នាយករដ្ឋមន្ត្រីអង់គ្លេស លោក Sunak ត្រូវបានរាយការណ៍ដោយធ្លាប់និយាយថា «ទុកឱ្យប្រជាជនអង់គ្លេសស្លាប់ចុះ អំឡុងកូវីដ១៩»

Posted By: RoogRog Robot | 21-Nov-2023 09:34:39

2023-11-21 09:29am

(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak ត្រូវបានដកស្រង់សម្ដីដោយនិយាយថារដ្ឋាភិបាលអង់គ្លេសគួរតែបណ្ដោយឱ្យប្រជាជនស្លាប់ អំឡុងការឆ្លងរាតត្បាតកូវីដ១៩ ជាជាងដាក់ចេញវិធានការបិទខ្ទប់ប្រទេសជាលើកទី២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។

ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើកំណត់ហេតុមួយរបស់លោក Patrick Vallance ដែលធ្លាប់ជាប្រធានទីប្រឹក្សា វិទ្យាសាស្ត្ររបស់រដ្ឋាភិបាលអង់គ្លេស អំឡុងការឆ្លងរាតត្បាតកូវីដ១៩។ លោក Patrick Vallance បានកត់ត្រាកំណត់ហេតុនេះកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងកិច្ចប្រជុំមួយមានការចូលរួមពីអតីតនាយករដ្ឋមន្ត្រី លោក Boris Johnson និងលោក Sunak ដែលនៅពេលនោះកាន់តំណែងជា រដ្ឋមន្ត្រីហិរញ្ញវត្ថុ។

តាមកំណត់ហេតុនេះដដែលដែលត្រូវបានទម្លាយឱ្យដឹងកាលពីថ្ងៃចន្ទដើមសប្ដាហ៍ លោក Vallance បានតក់ត្រាសម្ដីរបស់លោក Dominic Cummings ជា ទីប្រឹក្សាជាន់ខ្ពស់ម្នាក់របស់លោក Johnson ដែលបានអះអាងថា <<លោក Sunak មានគំនិតចង់ទុកឱ្យប្រជាជនអង់គ្លេសស្លាប់ គឺល្អប្រសើរជាងដាក់ចេញ វិធានការបិទខ្ទប់ប្រទេស>>។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យម្នាក់របស់លោក Sunak បាននិយាយថាលោកនាយករដ្ឋមន្ត្រីអង់គ្លេស នឹងបញ្ជាក់ពីគោលជំហររបស់លោកជាមួយការផ្ដល់ ភស្តុតាង ក្នុងពេលឆាប់ៗ ខណៈការស៊ើបអង្កេតមួយកំពុងធ្វើឡើងជុំវិញការចាត់វិធានការឆ្លើយតបរបស់រដ្ឋាភិបាលអង់គ្លេស ទៅនឹងការឆ្លងរាតត្បាត កូវីដ១៩ ដែលបានបង្កការខូចខាតយ៉ាងធំដល់សេដ្ឋកិច្ច និងសម្លាប់មនុស្សជាង ២២០,០០០នាក់ នៅក្នុងចក្រភពអង់គ្លេស៕


រូបភាពពី Reuters

News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...