នៅឯអ៊ីស្រាអែល រដ្ឋមន្ត្រីការបរទេសអង់គ្លេសនិយាយថា អ៊ីស្រាអែលបានសម្រេចចិត្តហើយថានឹងសងសឹកអ៊ីរ៉ង់

Posted By: RoogRog Robot | 17-Apr-2024 19:59:21

2024-04-17 06:52pm

(យេរ៉ូហ្សាឡឹម)៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Cameron បាននិយាយក្នុងអំឡុងទស្សនកិច្ចនៅអ៊ីឯស្រាអែលនាថ្ងៃពុធនេះថា អ៊ីស្រាអែលបានសម្រេចចិត្តយ៉ាងច្បាស់ដើម្បីសងសឹកអ៊ីរ៉ង់ ជុំវិញការវាយប្រហារដោយមីស៊ីល និងយន្តហោះដ្រូនលើទឹកដីរបស់ខ្លួនកាលពីសប្តាហ៍មុន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤។

ប្រទេសមហាអំណាចពិភពលោក កំពុងព្យាយាមទប់ស្កាត់ជម្លោះកាន់តែទូលំទូលាយនៅមជ្ឈិមបូព៌ា បន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់កាលពីល្ងាចថ្ងៃសៅរ៍ ដែលរាប់បញ្ចូលទាំងគ្រាប់រ៉ុក្កែតរាប់រយគ្រាប់ និងយន្តហោះគ្មានមនុស្សបើក ដែលនេះជាលើកទីមួយហើយ ដែលអ៊ីរ៉ង់បានវាយប្រហារដោយផ្ទាល់ទៅលើអ៊ីស្រាអែល បន្ទាប់ពីការប្រឈមមុខដាក់គ្នាជាច្រើនទសវត្សរ៍។

អ៊ីរ៉ង់​ បាន​បើក​ការ​វាយ​ប្រហារ​ជា​ការ​ឆ្លើយ​តប​នឹង​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​ ទៅ​លើ​បរិវេណ​ស្ថានកងស៊ុល​របស់​ខ្លួន ​ក្នុង​ក្រុង​ដាម៉ាស​កាល​ពី​ថ្ងៃ​ទី​១ ខែ​មេសា ដែល​បាន​សម្លាប់​ឧត្តម​សេនីយ៍​ពីរ​រូប និង​មន្ត្រី​អ៊ីរ៉ង់​ជា​ច្រើន​នាក់​ទៀតផងដែរ។

មីស៊ីល និងយន្តហោះដ្រូនគ្មានមនុស្សបើកភាគច្រើនរបស់អ៊ីរ៉ង់ ដែលបាញ់បង្ហោះកាលពីថ្ងៃសៅរ៍ ត្រូវបានបាញ់ទម្លាក់ដោយអ៊ីស្រាអែល និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលមិនបណ្តាលឲ្យមនុស្សស្លាប់ និងបង្កការខូចខាតតិចតួចប៉ុណ្ណោះ។ ប៉ុន្តែអ៊ីស្រាអែលនិយាយថា ខ្លួនត្រូវតែសងសឹកដើម្បីរក្សាភាពជឿជាក់ នៃកម្លាំងការពាររបស់ខ្លួន។ អ៊ីរ៉ង់​បាន​និយាយ​ថា ខ្លួនក៏​បានគិតគូរ​ពិចារណា​លើ​បញ្ហា​នេះ​យ៉ាងដិតដល់ផងដែរ ប៉ុន្តែថា​នឹង​សងសឹក​ម្តង​ទៀត ប្រសិន​បើ​អ៊ីស្រាអែល​ធ្វើ​ដូច្នេះ។

លោក Cameron បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ នៅ​ពេល​ចាប់​ផ្តើម​ដំណើរ​ទស្សនកិច្ច​ទៅ​ក្រុង​ហ្សេរុយសាឡឹម​ ដូច្នេះ​ថា​ <<វា​ច្បាស់​ណាស់​ថា​អ៊ីស្រាអែល​កំពុង​ធ្វើ​ការ​សម្រេច​ចិត្ត​ដើម្បី​ធ្វើ​សកម្មភាព។ <<យើង​សង្ឃឹម​ថា​ពួកគេ​ធ្វើ​ដូច្នេះ ​ក្នុង​វិធី​មួយ​ដែល​បង្រីកបញ្ហា​តិច​បំផុត​ តាម​ដែល​អាច​ធ្វើ​ទៅ​បាន>>។

ទន្ទឹមគ្នានេះ រដ្ឋមន្ត្រីការបរទេសរូបនេះបាននិយាយថា ចក្រភពអង់គ្លេសចង់ឃើញការសម្របសម្រួលដាក់ទណ្ឌកម្មថ្មីបន្ថែមទៀត លើប្រទេសអ៊ីរ៉ង់ ដោយក្រុមមហាអំណាចទាំងប្រាំពីរ (G7) ដែលប្រជុំនៅសប្តាហ៍នេះនៅក្នុងប្រទេសអ៊ីតាលី។

គួរជម្រាបថា កាលពីថ្ងៃអង្គារ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុងវ៉ាស៊ីនតោនគ្រោងនឹងដាក់ទណ្ឌកម្មថ្មីលើប្រទេសអ៊ីរ៉ង់ ជុំវិញកម្មវិធីមីស៊ីល និងយន្តហោះដ្រូននៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ហើយរំពឹងថា ប្រទេសសម្ព័ន្ធមិត្តនឹងធ្វើតាមខ្លួន។ ហើយមុននេះ រដ្ឋមន្ត្រីក្រសួងរតនាគារ លោកស្រី Janet Yellen ក៏បាននិយាយផងដែរថា សហរដ្ឋអាមេរិកនឹងប្រើប្រាស់ទណ្ឌកម្ម និងធ្វើការជាមួយសម្ព័ន្ធមិត្ត ដើម្បីបន្តរំខានដល់ <<សកម្មភាពអាក្រក់ និងអស្ថិរភាព>> របស់អ៊ីរ៉ង់៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...