ក្រសួងអភិវឌ្ឍន៍ជនបទ ចុះវាយតម្លៃលើការងារថែទាំផ្លូវគ្រួសក្រហម និងផ្លូវកៅស៊ូ DBST ១៤ខ្សែ នៅខេត្តកំពង់ស្ពឺ

Posted By: RoogRog Robot | 08-Dec-2023 21:09:30

2023-12-08 08:03pm

(កំពង់ស្ពឺ)៖ លោក នួន ដាញ៉ិល រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ តំណាងរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារគណ:កម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងក្រុមការងារបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ រសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ បានចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំផ្លូវក្រាលក្រួសក្រហម និងផ្លូវកៅស៊ូ DBST លក្ខណៈប្រចាំរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ចំនួន១៤ខ្សែ ស្ថិតក្នុងភូមិសាស្ត្រស្រុកចំនួន៦ នៃខេត្តកំពង់ស្ពឺ។

លោក អៀង ដាំ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ផ្លូវដែលគណៈកម្មការអន្តរក្រសួង ចុះពិនិត្យវាយតំលៃមានចំនួន១៤ខ្សែ ស្ថិតក្នុងស្រុកចំនួន៦ គឺស្រុកភ្នំស្រួច ស្រុកថ្ពង ស្រុកឱរ៉ាល់ ស្រុកសំរោងទង ស្រុកឧដុង្គ និងស្រុកបសេដ្ឋ។ ចំពោះផ្លូវទាំង១៤ខ្សែនេះ មានផ្លូវគ្រួសក្រហមបចំនួន១០ខ្សែ ប្រវែង១០១.២៥គីឡូម៉ែត្រ ផ្លូវក្រាលកៅស៊ូ DBST ចំនួន៤ខ្សែ មានប្រវែង ៧៣.២គីឡូម៉ែត្រ។ ក្រោយចុះពិនិត្យដោយផ្អែកទៅលើសោភ័ណភាព និងគុណភាពផ្លូវទាំង១៤ខ្សែរួចមក គណៈកម្មការអន្តរក្រសួង បានសម្រេចឯកភាពទទួលយកមួយរយភាគរយ (១០០%) សម្រាប់ការអនុវត្តការងារថែទាំផ្លូវទាំងនេះ។

ជាមួយនោះ លោក នួន ដាញ៉ិល បានណែនាំបន្ថែមដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ ធ្វើយ៉ាងណាត្រូវបន្តខិតខំថែទាំផ្លូវលំក្រាលគ្រួសក្រហម និងផ្លូវក្រាលកៅស៊ូ ដែលស្ថិតក្នុងគម្រោង និងជាសមិទ្ធផលថ្មី ក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋលើស្រុកទាំង៦ ឲ្យបានល្អប្រសើរ ដើម្បីជាប្រយោជន៍រួមទាំងអស់គ្នា និងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរឆ្លងកាត់ដឹកកសិផលពីភូមិមួយ ទៅភូមិមួយ ប្រកបដោយសុវត្ថិភាព និងយូរអង្វែង។

លោកបានរំលឹកផងដែរពីស្ថានភាពផ្លូវទាំង១៤ខ្សែខាងលើថា ដើមឡើយវាគ្រាន់តែជាផ្លូវចរាចរណ៍បានត្រឹមតែរទេះគោ ឬម៉ូតូប៉ុណ្ណោះ តែក្រោមការគិតគូរបស់រាជរដ្ឋាភិបាល ក្រោមការស្ថាបនារបស់ក្រសួងអភិវឌ្ឍន៍ជនបទ បានអភិវឌ្ឍន៍ផ្លូវនេះ ទៅជាផ្លូវក្រាលកៅស៊ូ និងក្រាលគ្រួសក្រហម ដែលអាចចរាចរណ៍បានគ្រប់មធ្យោបាយ។ ក្រោយស្ថាបនារួចរាល់ ផ្លូវទាំង១៤ខ្សែនេះ បានជ្រោងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋឲ្យមានការរីកចម្រើនលើសពីការរំពឹងទុក តាមរយៈការដឹកជញ្ជូនផលអនុផលដែលពួកគាត់ធ្វើបានមកកាន់ទីផ្សារ និងការធ្វើឲ្យអចលនទ្រព្យពួកគាត់ឡើងថ្លៃជាដើម។

លោក នួន ដាញ៉ិល អំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវទាំង១៤ខ្សែ ត្រូវចូលរួមសហការជាមួយមន្ត្រីជំនាញបច្ចេកទេស នៃមន្ទីរក្នុងថែទាំ កុំដឹកលើសទម្ងន់ ដែលនាំឲ្យផ្លូវស្រុត ឬខូច កុំចាក់ដីភូមិខ្ពស់ជាងផ្លូវ ដែលនាំឲ្យទឹកដក់ ឬហូរកាត់ផ្លូវនាំឲ្យផ្លូវច្រោះដាច់ប្រើប្រាស់មិនបានយូរអង្វែង៕

















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...