អ្នកនាំពាក្យអយ្យការ៖ ជនបង្កបើករថយន្ដទាំងស្រវឹង បុកមនុស្សស្លាប់លើស្ពានជ្រោយចង្វារ នាំឲ្យចែកចាយព្រោងព្រាតតាមបណ្តាញសង្គម ត្រូវរងការចោទប្រកាន់, តុលាការចេញដីកាបញ្ជាឲ្យចូលខ្លួន តែជនបង្កមិនព្រមចូល

Posted By: RoogRog Robot | 25-Jan-2023 18:16:37

2023-01-25 05:10pm

(ភ្នំពេញ)៖ អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ បង្ហាញអំពីចំណាត់ការតាមផ្លូវច្បាប់ទៅលើអ្នកបើកបរម្នាក់ ដែលស្ថិតក្នុងស្ថានភាព ស្រវឹង ហើយបុកម៉ូតូមួយគ្រឿង បណ្ដាលឲ្យទារកអាយុ៦០ថ្ងៃម្នាក់ស្លាប់ និងពីរនាក់ទៀតរងរបួស កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចលើស្ពានជ្រោយចង្វារចាស់ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលករណីនេះត្រូវបានគេចែកចាយព្រោងព្រាតនៅលើបណ្តាញសង្គម។

ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានអ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអះអាងថា ក្រោយពីទទួលបានសំណុំរឿងពីមន្ដ្រីនគរបាលយុត្តិធម៌ នៃការិយាល័យនគរបាល ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងពាក្យបណ្ដឹងផ្ទាល់របស់ភាគីជនរងគ្រោះ តំណាងអយ្យការបានធ្វើការស៊ើបអង្កេតដោយបានស្តាប់ចម្លើយភាគីពាក់ព័ន្ធ និងបានចេញដីកាបញ្ជាឲ្យចូលខ្លួនលើជនបង្ក គ្រោះថ្នាក់ ចរាចរណ៍ឈ្មោះ សោម ណូរីទីឃា ប៉ុន្តែជននេះនៅតែមិនត្រូវបាននាំមកនៅចំពោះមុខអយ្យការដើម្បីស្តាប់ចម្លើយអំពីអង្គហេតុខាងលើ។

បើតាមអ្នកនាំពាក្យ, ក្រោយពីបានស៊ើបអង្កេតចប់សព្វគ្រប់ ព្រមទាំងបានពិនិត្យលើភស្តុតាងនានាក្នុងសំណុំរឿង តំណាងអយ្យការបានបើកការស៊ើបសួរលើអង្គហេតុគ្រោះថ្នាក់ចរាចរណ៍លើឈ្មោះ សោម ណូរីទីឃា ពីបទ <<បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្នបណ្តាលឲ្យស្លាប់ និងមានរបួសដល់អ្នកដទៃ>> ប្រព្រឹត្តនៅចំណុចលើស្ពានជ្រោយចង្វារចាស់ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ តាមបញ្ញត្តិមាត្រា៨៣ និងមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

មាត្រា៨៣ ចែងថាជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវ បណ្តាលឲ្យរបួសដល់អ្នកដ៏ទៃ ស្ថិតក្នុងស្ថានភាពស្រវឹង ដោយអត្រាជាតិអាកុលចាប់ពី០,៤០ (សូន្យក្បៀសសែសិប) មិល្លីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨០ (សូន្យក្បៀសប៉ែតសិប) ក្រាមក្នុងមួយលីត្រឈាមឡើងទៅបណ្ដាលឲ្យមានរបួសច្រើននាក់ អំពើល្មើសខាងលើនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១(មួយ)ឆ្នាំ ទៅ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី ៤,០០០,០០០(បួនលាន) រៀល ទៅ ១៥,០០០,០០០ (ដប់ប្រាំលាន) រៀល។

មាត្រា៨៥ ចែងថាជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន មិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឲ្យស្លាប់អ្នកដ៏ទៃ ស្ថិតក្នុងស្ថានភាពស្រវឹងដោយអត្រាជាតិអាកុលចាប់ពី០,៤០ (សូន្យក្បៀសសសិប) មិលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨០ (សូន្យក្បៀសប៉ែតសិប) ក្រាមក្នុងមួយលីត្រឈាមឡើងទៅអំពើល្មើសខាងលើនេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២(ពីរ)ឆ្នាំ ទៅ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី១០,០០០,០០០ (ដប់លាន) រៀល ទៅ២៥,០០០,០០០ (ម្ភៃប្រាំលាន) រៀល។

សូមជម្រាបថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងរវាងរថយន្តម៉ាក LEXUS NX200T ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BB-9989 ដែលបើកបរដោយឈ្មោះ សោម ណូរីទីឃា ភេទប្រុស អាយុ១៩ឆ្នាំ សញ្ជាតិខ្មែរ បើកបរក្នុងស្ថានភាពស្រវឹង និងមិនប្រុងប្រយ័ត្នបណ្តាលឲ្យបុកនឹងម៉ូតូមួយគ្រឿង ដែលធ្វើដំណើរស្របទិសគ្នាម៉ាក HONDA SCOOPY ពណ៌ស ពាក់ផ្លាកលេខកណ្តាល1B-9979 ដែលបើកបរដោយឈ្មោះ ប៉ែន ចំរើន ភេទប្រុស អាយុ៤០ឆ្នាំ រួមដំណើរដោយឈ្មោះ កែវ លក្ខិណា ភេទស្រី អាយុ៣១ឆ្នាំ និងឈ្មោះ សុខ ឡេង ភេទប្រុស អាយុ៦០ថ្ងៃ។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បានបណ្តាលឲ្យអ្នកបើកបរម៉ូតូ HONDA SCOOPY ព្រមទាំងអ្នករួមដំណើរទាំង២នាក់ រងរបួសជាទម្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ រហូតមកដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ អ្នករងរបួស ឈ្មោះ សុខ ឡេង បានទទួលមរណៈភាព។

ដើម្បីតតាំងតាមផ្លូវច្បាប់នៅក្នុងករណីនេះ លោក គី តិច ប្រធានមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ ក៏បានបញ្ជូនមេធាវីទៅជួយការពារដល់ក្រុមគ្រួសារជនរងគ្រោះផងដែរ។

សូមរំលឹកថា ប៉ុន្មានថ្ងៃនេះ មានការចែកចាយព័ត៌មានថា ជនបង្កដែលបើករថយន្ដក្នុងស្ថានភាពស្រវឹងនេះ ត្រូវបានតំណាងអយ្យការចោទប្រកាន់ត្រឹមតែបទ <<បើកបរបណ្ដាលឲ្យអ្នកដទៃស្លាប់ និងរបួសដោយអចេតនា>> ប៉ុណ្ណោះ ដូច្នេះហើយដើម្បីជម្រះរាល់មន្ទិលសង្ស័យជុំវិញករណីនេះ ទើបអ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្ដីប្រកាសព័ត៌មាននេះតែម្ដង។ តាមរយៈសេចក្ដីប្រកាសព័ត៌មាននេះ បានបញ្ជាក់ច្បាស់ថា តុលាការមិនបានសម្រេចដូចការចែកចាយនោះឡើយ៕













News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...