ឥណ្ឌា ទំនងជានៅតែហាមឃាត់នាំចេញអង្ករដដែល រហូតដល់បោះឆ្នោតឆ្នាំក្រោយ

Posted By: RoogRog Robot | 21-Nov-2023 09:40:57

2023-11-21 09:33am

(ញូវដែលី)៖ ឥណ្ឌាដែលជាប្រទេសនាំចេញអង្ករច្រើនជាងគេ ក្នុងពិភពលោករំពឹងថានឹងរក្សាវិធានការទប់ស្កាត់ការនាំចេញនៅដដែល រហូតដល់ឆ្នាំក្រោយ ដែលទំនងជារក្សាតម្លៃអង្ករ ឱ្យនៅជិតកម្រិតខ្ពស់បំផុត គិតចាប់តាំងពីកើតមានវិបត្តិស្បៀង អាហារឆ្នាំ២០០៨។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

តម្លៃអង្ករទាប និងការស្តុកទុកអង្ករដ៏ច្រើន បានធ្វើឱ្យប្រទេសឥណ្ឌាក្លាយ ជាប្រទេសនាំចេញធំជាងគេក្នុងពិភពលោក ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ដែលថ្មីៗនេះមានចំនួនជិត ៤០% នៃចំនួនសរុប។ ប្រទេសអាហ្វ្រិកផ្សេងទៀត ដូចជាប្រទេសបេនីន និងសេណេហ្គាល់គឺជាអ្នកទិញធំៗក្នុងពិភពលោក។

ប៉ុន្តែនាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារ៉េនដ្រា ម៉ូឌី (Narendra Modi) ដែលនឹងឈរឈ្មោះបោះឆ្នោត ឡើងវិញនៅឆ្នាំក្រោយ បានរឹតបន្តឹងម្តងហើយម្តងទៀតលើការនាំចេញក្នុងគោលបំណងទប់ស្កាត់ការកើនឡើងតម្លៃក្នុងស្រុក និងការពារអ្នកប្រើប្រាស់ឥណ្ឌា។

លោក Sonal Varma ប្រធានសេដ្ឋវិទូប្រចាំប្រទេសឥណ្ឌា និងអាស៊ីនៅក្រុមហ៊ុន Nomura Holdings Inc បានទីភ្នាក់ងារព័ត៌មាន Bloomberg ថា៖ <<ដរាបណាតម្លៃអង្ករក្នុងស្រុកប្រឈមនឹងសម្ពាធកើនឡើង ការរឹតបន្តឹងទំនងជានឹងនៅដដែល។ វិធានការទាំងនេះទំនងជាត្រូវបានពង្រីកទៀតផង>>។

ប្រទេសឥណ្ឌាបានដកហូរពន្ធ លើការនាំចេញនិងកំណត់តម្លៃអប្បបរមា ខណៈអង្ករសបាក់ និងអង្ករមិនមែនបាសម៉ាទីត្រូវបានហាមឃាត់នាំចេញ។ តម្លៃបានកើនឡើងដល់កម្រិតខ្ពស់រយៈពេល ១៥ឆ្នាំកាលពីខែសីហាដោយសារវិធានការនេះ ដោយអ្នកទិញមកពីប្រទេសនាំចូលដែលងាយរងគ្រោះបំផុតផ្អាកការទិញ។ អតិថិជនខ្លះបានព្យាយាមស្នើសុំការអនុគ្រោះ។ នៅក្នុងខែតុលា អង្ករនៅតែមានតម្លៃខ្ពស់ជាងតម្លៃកាលពីមួយឆ្នាំមុន ២៤% នេះបើយោងតាមអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ។

លោក B.V. Krishna Rao ប្រធានសមាគមអ្នកនាំចេញអង្ករឥណ្ឌា ដែលតំណាងឱ្យក្រុមហ៊ុននាំចេញរបស់ប្រទេសឥណ្ឌា បានប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg ថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ម៉ូឌី ចង់ធានាបាននូវកាផ្គត់ផ្គង់គ្រប់គ្រាន់ នៅក្នុងប្រទេស និងរក្សាតម្លៃមិនឱ្យកើនឡើង។ លោកថ្លែងថា រដ្ឋាភិបាលឥណ្ឌាទំនងជានឹងរក្សាការរឹតបន្តឹងការនាំចេញ រហូតដល់ការបោះឆ្នោតនៅឆ្នាំក្រោយ។

លោក Joseph Glauber អ្នកឯកទេសជាន់ខ្ពស់នៅវិទ្យាស្ថានស្រាវជ្រាវ គោលនយោបាយអាហារអន្តរជាតិ នៅទីក្រុងវ៉ាស៊ីនតោនបានថ្លែងថា៖ <<អង្ករពិបាករកណាស់ដោយសារ តែមិនមានអ្នកផ្គត់ផ្គង់ផ្សេងទៀតច្រើនទេ>>។ លោកបានបន្ថែមថា ការហាមឃាត់នាំចេញរបស់ប្រទេសឥណ្ឌា <<បង្កឱ្យខ្វះខាតអង្ករយ៉ាងច្រើន>>។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម និងស្បៀងអាហារឥណ្ឌាបាននិយាយថា រដ្ឋាភិបាលឥណ្ឌាកំពុងឃ្លាំមើលជានិច្ចទៅលើតម្លៃម្ហូបអាហារ ហើយការសម្រេចចិត្តសមស្របមួយលើការនាំចេញនឹងត្រូវធ្វើឡើងនៅពេលដ៏ត្រឹមត្រូវ ដោយតម្កល់ផលប្រយោជន៍អ្នកប្រើប្រាស់និងកសិករជាអាទិភាព។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...