ឥណ្ឌូណេស៊ីធ្វើវិសោធនកម្មច្បាប់នាំចូលបន្ទាប់ពីមានការត្អូញត្អែរពីក្រុមធុរកិច្ច

Posted By: RoogRog Robot | 18-Apr-2024 15:25:31

2024-04-18 02:21pm

(ហ្សាការតា)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ីបានឱ្យដឹងនៅថ្ងៃពុធថា ឥណ្ឌូណេស៊ីកំពុងកែសម្រួលបទប្បញ្ញត្តិដែលបង្កើតឡើងដើម្បីគ្រប់គ្រងការនាំចូលផលិតផលជាង ៣ពាន់មុខក្នុងគ្រាដែលមានការព្រួយបារម្ភពីក្រុមអាជីវកម្មថា ច្បាប់នេះអាចរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុកនិងការនាំចេញ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះបានចេញបទប្បញ្ញត្តិកាលពីចុងឆ្នាំមុនសំដៅរឹតបន្តឹងការត្រួតពិនិត្យទំនិញនាំចូលទំនិញជាច្រើនរាប់ចាប់ពីគ្រឿងផ្សំម្ហូបអាហាររហូតដល់ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីដោយសារការព្រួយបារម្ភពីលំហូរចូលទំនិញ។

ក្រុមហ៊ុននាំចូលត្រូវបានតម្រូវឱ្យទទួលបានលិខិតអនុញ្ញាតនាំចូលសម្រាប់ទំនិញផ្សេងៗ រួមទាំងស្បែកជើង វាយនភ័ណ្ឌ និងម៉ាស៊ីនបោកគក់ ហើយត្រូវការការណែនាំបច្ចេកទេសពីស្ថាប័នរដ្ឋាភិបាលផ្សេងទៀត ដើម្បីទទួលបានលិខិតអនុញ្ញាតបែបនេះ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក Zulkifli Hasan បានត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រខណៈថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា៖ <<អ្នកនៅក្នុងធុរកិច្ច សមាគម និងអ្នកពាក់ព័ន្ធនានាបានបង្ហាញពីការលំបាកក្នុងការទទួលបានឯកសារបច្ចេកទេសពីស្ថាប័នពាក់ព័ន្ធ>>។

នៅក្នុងសេចក្តីប្រកាសព័ត៌មានដាច់ដោយឡែកមួយ ក្រសួងសម្របសម្រួលកិច្ចការសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូណេស៊ីបានឱ្យដឹងថា រដ្ឋាភិបាលក៏កំពុងផ្អាកលក្ខខណ្ឌតម្រូវឱ្យមានឯកសារបច្ចេកទេសដើម្បីទទួលបានការអនុញ្ញាតផងដែរ។ ក្រសួងមិនបានបញ្ជាក់លម្អិតពីពេលវេលាសម្រាប់ការផ្អាកនេះទេ។

ក្រសួងសម្របសម្រួលកិច្ចការសេដ្ឋកិច្ចបានឱ្យដឹងថា ក្រសួងពាណិជ្ជកម្មនឹងអនុញ្ញាតឱ្យមានដំណាក់កាលអន្តរកាលមួយសម្រាប់បទប្បញ្ញត្តិថ្មីនៅពេលដែលចេញបទប្បញ្ញត្តិដែលត្រូវបានកែសម្រួល។

ក្រុមធុរកិច្ចបានឱ្យដឹងថា ច្បាប់ថ្មីដែលចូលជាធរមាននៅថ្ងៃទី១០ ខែមីនាថ្មីៗនេះបានរឹតបន្តឹងការទទួលបានវត្ថុធាតុដើមមួយចំនួន។ បន្ទាប់ពីការត្អូញត្អែរ និងការព្រមានពីកង្វះខាតការផ្គត់ផ្គង់ ក្រសួងពាណិជ្ជកម្មកាលពីខែមុនបានបន្ធូរបន្ថយការរឹតបន្តឹងសម្រាប់គ្រឿងបន្លាស់យន្តហោះ និងវត្ថុធាតុដើមសម្រាប់ឧស្សាហកម្មប្លាស្ទិក ប៉ុន្តែក្រុមអាជីវកម្មទាមទារឱ្យមានការបន្ធូរបន្ថយបន្ថែមទៀត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...