនឹងការចូលរួមអមដំណើរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងសុន្ទរកថាពិសេសនៅក្នុងពិធីបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP) លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអេស្ដាប់ តំណាងរាជរដ្ឋាភិបាលកម្ពុជា នឹងបន្តដឹកនាំគណៈប្រតិភូអន្តរក្រសួង ចូលរួមនៅក្នុងសន្និបាតប្រចាំឆ្នាំលើកទី៨០ របស់ UN-ESCAP ក្រោមមូលបទ <<ការប្រើប្រាស់នវានុវត្តន៍ឌីជីថល សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក>> ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២៤ នៅទីក្រុងបាងកក ប្រទេសថៃ។

តាមរយៈសេចក្តីប្រកាសព័ត៌មានដដែល បានបញ្ជាក់ថា រសៀលថ្ងៃទី១៩ ខែមេសា ទេសរដ្ឋមន្ត្រី លី ធុជ ដឹកនាំប្រតិភូនាំមុខមកពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅព្រះរាជាណាចក្រថៃ និងគណៈកម្មាធិការជាតិអេស្តាប់ ជួបប្រជុំពិភាក្សាការងារជាមួយ លោកស្រី Armida Salsiah Alisjahbana អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាប្រធាន UN-ESCAP ដើម្បីត្រៀមរៀបចំទទួលការចូលរួមរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងសន្និបាតប្រចាំឆ្នាំលើកទី៨០ របស់ UN-ESCAP។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី នឹងជួបប្រជុំពិភាក្សាទ្វេភាគីជាមួយ លោកស្រី Armida Salsiah Alisjahbana ដើម្បីពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង UN-ESCAP ផងដែរ។

ព្រឹកថ្ងៃទី២២ ខែមេសា លោកទេសរដ្ឋមន្រ្តី លី ធុជ អមដំណើរសម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងសុន្ទរកថាពិសេសនៅក្នុងពិធីបើកសន្និបាតលើកទី៨០ របស់ UN-ESCAP និងពេលរសៀល លោកទេសរដ្ឋមន្ត្រី លី ធុជ ដឹកនាំកិច្ចប្រជុំពេញអង្គរបស់សន្និបាត ក្រោមប្រធានបទ <<ការប្រើប្រាស់នវានុវត្តន៍ឌីជីថលសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក>>។

នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ទេសរដ្ឋមន្ត្រី លី ធុជ ចូលរួមថ្លែងសន្ទករថាគន្លឹះក្នុងកិច្ចប្រជុំនៃបណ្តាប្រទេសដែលមានការអភិវឌ្ឍតិចតួច។

ជាមួយគ្នានេះដែរ ក្នុងនាមប្រទេសកម្ពុជា ជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) សម្រាប់ឆ្នាំ២០២៤ តាងនាមឱ្យសម្តេចធិបតី ហ៊ុន ម៉ាណែត ទេសរដ្ឋមន្ត្រី លី ធុជ នឹងជួបប្រជុំទ្វេភាគីជាមួយប្រតិភូនៃបណ្តាប្រទេសដីកោះតំបន់ប៉ាស៉ីហ្វិក និងបណ្តាប្រទេសមួយចំនួនទៀត ដើម្បីផ្សព្វផ្សាយអំពីភាពជាប្រធានអនុញ្ញាអូតាវ៉ា ឆ្នាំ២០២៤ របស់កម្ពុជា ភាពជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ និងការធ្វើសាកលភាវូបនីយកម្មនៃអនុសញ្ញាអូតាវ៉ា៕







News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...