ទីបំផុត! លទ្ធផលនៃការតភ្ជាប់បង្ហាញច្បាស់ថា ព្រះហស្តទាំងពីរនេះពិតជារបស់ព្រះបាទជ័យវម៌្មទី៧

Posted By: RoogRog Robot | 28-Jan-2023 14:30:28

2023-01-28 01:23pm

(ភ្នំពេញ)៖ ទីបំផុត ! លទ្ធផលនៃការតភ្ជាប់ដោយប្រើបច្ចេកទេស បានបង្ហាញយ៉ាងច្បាស់ថា ព្រះហស្តទាំងពីរ ដែលខាងស្តាំងរកឃើញក្នុងឆ្នាំ១៩៩០ និងខាងឆ្វេងរកឃើញក្នុងឆ្នាំ១៩២៤ គឺ ជារបស់ព្រះបាទជ័យវម៌្មទី៧ ហើយនេះ គឺជារឿងត្រេកអរជាពន់ពេក។ នេះបើតាមលោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីរ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣។

បំណែករូបព្រះបាទជ័យវម៌្មទី៧ រកឃើញដោយលោក Henri Marchal នាឆ្នាំ១៩២៤ ហើយបានយកមករក្សាទុកនៅអភិរក្សដ្ឋានអង្គរនៅឆ្នាំ១៩៣១។ ក្រោយមកលោក Georges Groslier បានដឹកយកមករក្សាទុកនៅសារមន្ទីរជាតិ និងផ្គុំឡើងវិញនៅចុងឆ្នាំ១៩៣៤។ លុះដល់ឆ្នាំ១៩៩៨ ក្រុមការងារអភិរក្ស និងជួសជុលនៃសារមន្ទីរជាតិសង្កេតឃើញថា ការផ្គុំភ្ជាប់ឡើងវិញនោះមិនត្រឹមត្រូវទេ ទើបសម្រេចរុះរើ និងអភិរក្សជួសជុលឡើងវិញតាមបទដ្ឋានបច្ចេកទេស រហូតបញ្ចប់ក្នុងឆ្នាំ១៩៩៩។

បំណែកព្រះហស្តស្តាំនៃរូបព្រះបាទជ័យវម៌្មទី៧ រកឃើញនៅក្នុងឆ្នាំ១៩៩០ ដោយឡែកបំណែកកំណាត់ដើមដៃឆ្វេងរកឃើញក្នុងឆ្នាំ១៩២៤ ប៉ុន្តែបំណែកទាំងពីរនេះ អ្នកស្រាវជ្រាវខ្មែរលោកបណ្ឌិត មីសែល ត្រាណេ បានផ្តល់សម្មតិកម្មដំបូងថា បំណែកទាំងពីរនេះជាបំណែកព្រះហស្ដរបស់ ព្រះបាទជ័យវម៌្មទី៧ ប៉ុន្តែលោកគ្មានឱកាសក្នុងការយកមកសាកល្បង តភ្ជាប់ជាមួយរូបព្រះអង្គនៅសារមន្ទីរជាតិឡើយ។

សម្មតិកម្មនេះ បានបញ្ជាក់ច្បាស់នាឆ្នាំ២០១៩ ពីក្រុមស្រាវជ្រាវបារាំងបានប្រើប្រាស់បច្ចេកវិទ្យា 3D ស្កេនសាកល្បងតភ្ជាប់។ ការតភ្ជាប់ដោយបច្ចេកវិទ្យានេះ បង្ហាញថាបំណែកដៃទាំងពីរពិតជារបស់ព្រះបាទជ័យវម៌្មទី៧ ពិតប្រាកដមែន ព្រោះស្នាមតំណដែលបែកបាក់នោះត្រួតស៊ីគ្នាល្អស្ទើរ១០០%។

បន្ទាប់ពីមានការផ្សព្វផ្សាយលទ្ធផលនៃការសាកល្បងតភ្ជាប់ដោយបច្ចេកវិទ្យា 3D រួចមក ថ្នាក់ដឹកនាំសារមន្ទីរជាតិ បានសម្រេចស្នើសុំយកបំណែកព្រះហស្ដទាំងពីរនេះ មករក្សាទុកនៅសារមន្ទីរក្នុងឆ្នាំ២០២១ ដើម្បីសាកល្បងតភ្ជាប់ជាមួយនឹងរូបរបស់ព្រះអង្គផ្ទាល់។

លុះដល់ខែមករា ឆ្នាំ២០២៣ ក្រុមការងាររោងជាងនិងអភិរក្សថ្ម បានសាកល្បងយកព្រះហស្ដទាំងពីរនេះមកតភ្ជាប់ ដើម្បីបញ្ជាក់ពីសម្មតិកម្មនាពេលកន្លងមក និងធ្វើការអង្កេតវាយតម្លៃ ពិភាក្សាដើម្បីរកបច្ចេកទេសក្នុងការតភ្ជាប់ព្រហស្ដទាំងពីរនាពេលអនាគត។

គោលបំណងនៃការអភិរក្ស និងជួសជុលនេះ ប្រយោជន៍លើកតម្កើងកិត្យានុភាព និងរំឮកគុណូបការពុំអាចកាត់ថ្លៃបានរបស់ព្រះមហាវីរក្សត្រនាសម័យអង្គរ ដែលបានបូជាកម្លាំងកាយចិត្តសម្រាប់ការពារកម្ពុជទេសនៃយើង។

បើតាមលោក ឆាយ វិសុទ្ធ នេះគឺជាការប្រើបច្ចេកទេសក្នុងការផ្គុំ ចំពោះការផ្គុំជាក់ស្តែង ត្រូវរង់ចាំការសម្រេចពីថ្នាក់ដឹនាំ និងមតិមហាជនសិន ដើម្បីឲ្យការងារនេះរួចរាល់ និងត្រឹមត្រូវបំផុត៕








News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...