រាជរដ្ឋាភិបាល ត្រៀមកងកម្លាំងសមត្ថកិច្ចជាង២ម៉ឺននាក់ ដើម្បីការពារសុវត្ថិភាព ក្នុងព្រឹត្តិការណ៍ស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

Posted By: RoogRog Robot | 25-Jan-2023 17:39:50

2023-01-25 05:38pm

(ភ្នំពេញ)៖ សម្រាប់ការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខនោះ រាជរដ្ឋាភិបាលកម្ពុជា នឹងប្រើប្រាស់កងកម្លាំងប្រមាណជាង២ម៉ឺននាក់ ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាដ៏ធំមួយនេះ។

នេះជាការឲ្យដឹងពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មការសន្ដិសុខ និងសណ្ដាប់ធ្នាប់ នៃគណៈកម្មាធិការជាតិ CAMSOC នៅក្នុងកិច្ចប្រជុំនារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ ដើម្បីផ្សព្វផ្សាយផែនការការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងពិធីប្រកួតកីឡាអាស៊ីអាគ្នេយ៍ SEA Games លើកទី៣២ និងកីឡាជនពិការប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ នេត សាវឿន បានអះអាងថា គោលបំណងទីមួយ ត្រូវធានាដាច់ខាតសុវត្ថិភាព និងសន្ដិសុខទាំងស្រុង នៅពេលប្រារព្ធពិធីប្រកួតកីឡាស៊ីហ្គេមនិងកីឡាអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា ទាំងមុន និងក្រោយការប្រកួត។ គោលបំណងទីពីរ លើកកិត្យានុភាពរបស់ប្រទេសកម្ពុជា នៅលើឆាកអន្ដរជាតិ។

នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានសំណូមពរដល់អាជ្ញាធររាជធានី-ខេត្តទាំងអស់ ត្រូវសហការគ្នាពង្រឹងសុវត្ថិភាព និងសន្ដិសុខ ដើម្បីឲ្យកម្ពុជាទទួលបានជោគជ័យក្នុងរៀបចំធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងកីឡាជនពិការប៉ារ៉ាហ្គេម។ ជាពិសេសអាជ្ញាធររាជធានី-ខេត្ត ត្រូវត្រៀមលក្ខណៈគ្រប់បែបយ៉ាង ដើម្បីទប់ស្កាត់ និងគ្រប់គ្រងពួកឧបាយកលអមិត្តនានា។

សូមជម្រាបថា នៅសល់តែ១០០ថ្ងៃទៀតប៉ុណ្ណោះ នឹងដល់ពេលវេលាដែលកម្ពុជា ទទួលភារកិច្ចរៀបចំការប្រកួតកីឡា អាស៊ីអាគ្នេយ៍ ឬស៊ីហ្គេមហើយ។ នេះជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់កម្ពុជា បន្ទាប់ពីរង់ចាំអស់រយៈពេលប្រមាណ៦៤ឆ្នាំមកហើយ។

ការប្រកួតកីឡាស៊ីហ្គេម ត្រូវបានរៀបចំឡើងដំបូងនៅទីក្រុងបាងកក ប្រទេសថៃ កាលពីខែធ្នូ ឆ្នាំ១៩៥៩។ កីឡានេះរៀបចំប្រកួតរៀងរាល់ពីរឆ្នាំ ម្តង ដោយប្រទេសជាសមាជិកទាំង១១ ផ្លាស់ប្តូរវេនគ្នាធ្វើជាម្ចាស់រៀបចំការ ប្រកួតនេះ។

កម្ពុជាជាសមាជិកចាប់តាំងពីកីឡានេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥៨។ កម្ពុជា ត្រូវទទួលភារកិច្ចជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍នេះជាច្រើន លើកហើយ តែដោយសារវិបត្តិនយោបាយ សង្គ្រាម និងស្ថានភាពសេដ្ឋកិច្ច ធ្វើឲ្យកម្ពុជាបោះបង់ភារកិច្ចជាម្ចាស់ផ្ទះរៀបចំការប្រកួតនេះជាបន្តបន្ទាប់។

ក្នុងនោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសុំការយោគយល់ពីបណ្តាប្រទេសសមាជិកគណៈកម្មការកីឡានេះ មិនរៀបចំការប្រកួតនេះជាច្រើនលើកមកហើយ ព្រោះកម្ពុជាមិនទាន់មានលទ្ធភាព ហើយត្រូវការថវិកាដើម្បីអភិវឌ្ឍន៍ប្រទេស។

ទើបតែនៅឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចចិត្តទទួលយកភារកិច្ចរៀបចំការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍នេះ បន្ទាប់ពីកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ទាំងផ្នែក ហេដ្ឋារចនាសម្ព័ន្ធ កីឡាបម្រើការប្រកួត ធនធានថវិកា និងធនធានមនុស្ស។

ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា នឹងប្រព្រឹត្ដទៅចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ រីឯការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា ចាប់ផ្ដើមការប្រកួតពីថ្ងៃទី៣-០៩ ខែមិថុនា ឆ្នាំ២០២៣។

រាប់ចាប់ពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះទៅ នៅសល់តែ ១០០ថ្ងៃទៀតប៉ុណ្ណោះ។ ដើម្បីបំផុសស្មារតីប្រជាពលរដ្ឋខ្មែរនៅទូទាំង ប្រទេសឱ្យចូលរួមអបអរសាទរក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចរៀបចំព្រឹត្តិការណ៍រាប់ថយក្រោយ ឆ្ពោះទៅកាន់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម នៅល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...