ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត, ក្រុមហ៊ុនអូស្ត្រាលី ចង់វិនិយោគលើការកែច្នៃដំណាំស្ពៅ

Posted By: RoogRog Robot | 04-Mar-2024 14:53:40

2024-03-04 01:47pm

(ម៉ែលប៊ន, អូស្ត្រាលី)៖ ក្រុមដ៏ធំមួយរបស់អូស្ត្រាលី គឺក្រុមហ៊ុន Enserv Holding Australia បាន​បង្ហាញ​បំណងចង់វិនិយោគលើការកែច្នៃដំណាំស្ពៅ (Sorghum) នៅក្នុងប្រទេសកម្ពុជា។ វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ថា <<ស្ពៅ>> ជា​ធញ្ញ​ជាតិ​មួយ​ប្រភេទ ពួក​ពោត ផ្លែ​ជា​ស្មែង​ចង្កោម គ្រាប់​មូល​ៗ​ល្អិត​ៗ កាល​ណា​ទុំ​មាន​សម្បុរ-ស។

បំណងនេះត្រូវបានបញ្ជាក់ដោយលោក Tanachat Pochana ប្រធានក្រុមហ៊ុន Enserv Holding Australia ពេលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រីកម្ពុជានាទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នៅព្រឹកថ្ងៃចន្ទ ទី៤ ខែមីនា ឆ្នាំ២០២៤នេះ។

ក្នុងជំនួបនោះ លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណសម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបានឆ្លៀត​ពេល​ដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកប្រធានក្រុមហ៊ុន ក៏បានគោរពជម្រាបសម្ដេចធិបតី អំពីសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន ដែល​ផ្ដោត​លើការដាំដុះដំណាំស្ពៅ (Sorghum)។ ក្រុមហ៊ុនមានសមត្ថភាពកែច្នៃដំណាំនេះ​ ទៅជាអង្ករ​មាន​កាឡូរីទាបតែមានប្រូតេអ៉ីនខ្ពស់ និងអាចកែច្នៃយកទៅប្រើប្រាស់ជាជីវៈឧស្ម័ន្ម (Biogas) ថែមទៀតផង។

លោកប្រធានក្រុមហ៊ុន ក៏បានជម្រាបសម្ដេចធិបតីផងដែរថា ដំណាំស្ពៅ គឺជាដំណាំផ្តល់ទិន្ន​ផល​ខ្ពស់ មិន​រើសប្រភេទដី និងមិនត្រូវការទឹកច្រើនដូចដំណាំស្រូវ ហើយក៏អាចរួមចំណែក ក្នុងការស្រូបយកឧស្ម័ន​កា​បូ​និក​ពីបរិយាកាសផងដែរ។

លោកប្រធានក្រុមហ៊ុន បន្ថែមទៀតថា ដោយពិនិត្យឃើញអំពីសក្ដានុពលនៃវិស័យកសិកម្ម និងស្ថានភាព​ដីកសិកម្មនៅកម្ពុជាដែលមានលក្ខណៈអំណោយផលទៅលើប្រភេទដំណាំនេះ លោកប្រធានក្រុមហ៊ុន បានបង្ហាញបំណងរបស់ក្រុមហ៊ុនស្វែងរកឱកាសវិនិយោគលើដំណាំនេះនៅកម្ពុជា ដើម្បីកែច្នៃទៅជា​ផលិត​ផល​សម្រេចសម្រាប់នាំចេញទៅក្រៅប្រទេស។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ និងរីករាយដែលបានជួបពិភាក្សាការងារជាមួយ​លោកប្រធាន​ក្រុមហ៊ុន។ សម្តេចធិបតី បានបញ្ជាក់ថា ដូចនីតិកាលមុនៗដែរ គោលបំណងសំខាន់របស់រាជរដ្ឋាភិបាល​កម្ពុជាក្នុងអាណត្តិទី៧នេះ គឺបង្កើននូវប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាលបានដាក់​ចេញគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជាបន្ថែមទៀត តាមរយៈការប្រើប្រាស់នូវបច្ចេក​វិទ្យា​ទំនើបៗ ដើម្បីជួយជំរុញដល់វិស័យកសិកម្មនៅកម្ពុជា។

សម្ដេចធិបតី ក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍវិស័យ​ថាមពលអគ្គិសនី ដូច្នេះការប្រេីប្រាស់បច្ចេកវិទ្យាទំនេីប​ និងថ្មី ដេីម្បីផលិតថាមពលអគ្គិសនី​ គឺជាផ្នែកមួយ​ស្រប​ទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យថាមពល ដោយផ្ដោតទៅលើ​ថាម​ពលស្អាត។

សម្តេចប្រមុខរាជរដ្ឋាភិបាល បានជម្រាបទៅក្រុមហ៊ុនផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ឈប់​ការផ្តល់ការអនុញ្ញាត​ឱ្យបង្កេីតរោង​ចក្រ​ដំណើរការដោយថាមពលធ្យូងថ្មថ្មីបន្ថែបទៀតផងដែរ។ ដូច្នេះ​ការ​អភិវឌ្ឍវិស័យថាមពលតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ និងទំនើប ដើម្បីបង្កើតថាមពលស្អាតនេះ គឺជា​ផ្នែកមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើ បរិវត្តកម្មថាមពលនៅកម្ពុជា។

ឆ្លេីយតបទៅនឹងបំណង​វិនិយោគរបស់ក្រុមហ៊ុន​, សម្ដេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុន​បំពេញ​ទស្ស​ន​​កិច្ចនៅកម្ពុជា ដើម្បីពិនិត្យលទ្ធភាពស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដោយសហការជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈការសម្របសម្រួលរបស់​ក្រុម​ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម។

សូមបញ្ជាក់ថា ក្រុមហ៊ុន Enserv Holding Australia គឺជាក្រុមហ៊ុនឈានមុខ ក្នុងការបង្កើតថាមពល​ស្អាត ការកាត់បន្ថយការបំភាយឧស្ម័ន និងបម្រែបម្រួលអាកាសធាតុ។ ចក្ខុវិស័យរបស់ក្រុមហ៊ុន ផ្តល់​ដំណោះ​ស្រាយថាមពលសម្រេច តាមរយៈការច្នៃប្រឌិត ថាមពលស្អាត និងការបង្កើតថាមពលស្អាត៕








News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...