កម្មករ កម្មការិនី និងពលរដ្ឋជាង៨ម៉ឺននាក់ ជិះរថយន្តក្រុងឥតគិតថ្លៃ ទាំងនៅក្នុងរាជធានីភ្នំពេញ និងទៅស្រុកកំណើត តាមបណ្តាខេត្តនានា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

Posted By: RoogRog Robot | 18-Apr-2024 14:57:13

2024-04-18 01:53pm

(ភ្នំពេញ)៖ កម្មករ កម្មការិនី និងបងប្អូនប្រជាពលរដ្ឋ ប្រមាណជាង៨ម៉ឺននាក់ បានជិះរថយន្តក្រុងឥតគិតថ្លៃ ទាំងនៅក្នុងរាជធានីភ្នំពេញ និងទៅស្រុកកំណើត តាមបណ្តាខេត្តនានា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤។ នេះបើតាមការបញ្ជាក់របស់លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ។

លោក ម៉េត មាសភក្តី បានកត់សម្គាល់ថា៖ <<ចំនួនអ្នកជិះរថយន្តក្រុង ប្រមាណជាង៨ម៉ឺននាក់ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ គឺមានការកើនឡើងជាង ២ម៉ឺននាក់ ស្មើ៣៥% បើប្រៀបធៀបទៅនឹងការដឹកជញ្ជូន កាលពីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៣។ ខេត្តដែលមានពលរដ្ឋជិះរថយន្តក្រុងទៅច្រើន មានចំនួន២ខេត្ត រួមមាន៖ ខេត្តសៀមរាប និងខេត្តបាត់ដំបង ក្នុងនោះ ខេត្តសៀមរាប មានចំនួនប្រមាណ២ម៉ឺន ៥ពាន់នាក់ និងខេត្តបាត់ដំបង មានចំនួនជាង១ម៉ឺននាក់>>។

អ្នកនាំពាក្យរូបនេះបានបន្តថា ក្នុងអំឡុងពេលដឹកជញ្ជូនអ្នកដំណើរនៅក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីនេះ គឺមិនមានបញ្ហាអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះទេ ពោលគឺការដឹកជញ្ជូនបានដំណើរការដោយ រលូនប្រកបដោយសុខសុវត្ថិភាពល្អប្រសើរ។ ជាមួយគ្នានេះ ពលរដ្ឋគ្រប់មជ្ឈដ្ឋានក៏បានសាទរ និងថ្លែងអំណរគុណសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ចំពោះការបន្តផ្តល់រថយន្តក្រុងឥតគិតថ្លៃ ទៅស្រុកកំណើតតាមបណ្តាខេត្តនានា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះ។

គួរបញ្ជាក់ថា ដើម្បីជួយសម្រួលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរទៅស្រុកកំណើតជួបជុំក្រុមគ្រួសារ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សម្រាប់ឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្តក្រុង ចំនួន៤៥៥គ្រឿង សម្រាប់ដឹកពលរដ្ឋដោយឥតគិតថ្លៃ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា។

ក្នុងចំណោមរថយន្តក្រុងជាង ៤០០គ្រឿងនេះ បានប្រើសម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ចំនួន ៦០គ្រឿង និងសម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ធ្វើដំណើរពីរាជធានីភ្នំពេញ ទៅស្រុកកំណើត តាមបណ្តាខេត្ត និងពីបណ្តាខេត្ត ត្រឡប់មករាជធានីភ្នំពេញវិញ ចំនួន ៣៩៥គ្រឿង៕

































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...