នាវិក២នាក់ស្លាប់ និង៩នាក់បាត់ខ្លួន ក្រោយកប៉ាល់ដឹកទំនិញលិចក្បែរប្រទេសជប៉ុន

Posted By: RoogRog Robot | 25-Jan-2023 18:46:10

2023-01-25 05:44pm

(តូក្យូ)៖ កងកម្លាំងឆ្មាំសមុទ្រជប៉ុនបានឱ្យដឹងថា នាវិកចំនួន១៣នាក់ត្រូវបានជួយសង្រ្គោះ បន្ទាប់ពីកប៉ាល់ដឹកទំនិញមួយគ្រឿង បានលិចនៅក្បែរភាគនិរតីនៃប្រទេសរបស់ខ្លួន នាថ្ងៃពុធនេះ កំលុងព្យុះរដូវរងាដ៏ខ្លាំងក្លាមួយ ប៉ុន្តែ២នាក់ក្នុងចំណោមនោះ ទើបតែ​បានបាត់បង់ជិវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០២៣។

កប៉ាល់ដឹកឈើមានឈ្មោះថា ជីនធាន (Jiantian) ដែលចុះបញ្ជីនៅទីក្រុងហុងកុង បានប្រកាសអាសន្នកាលពីយប់ជ្រៅថ្ងៃអង្គារ ហើយបានលិចនៅវេលាម៉ោងជិត ៣រំលងអធ្រាត្រឈានចូលថ្ងៃពុធនេះ។ មាននាវិកសរុបចំនួន២២នាក់ ធ្វើដំណើរលើនាវានោះ ដែលសុទ្ធតែជាជនជាតិចិនឬក៏មីយ៉ាន់ម៉ា។ ខណៈនេះ ក្រុមសង្រ្គោះកំពុងតាមស្វែងរកនាវិក៩នាក់ទៀត ដែលបាត់ខ្លួននៅឡើយ។

គួរបញ្ជាក់ថា តំបន់ភាគនិរតីប្រទេសជប៉ុន បានទទួលរងការវាយលុកពីព្យុះរដូវរងាធ្ងន់ធ្ងរ តាំងពីថ្ងៃអង្គារសប្តាហ៍នេះ។ សម្រាប់​ទីតាំងដែលកប៉ាល់ខាងលើបានលិច គឺស្ថិតនៅចន្លោះកោះគ្យូស៊ុ (Kyushu) របស់ជប៉ុន ហើយនិងកោះចេជូ (Jeju) របស់កូរ៉េខាងត្បូង៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...