(សេអ៊ូល)៖ កងទ័ពជើងទឹកកូរ៉េខាងត្បូង បាននិយាយថានាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក Carl Vinson បានធ្វើដំណើរទៅដល់កំពង់ផែមួយនៃទីក្រុង Busan ហើយ នៅថ្ងៃអង្គារ ទី២១ ខែវិច្ឆិកានេះ ក្នុងគោលបំណងបង្ហាញសាច់ដុំកំញើញប្រឆាំងនឹងកម្មវិធីមីស៊ីល និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការធ្វើដំណើរមកដល់របស់នាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក កើតមានឡើង ក្នុងថ្ងៃតែមួយដែលឆ្មាំសមុទ្រជប៉ុនឱ្យដឹងថាកូរ៉េខាងជើងបានជូនដំណឹង ដល់ទីក្រុងតូក្យូជាមុនពីគម្រោងបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍ជាលើកទី៣ នៅចន្លោះពីថ្ងៃទី២២ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោកឧត្តមនាវីត្រីកូរ៉េខាងត្បូង Kim Ji-hoon បានកត់សម្គាល់ថាការមកដល់នៃនាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក Carl Vinson បានបង្ហាញពីជំហរការពារជាតិរួមគ្នាដ៏រឹងមាំ និងឆន្ទៈរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងនៃមីស៊ីល និងអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង។
គួរបញ្ជាក់ថា ប្រសិនបើគម្រោងបាញ់បង្ហោះផ្កាយរណបរបស់កូរ៉េខាងជើង ពិតជាកើតឡើងមែន នោះវានឹងក្លាយជាការប៉ុនប៉ងបាញ់បង្ហោះផ្កាយរណប ស៊ើបការណ៍ជាលើកទី៣ នៅក្នុង ឆ្នាំ២០២៣នេះ ក្រោយបរាជ័យ ២លើកកន្លងមកនេះកាលពីខែឧសភា និងខែសីហាកន្លងទៅនេះដោយគ្រាប់រ៉ុក្កែតពាំ ផ្កាយរណបទាំង២ សុទ្ធតែធ្លាក់ចូលក្នុងសមុទ្រ។
គម្រោងបាញ់បង្ហោះផ្កាយរណបនេះក៏នឹងក្លាយជាលើកដំបូងដែរ ចាប់តាំងពីលោក គីម ជុងអ៊ុន ធ្វើទស្សនកិច្ចទៅកាន់តំបន់ចុងបូព៌ានៃប្រទេសរុស្ស៉ី ជាទីដែលលោកបានជួបប្រធានាធិបតីរុស្ស៉ី លោក ពូទីន កាលពីខែកញ្ញា និងទទួលបានការសន្យា ពីលោក ពូទីនដែលថារុស្ស៉ីនឹងជួយទីក្រុងព្យុងយ៉ាង អភិវឌ្ឍផ្កាយរណប៕
រូបភាពពី Reuters
News Source: freshnewsasia.com