សម្តេច ម៉ែន សំអន ស្នើស្ត្រីប្រើប្រាស់បច្ចេកវិទ្យាឌីធីថល ដោយត្រិះរិះពិចារណា កុំឱ្យក្លាយជាអន្ទាក់ នៃការឆបោកតាមអនឡាញ

Posted By: RoogRog Robot | 04-Mar-2024 16:01:36

2024-03-04 02:56pm

(ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ២០២៤ ខួបទី១១៣ ក្រោមមូលបទ <<ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្ម ឌីជីថល>> នៅស្រុកស្វាយជ្រំ នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤។

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានផ្តាំផ្ញើ សួរសុខទុក្ខ និងការនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់សមាជិក-សមាជិកាទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីថ្ងៃនេះ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបន្តថា ការប្រារព្ធពិធីរំលឹកខួបទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ គឺក្នុងគោលបំណងរំលេចអំពីសក្តានុពល និងភាពចាំបាច់នៃការលើកកម្ពស់ ការចូលរួម និងភាពជាតំណាងរបស់ស្ត្រី និងក្មេងស្រីក្នុងវិស័យឌីជីថលប្រកប ដោយប្រសិទ្ធភាពនិងសុវត្ថិភាព និងជាការឆ្លើយតបនឹង បរិបទនៃការវិវត្តរបស់សង្គមនៅក្នុងយុគសម័យឌីជីថល និងស្របតាមចក្ខុវិស័យ ដែលបានចង្អុលបង្ហាញនៅក្នុងយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងក្របខណ្ឌគោលនយោបាយក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាព អង់អាចដល់ស្ត្រី និងក្មេងស្រី។

សម្តេចកិត្តិបណ្ឌិត ម៉ែន សំអន បានបន្ថែមថា ដោយសារតែការរីកចម្រើននៃបច្ចេកវិទ្យា យើងសង្កេតឃើញថា មនុស្សគ្រប់វ័យកំពុងប្រឈម និងរងផលប៉ះពាល់ក្នុងបរិបទនៃសម័យឌីជីថល។

ដោយមើលឃើញអំពីគ្រោះថ្នាក់នៃបច្ចេកវិទ្យា, សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានសំណូមពរដល់អ្នកប្រើប្រាស់ប្រព័ន្ធអ៉ីនធឺណែត ត្រូវផ្តោត​ការ​យកចិត្តទុក្ខដាក់ខ្ពស់ក្នុងការប្រើប្រាស់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងត្រូវចេះ ត្រិះរិះពិចារណាឱ្យបានល្អិតល្អន់ ព្រោះថា បចេ្ចកវិទ្យាក៏បានជួយសម្រួលដល់ការបម្រើការងារប្រប្រចាំថ្ងៃ ប៉ុន្តែបច្ចេកវិទ្យាក៏អាចធ្វើឱ្យអ្នកប្រើប្រាស់មានបញ្ហានោះដែរ ប្រសិនបើយើងប្រើប្រាស់ដោយខ្វះការពិចារណា និងមានសេចក្តីលោភ ដូច្នេះកុំឱ្យក្លាយជាអន្ទាក់នៃការឆបោកតាមប្រព័ន្ធអនឡាញ៕
























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...