លោកស្រី ជា សិរី បញ្ជាក់ពីផលវិបាកដែលកើតឡើងពីការប្រែប្រួលអាកាសធាតុ និងដំណោះស្រាយចំពោះបញ្ហានេះ

Posted By: RoogRog Robot | 08-Dec-2023 19:16:01

2023-12-08 07:14pm

(ភ្នំពេញ)៖ លោកស្រី ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងថា ជាទូទៅ ផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុតែងប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋក្នុងវិស័យកសិកម្មដោយផ្ទាល់ និងវិស័យដទៃទៀតដោយប្រយោល ខណៈម្ហូបអាហារតំណាងឱ្យជាង៤៣%នៃកន្ត្រកទំនិញនិងសេវា ដែលក្រុមគ្រួសារនៅកម្ពុជាប្រើប្រាស់ជាប្រចាំ ដូចនេះផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុទៅលើវិស័យកសិកម្ម អាចបង្កជាបញ្ហាសន្តិសុខស្បៀង និងទំនិញឡើងថ្លៃ ដែលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជារួម។

ការបញ្ជាក់បែបនេះរបស់លោកស្រី ជា សិរី ក្នុងសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី១០ ស្តីពីហានិភ័យអាកាសធាតុ និងអន្តរកាលឆ្ពោះទៅកាន់សេដ្ឋកិច្ចបៃតង នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ដោយមានចូលពីអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា។

អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា គ្រោះមហន្តរាយបានកើតចេញឡើងជាបន្តបន្ទាប់ ដោយសារការប្រែប្រួលអាកាសធាតុ ដូចជា គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់ព្យុះ ដែលកើតមានកាន់តែញឹកញាប់ និងធ្ងន់ធ្ងរជាងមុន ព្រមទាំងបានបង្កជាវិបត្តិសុខភាព ស្បៀងអាហារ ការបាត់បង់អាយុជីវិត និងការខូចខាតហេដ្ឋារចនាសម្ពន្ធយ៉ាងដំណំ។ លើសពីនេះ ការប្រែប្រួលអាកាសធាតុមិនត្រឹមតែបង្កហានិភ័យជារូបវន្តប៉ុណ្ណោះទេ ថែមទាំងទៅលើសេដ្ឋកិច្ច និងសង្គមទាំងមូលដោយគ្មានព្រំដែន តាមរយៈវិស័យពាណិជ្ជកម្ម ការវិនិយោគ អតិផរណា អត្រាការប្រាក់ ភាពអត់ការងារធ្វើ រហូតដល់អស្ថិរភាពហិរញ្ញវត្ថុសេដ្ឋកិច្ចនិងសង្គមទាំងមូល។

លោកស្រីបានបញ្ជាក់ថា កម្ពុជាជាប្រទេសមួយដែលបញ្ចេញឧស្ម័នកាបូនទាប ប៉ុន្តែជាប្រទេសមួយដែលងាយរងគ្រោះនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសតាមរយៈវិស័យកសិកម្ម។

យោងតាមរបាយការណ៍ដែលទើបចេញផ្សាយកាលពីចុងខែតុលារបស់ធនាគារពិភពលោក កម្ពុជាកំពុងរងផលប៉ះពាល់ខ្លាំងពីការប្រែប្រួលអាកាសធាតុដោយសារភាពរាំងស្ងួត និងទឹកជំនន់បានកើតមានញឹកញាប់ និងខ្លាំងជាងមុន ដែលក្នុងនោះផលស្រូវបានបាត់បង់ប្រមាណ១០០លានដុល្លារអាមេរិក ដោយសារគ្រោះរាំងស្ងួតបណ្តាលមកពីបាតុភូត El Nino កាលពីឆ្នាំ២០១៩ ខណៈដែលប្រឈមនឹងបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ និងគ្រប់គ្រងផលវិបាកកើតចេញពីការប្រែប្រួលអាកាសធាតុ។

លោកស្រី ជា សិរី បានបន្តថា បញ្ហានេះក៏អាចនឹងរួមចំណែកបង្កើនវិសមភាពសង្គម និងធ្វើឱ្យក្រុមគ្រួសារ និងប្រជាពលរដ្ឋងាយរងគ្រោះធ្លាក់ចុះទៅក្រោមបន្ទាត់ក្រីក្រផងដែរ។ គ្រោះទឹកជំនន់នៅខែកញ្ញា ឆ្នាំ២០២២ បានប៉ះពាល់ខេត្តចំនួន១៤ និងប្រជាពលរដ្ឋប្រមាណ៤ម៉ឺន៥ពាន់គ្រួសារ។

បើតាមលោកស្រី ជា សិរី ដើម្បីឈានទៅកាត់បន្ថយការកើនឡើងកម្ដៅឱ្យស្ថិតនៅទាបជាង២អង្សាសេ និងល្អបំផុតត្រឹម១.៥អង្សាសេ ស្របតាមគោលដៅនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ២០១៨ ពិភពលោកចាំបាច់ត្រូវកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបានយ៉ាងតិច៤៥% នៅត្រឹមឆ្នាំ២០៣០ ធៀបនឹងឆ្នាំ២០១៩ និងឆ្ពោះទៅកាន់អព្យាក្រឹតកាបូនឱ្យបានត្រឹមឆ្នាំ២០៥០ ពោលត្រូវលុបបំបាត់ការបញ្ចេញឧស្ម័នកាបូន ឬរាល់ការបញ្ចេញឧស្ម័នកាបូនទៅក្នុងបរិយាកាស ត្រូវស្រូបយកមកវិញឱ្យស្មើសូន្យ៕










News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...