កូរ៉េខាងជើង ជូនដំណឹងជប៉ុនជាមុនពីគម្រោងបាញ់បង្ហោះផ្កាយរណប ជាលើកទី៣

Posted By: RoogRog Robot | 21-Nov-2023 09:53:47

2023-11-21 08:49am

(តូក្យូ)៖ ឆ្មាំសមុទ្រជប៉ុន នៅថ្ងៃអង្គារ ទី២១ ខែវិច្ឆិកានេះ បានឱ្យដឹងថាកូរ៉េខាងជើងបានជូនដំណឹងដល់ទីក្រុងតូក្យូជាមុនពីគម្រោងបាញ់បង្ហោះ ផ្កាយរណប នៅចន្លោះពីថ្ងៃទី២២ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ប្រសិនបើគម្រោងនេះពិតជាកើតឡើងមែន នោះវានឹងក្លាយជាការប៉ុនប៉ងបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍ជាលើកទី៣ របស់កូរ៉េខាងជើង នៅក្នុង ឆ្នាំ២០២៣ នេះ ក្រោយបរាជ័យ ២លើកកន្លងមកនេះកាលពីខែឧសភា និងខែសីហាកន្លងទៅនេះ​ដោយគ្រាប់រ៉ុក្កែតពាំផ្កាយរណបទាំង២ សុទ្ធតែ ធ្លាក់ចូលក្នុងសមុទ្រ។ គម្រោងបាញ់បង្ហោះផ្កាយរណបនេះក៏នឹងក្លាយជាលើកដំបូងដែរ ចាប់តាំងពីលោក គីម ជុងអ៊ុន ធ្វើទស្សនកិច្ចទៅកាន់តំបន់ចុង បូព៌ានៃប្រទេសរុស្ស៉ី ជាទីដែលលោកបានជួបប្រធានាធិបតីរុស្ស៉ី លោក ពូទីន កាលពីខែកញ្ញា និងទទួលបានការសន្យាពីលោក ពូទីនដែលថារុស្ស៉ីនឹង ជួយទីក្រុងព្យុងយ៉ាងអភិវឌ្ឍផ្កាយរណប។

ឆ្មាំសមុទ្រជប៉ុនបានបង្ហោះសេចក្ដីជូនដំណឹងពីកូរ៉េខាងជើង នៅលើគេហទំព័ររបស់ខ្លួន ហើយព្រមពេលជាមួយគ្នា នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៊ីដា បានប្រាប់អ្នកសារព័ត៌មានថាលោកបានបញ្ជាឱ្យគ្រប់ក្រសួង និងទីភ្នាក់ងារនៃរដ្ឋាភិបាលជប៉ុន ប្រឹងប្រែងឱ្យអស់ពីលទ្ធភាពក្នុងការប្រមូល ព័ត៌មាន និងផ្ដល់ព័ត៌មានដល់ប្រជាជនជប៉ុន។ លោក គីស៊ីដា បន្ថែមថារាល់ការប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលបាលិស្ទីគ គឺជាការរំលោភបំពានលើ ដំណោះស្រាយ UN​ ហើយថាជប៉ុនកំពុងសម្របសម្រួលជាមួយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដើម្បីចាត់វិធានការឆ្លើយតប។

គួរបញ្ជាក់ថា ការជូនដំណឹងពីគម្រោងបាញ់បង្ហោះផ្កាយរណបខាងលើ កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយកូរ៉េខាងជើងបានថ្កោលទោស សហរដ្ឋអាមេរិក ចំពោះការអនុម័តផែនការលក់មីស៊ីលទៅឱ្យកូរ៉េខាងត្បូង និងជប៉ុន ដោយចាត់ទុកថានេះជាទង្វើប្រកបដោយគ្រោះថ្នាក់ដែលនឹងបង្ក ឱ្យមានភាពតានតឹង និងការរង់ប្រណាំងសព្វាវុធនៅក្នុងតំបន់៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...