អភិបាលខេត្តកំពត អំពាវនាវដល់បុគ្គលិក កម្មករ កម្មការនីរោងចក្រ និងពលរដ្ឋ ទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា

Posted By: RoogRog Robot | 01-Apr-2023 20:43:42

2023-04-01 07:42pm

(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានអំពាវនាវដល់បុគ្គលិក កម្មករ កម្មការនីរោងចក្រទាំងអស់ ពិសេសប្រជាពលរដ្ឋនៅទូទាំងខេត្តត្រូវទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ដើម្បីគាំទ្រអ្នកដែលខិតខំស្វះស្វែងរកសន្តិភាព ផ្តល់ភាពសុខដុមរមនាជូនជាតិជូនប្រជាជនបន្តទៀត។

ការអំពាវនាវដូចនេះខណៈលោក ម៉ៅ ធនិន ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ និងអ្នកពាក់ព័ន្ធក្រោមឱវាទ ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបុគ្គលិក កម្មករ កម្មការនី រោងចក្រឃីមីហ្គាមែន និងរោងចក្រ JIA ស្ថិតនៅភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣។

នាឱកាសសំណេះសំណាល និងសាកសួរសុខទុក្ខនោះដែរ លោក ម៉ៅ ធនិន ក៏បានធ្វើការកោតសរសើរ ដល់បុគ្គលិក កម្មករ កម្មការនីរោងចក្រទាំងអស់ ដែលបានធ្វើជាគំរូល្អ តាមរយៈបំពេញកិច្ចការងារ គោរពតាមលក្ខខន្តិកៈការងារ និងបទបញ្ជាផ្ទៃក្នុងផ្សេងៗ របស់រោងចក្របានល្អនាពេលកន្លងមក។

ទន្ទឹមនឹងនេះលោកអភិបាលខេត្ត ក៏បានស្នើដល់បុគ្គលិក និងកម្មករ កម្មការនីរោងចក្រទាំងអស់បន្តរក្សាភាពល្អប្រសើរនេះតទៅទៀត ដើម្បីទាក់ទាញអ្នកវិនិយោគ ឱ្យមកកាន់តែច្រើនបន្ថែមទៀត ដើម្បីប្រជាពលរដ្ឋក្នុងខេត្តកំពត មានឱកាសទទួលបានការងារកាន់តែច្រើនបន្ថែមទៀតផងដែរ។

លោក អុឹង ប៉ូហេង ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពត បានលើកឡើងក្នុងរបាយការណ៍ថា ក្រោមការយកចិត្តទុកដាក់ របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ បុគ្គលិក កម្មករ កម្មការនី នៅក្នុងខេត្តកំពត ទទួលបាននូវការការពារសិទ្ធិ និងការគាំពារផ្សេងៗ ស្របទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ហើយកន្លងមក ក៏មិនធ្លាប់ដែលមានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះឡើយ។

ក្រោយពីបញ្ចប់ការសំណេះសំណាល និងសួរសុខរួចមក លោកអភិបាលខេត្តកំពត ក៏បានធ្វើការចាប់ឆ្នោតយករង្វាន់ ដើម្បីផ្ដល់ជូនបុគ្គលិក កម្មករ កម្មការនីរោងចក្រឃីមីហ្គាមែន និងរោងចក្រ JIA ដែលបានត្រូវរង្វាន់ផ្សេងៗរួមរួមមាន៖ រង្វាន់​ ម៉ូតូចំនួន​ ១៥រង្វាន់, កង្ហារចំនួន​ ២៥រង្វាន់, ឆ្នាំងដាំបាយ ចំនួន​ ១០រង្វាន់ និងកង់ ចំនួន​ ១០រង្វាន់៕




























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...