អភិបាលខេត្តព្រះវិហារ អំពាវនាវពលរដ្ឋរួមគ្នាផ្សព្វផ្សាយ និងទប់ស្កាត់ការចម្លងជំងឺអេដស៍

Posted By: RoogRog Robot | 08-Dec-2023 19:57:58

2023-12-08 07:55pm

(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ពិសេសក្រុមប្រឈមមុខខ្ពស់ ក្នុងចំណោមយុវជន និងអ្នកបម្រើសេវាកម្សាន្ដនានា ត្រូវយកចិត្តទុកដាក់ក្នុងការអប់រំផ្សព្វផ្សាយទាក់ទងនឹងការបង្ការ ថែទាំ ព្យាបាលជំងឺអេដស៍ និងកាមរោគដល់ប្រជាជនទូទៅ ជាពិសេសក្រុមដែលមានការប្រព្រឹត្តប្រឈមនឹងការឆ្លងមេរោគអេដស៍ ត្រូវចូលរួមអនុវត្តនូវវិធានការបង្ការ ការចម្លងមេរោគអេដស៍ឲ្យបានត្រឹមត្រូវ ដើម្បីសុខភាពផ្ទាល់ខ្លួន និងដើម្បីទប់ស្កាត់ការចម្លងថ្មី ដើម្បីឈានទៅបញ្ចប់ជំងឺអេដស៍ នៅឆ្នាំ២០២៥ ឲ្យបានជោគជ័យ។

ការថ្លែងអំពាវនាវរបស់លោកអភិបាលខេត្តព្រះវិហារ ក្នុងឱកាសដែលលោកអញ្ជើញចូលរួម ពិធីបញ្ចុះបឋមសិលាសាងសង់អគារព្យាបាលអ្នករស់នៅជាមួយមេរោគអេដស៍ ដោយឱសថប្រឆាំងមេរោគអេដស៍ ក្នុងបរិវេណមន្ទីរពេទ្យបង្អែកជាំក្សាន្ដ ស្ថិតក្នុងភូមិជាំក្សាន្ដ ឃុំជាំក្សាន្ដ ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣។

លោក គីម រិទ្ធី បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ ពិសេសស្រទាប់យុវជន ត្រូវនាំគ្នាអនុវត្តនូវវិធីសាស្ដ្រ មិត្តអប់រំមិត្ត ក្នុងការចាកឆ្ងាយពីគ្រឿងញៀន ភាពភ្លើតភ្លើនផ្លូវភេទ ដែលជាហានិភ័យខ្ពស់ នៃការឆ្លងមេរោគអេដស៍ និងជំងឺកាមរោគផ្សេងៗ។

ក្នុងករណីសង្ស័យថា បានប្រឈមនឹងមេរោគអេដស៍ ត្រូវស្វែងរកសេវា ផ្ដល់ប្រឹក្សា និងធ្វើតេស្ដមេរោគអេដស៍ឲ្យបានឆាប់បំផុត ដើម្បីទទួលបានការថែទាំសុខភាព និងត្រូវប្រើថ្នាំប្រឆាំងឲ្យបានត្រឹមត្រូវ ទៀតទាត់ និងជាប់លាប់។ លើសពីនេះទៀត ត្រូវចូលរួមលើកទឹកចិត្ត និងមិនរើសអើង ឬមាក់ងាយអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ឡើយ។

លោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារថា អគារព្យាបាលជំងឺអេដស៍នឹងកាមរោគ ដែលបញ្ចុះបឋមសិលាសាងសង់នាពេលនេះមានទំហំ ៧ម៉ែត្រ គុណ១៦ម៉ែត្រ ធ្វើអំពីថ្ម ប្រក់ស៊ីប្រូស៊ីម៉ង់តិ៍ ដែលនឹងចាប់ផ្ដើមសាងសង់នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣នេះ និងបញ្ចប់ការសាងសង់នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយចំណាយថវិកាអស់២៩,២៥៤ដុល្លារ ក្រោមជំនួយថវិការបស់មូលនិធិសកល តាមរយៈមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ៕
















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...