ក្រសួងសុខាភិបាល ក្រើនរំលឹកជាថ្មីពីការបង្ការការចម្លងជំងឺផ្ដាសាយ នារដូវធ្លាក់ខ្យល់ និងជំងឺកូវីដ១៩

Posted By: RoogRog Robot | 08-Dec-2023 20:51:40

2023-12-08 07:46pm

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសពីការបង្ការការចម្លងជំងឺផ្ដាសាយនារដូវធ្លាក់ខ្យល់ និងការឆ្លងជំងឺកូវីដ-១៩ ពិសេសអំពាវនាវក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ប​ន្ដប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺកូវីដ១៩។

តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានឱ្យដឹងថា បច្ចុប្បន្ននេះ វីរុសកូវីដ-១៩ មិនទាន់បាត់អស់ពីប្រទេសយើងនៅឡើយ។ យើងកំពុងរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូរីដ-១៩ ដោយសារយើងបានចាក់វ៉ាក់សាំងគ្រប់ៗគ្នា ដែលធ្វើឱ្យមាននូវភាពស៊ាំសហគមន៍នៅទូទាំងប្រទេសកម្ពុជា។

ក្រសួងសុខាភិបាលបានឱ្យដឹងទៀតថា ក្នុងពេលថ្មីៗនេះ នៅបណ្តាប្រទេសមួយចំនួននៅតំបន់អាស៊ាន ក៏មានការកើនឡើងដោយកន្លែងនូវការចម្លងជំងឺកូវីដ-១៩ឡើងវិញ។ ជាមួយគ្នានេះប្រព័ន្ធតាមដានជំងឺឆ្លងរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានបញ្ជាក់ពីការរកឃើញករណីជំងឺកូវីដ-១៩ជារឿយៗ នៅក្នុងចំណោមអ្នកជំងឺដែលមកទទួលសេវាសុខាភិបាលនៅតាមមន្ទីរពេទ្យ ដូចបានផ្សាយជូនក្នុងសេចក្ដីណែនាំក្រើនរំលឹក ស្តីពីប្រព័ន្ធរាយការណ៍ផ្លូវការរបស់ក្រសួងសុខាភិបាល។

ខាងក្រោមនេះជាវិធានការបង្ការនូវការចម្លងជំងឺផ្តាសាយ និងជំងឺកូវីដ-១៩៖

* អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការបង្ការការចម្លង គឺពាក់ម៉ាសក្នុងករណីមានបញ្ហាសុខភាពផ្លូវដង្ហើម និងលាងដៃឱ្យញឹកញាប់ជាមួយសាប៊ូ ឬអាល់កុល ឬជែលលាងដៃ។

* ត្រូវខ្ទប់មាត់ និងច្រមុះពេលក្អកកណ្តាស់ ដោយប្រើផ្នត់កែងដៃ ម៉ាស់ ក្រម៉ា កន្សែង ឬក្រដាសអនាម័យ រួចខ្ចប់បោះចោលក្នុងធុងសំរាមបិទជិត។

* ប្រសិនបើមានរោគសញ្ញាគ្រុនក្តៅ ក្អក ឈឺក្បាល ហៀរសំបោរ ពិបាកដកដង្ហើម សូមទៅស្វែងរកការពិគ្រោះយោបល់នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ឱ្យបានទាន់ពេលវេលា។

* អំពាវនាវដល់ប្រជាពលរដ្ឋបន្តទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ដូស ទាំងដូសមូលដ្ឋាន និងដូសជំរុញនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំរៀងៗខ្លួន ឱ្យបានសមស្របដើម្បីបង្កាការឆ្លងជំងឺកូវីដ-១៩។

ក្រសួងសុខាភិបាលនឹងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីព័ត៌មានទាក់ទងនឹងបញ្ហាសុខភាពសាធារណៈ តាមឆាណែលតេឡេក្រាម និងទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសុខាភិបាល ក៏ដូចជាទំព័រហ្វេសប៊ុកផ្លូវការរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងគេហទ៍ព័រ www.cdcmoh.gov.kh។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...