ក្រសួងបរិស្ថាន ចូលរួមអបអរសាទរ ទិវាសត្វព្រៃពិភពលោក ៣ មីនា ដោយបង្ហាញពីកិច្ចខំប្រឹងប្រែងការអភិរក្សធនធានធម្មជាតិ សត្វព្រៃកម្រ នៅតាមតំបន់ការពារធម្មជាតិ

Posted By: RoogRog Robot | 04-Mar-2024 11:54:48

2024-03-04 11:49am

(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរសាទរ ទិវាសត្វព្រៃពិភពលោក ថ្ងៃទី៣ មីនា ឆ្នាំ២០២៤ ក្រសួងបរិស្ថាន បានបង្ហាញពីការគ្រប់គ្រងធនធនធម្មជាតិ ជាពិសេសអភិរក្សសត្វព្រៃ នៅកម្ពុជា សំដៅលើកកម្ពស់ការយល់ដឹងរបស់មហាជនអំពីមរតកធម្មជាតិ ដ័មានតម្លៃសម្រាប់មនុស្សជាតិ។

លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា កម្ពុជាយើងមានតំបន់ការពារធម្មជាតិចំនួន៧៣កន្លែង មានផ្ទៃដីជាង៧លានហិចតា ស្មើនឹង៤០%នៃផ្ទៃដីប្រទេស។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា យោងតាមផែនការយុទ្ធសាស្រ្ត និងសកម្មភាពនានា បានរកឃើញថា សត្វព្រៃនៅប្រទេសកម្ពុជាមានប្រមាណ ២០៨៥ប្រភេទ (ថនិកសត្វ ស្មើ១៤៧, បក្សីស្មើ៥៤៣, ល្មូនស្មើ១៤៥ ថលជលិគស្មើ៥៩, ត្រីស្មើ១០៩៣ និងសត្វល្អិតស្មើ៩៨)។

លោក ខ្វៃ អាទិត្យា បានអះអាងថា ក្រសួងបរិស្ថាននិងអង្គការដៃគូធ្វើការអភិរក្សដោយផ្តោតសំខាន់ទៅលើប្រភេទសត្វដែលមានដោយកម្រ ជិតផុតពូជ និងកំពុងគំរាមកំហែងចំនួនប្រមាណ ១២៣ប្រភេទ (ថនិកសត្វស្មើ២៥, បក្សីស្មើ៣៣, ល្មូនស្មើ២១ ថលជលិគស្មើ៩ និងត្រីស្មើ៣៥) ជាមួយគ្នានេះ ប្រភេទសត្វជិតផុតពូជដែលមានច្រើនជាងគេនៅកម្ពុជារួមមាន៖ ថនិកសត្វមាន៖ ទន្សោង បក្សីមាន៖ក្ងរ (ត្រយ៉ង) យក្ស ចាបតេតកម្ពុជា និងត្រយ៉ងចំកកសជាដើម។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា បើប្រៀបធៀបជាមួយប្រទេសជិតខាង ប្រទេសកម្ពុជាក៏ចាត់ទុកជាប្រទេស ដែលមានវត្តមានប្រភេទសត្វ ដែលមានដោយកម្រ ជិតផុតពូជ និងកំពុងគំរាមកំហែងច្រើនដូចជា៖ ទន្សោង ត្រយ៉ងយក្ស ត្រយ៉ងចំកកស និងចាបតេតកម្ពុជាជាដើម មានវត្តមានតិចជាងប្រទេសជិតខាងដូចជា ដំរីអាស៊ី និងខ្ទីងជាដើម។

លោក ខ្វៃ អាទិត្យា បានលើកឡើងបន្ថែមថា កម្ពុជាបាននឹងកំពុងយកចិត្តទុកដាក់ខ្លាំង សហការការជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ អង្គការដៃគូ ការពារមតរកធម្មជាតិ រួមមានព្រៃឈើ សត្វព្រៃនិង ជិវៈចម្រុះ ដើម្បីបន្តទុកដល់កូនចៅជំនាន់ក្រោយ និងជាពិសេសធានាដល់ថែរក្សាប្រព័ន្ធអេកូឡូស៊ី ប្រយុទ្ធនឹងការប្រែប្រួលអាកាសធាតុ និងឆ្ពោះទៅសម្រេចទស្សនវិស័យប្រទេសអព្យាក្រឹតកាបូនឆ្នាំ២០៥០។

លោក ខ្វៃ អាទិត្យា លើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធ ដៃគូសហការ ជាពិសេសប្រជាសហគមន៍តំបន់ការពារធម្មជាតិ ពង្រឹងការចូលរួមឱ្យកាន់តែសកម្មខ្លាំងបន្ថែមទៀត ជាមួយក្រសួងបរិស្ថាន ដើម្បីបង្កើតសេដ្ឋកិច្ចមូលដ្ឋាន និងការពារអភិរក្សធនធានធម្មជាតិ។

នៅក្នុងវិធានការបង្កើនប្រសិទ្ធភាពនៃការការពារ និងអភិរក្សធនធានធម្មជាតិ ក្រសួងបរិស្ថានមិនត្រឹមតែបន្តពង្រឹងលើការ អនុវត្តច្បាប់លើវិធាន៤ចំណុច ក្នុងនោះដោយអនុវត្តច្បាប់១០០% ចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ប៉ុណ្ណោះទេ ប៉ុន្តែបានផ្តោតសំខាន់លើការអភិវឌ្ឍ ជំរុញការដាំដើមឈើឱ្យច្រើនជាងការកាប់ ដើម្បីរក្សានូវកំណើន ជាពិសេសការជំរុញ ការដាំស្តារព្រៃឈើ ដែលជាទិសដៅអាទិភាព បង្កើនគម្របព្រៃឈើឱ្យបាន៦០% នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅតាមសហគមន៍ រួមទាំងការអភិរក្សជីវចម្រុះដោយចីរភាព។ តាមរយៈនេះ ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការថ្ងៃទី១០ តុលា ឆ្នាំ២០២៣ នឹងធ្វើការផ្តល់ និងដាំដើមឈើយ៉ាងតិច ១លានដើមក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៤នេះ។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ចំពោះការបង្កើតសេដ្ឋកិច្ចមូលដ្ឋាន គឺជាវិធានការជាក់ស្តែង ដើម្បីការពារ និងអភិរក្សព្រៃឈើ និងសត្វព្រៃរបស់កម្ពុជាឱ្យបានគង់វង្ស ដូចជាការដាំដុះដើមឈើ គឺ <<ដើម្បីរកចំណូល>> តាមរយៈការលក់ឥណទានកាបូន និងទេសចរណ៍គោលដៅកម្សាន្តបៃតង ៕






































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...