មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជន អំពាវនាវមន្ត្រីបក្សនៅមូលដ្ឋានស្រុកសង្គមថ្មី ខេត្តព្រះវិហារ ត្រូវសាងអំពើល្អ ដើម្បីទទួលជោគជ័យក្នុងឱកាសបោះឆ្នោតជាបន្តបន្ទាប់ទៀត

Posted By: RoogRog Robot | 04-Mar-2024 15:55:14

2024-03-04 02:52pm

(ព្រះវិហារ)៖ លោក ព្រហ្ម ផេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកសង្គមថ្មី ខេត្តព្រះវិហារ បានអំពាវនាវមន្ត្រីគណបក្សប្រជាជនកម្ពុជា នៅតាមមូលដ្ឋានក្នុងស្រុកសង្គមថ្មី ត្រូវបន្តសាងអំពើល្អជាមួយប្រជាពលរដ្ឋ ដើម្បីគណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យនាឱកាសបោះឆ្នោតលើកក្រោយៗទៀត។

ការអំពាវនាវបែបនេះរបស់លោក ព្រហ្ម ផេង បានធ្វើឡើងក្នុងឱកាសដែលលោក និងលោក សំ លាងទ្រី សមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្ត និងជាអនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានស្រុកសង្គមថ្មី អញ្ជើញជួប សំណេះសំណាលជាមួយអង្គបោះឆ្នោត និងមន្ត្រីគណបក្សទូទាំងស្រុកសង្គមថ្មី ជាមួយនឹងការហូបអាហារសាមគ្គីយ៉ាងសប្បាយរីករាយ អបអរសាទរលទ្ធផលបណ្តោះអាសន្នការឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលគណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យយ៉ាងលើសលប់ នៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤។

លោក ព្រហ្ម ផេង ក៏បានជម្រាបអង្គបោះឆ្នោត ក៏ដូចជាមន្ត្រីគណបក្សប្រជាជនកម្ពុជាទូទាំងស្រុកសង្គមថ្មី ពីលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដែល គ.ជ.ប បានប្រកាស គឺគណបក្សប្រជាជនកម្ពុជាទទួលបានសម្លេងគាំទ្រយ៉ាងច្រើនលើសលប់ និយាយរួមលើសសំលេងដែលអង្គបោះឆ្នោតរបស់គណបក្សកម្ពុជាមាន នេះបង្ហាញឱ្យឃើញពីការបែកបាក់របស់គណបក្សប្រឆាំង ដែលអស់ជំនឿទុកចិត្តរបស់បក្សខ្លួន ហើយងាកមកបោះជូនគណបក្សយើង។

លោក ព្រហ្ម ផេង បានប្រាប់អង្គបោះឆ្នោតទូទាំងស្រុកសង្គមថ្មី ត្រូវបន្តរួមគ្នាសម្រួចឆន្ទះឯកភាពគ្នាខ្ពស់ ក្នុងការបន្តដំណើរចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ស្រុក ខណ្ឌ ក្រុង នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះបន្តទៀត ដើម្បីគណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យ។

ចំពោះផែនការខាងមុខនេះ លោកក៏បានណែនាំឱ្យបន្តធ្វើបច្ចុប្បន្នភាពអង្គបោះឆ្នោត ការចុះឈ្មោះបោះឆ្នោត និងទទួលសុពលភាព ការចុះឈ្មោះអ្នកសង្កេតការនៅតាមការិយាល័យបោះឆ្នោត ការចែកបណ្ណព័ត៌មាន និងការឃោសនាបោះឆ្នោត ជ្រើសរើសក្រុម ស្រុក ខណ្ឌ ខេត្ត រាជធានី ក្រុង ខាងមុខនេះ។ ជាមួយគ្នានេះលោកក៏ប្តេជ្ញាប្តូរឡូហ្គោថ្មីគណបក្សនៅក្នុងស្រុកសង្គមថ្មី ឱ្យបានមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ស្រុក ខណ្ឌ ខេត្ត រាជធានី ក្រុង ខាងមុខនេះ។

ដោយឡែកចំពោះផែនការយូរអង្វែង, លោក ព្រហ្ម ផេង ក៏បានណែនាំឱ្យធ្វើបច្ចុប្បន្នភាពសមាជិកគណបក្សបក្សឡើងវិញ ត្រូវពង្រឹងខ្សែរយះអង្គការចាត់តាំងបក្ស ត្រូវពិនត្យមើលសៀវភៅក្រុមបក្ស គ្រួសារបក្ស តើត្រូវធ្វើឡើងវិញដែរឫទេ? ត្រូវបន្តពង្រឹងសមាជិកដែលមានស្រាប់ និងត្រូវពង្រីកថ្មី សូមបន្តសកម្មការអូសទាញគណបក្សផ្សេងដែលមាននៅក្នុងឃុំ ស្រុករបស់យើង តាមរយះការបន្តធ្វើអំពើល្អ ទាំងការនិយាយស្តី ទាំងការដោះស្រាយត្រូវយុត្តិធម៌មិនលម្អៀង និងត្រូវពន្យល់ពីស្នាដៃនៃការដឹកនាំរបស់គណបក្សយើង របស់រដ្ឋាភិបាលយើង ក្នុងការកែទម្រង់ធ្វើឱ្យប្រទេសជាតិមានការរីកចម្រើន។

លោក ព្រហ្ម ផេង ក៏បានប្រគល់កំព្យូទ័រ ម៉ាសុីនព្រីនធ័រ ដល់គណបក្សឃុំទាំង៥ គណបក្សស្រុក និងចូលរួមហូបអាហារសាមគ្គីដោយភាពស្និតស្នាលរីករាយក្រៃលែង៕


















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...