កម្ពុជាសង្ឃឹមអាចជម្រះខ្លួនចេញពីបញ្ជីប្រផេះ នៅក្នុងខែមីនា ឬខែមិថុនា ឆ្នាំនេះ(Video inside)

Posted By: RoogRog Robot | 25-Jan-2023 18:16:37

2023-01-25 05:11pm

(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ បានបង្ហាញនូវក្តីសង្ឃឹមថា កម្ពុជានឹងអាចជម្រះខ្លួនចេញពី <<បញ្ជីប្រផេះ>> ដែលក្រុមការងារហិរញ្ញវត្ថុ ហៅកាត់ថា (FATF) មានមូលដ្ឋាននៅទីក្រុងប៉ារីស បានដាក់មកលើកម្ពុជា ជា​ក្រុម​ប្រទេស ​ដែល​មាន​ហានិភ័យ​ខ្ពស់​ខាង​លាង​លុយ​កខ្វក់ កាលពី​ខែមីនា ឆ្នាំ២០២២។

រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង លើការងារប្រឆាំងការសម្អាតប្រាក់ ដើម្បីគេចចេញពីប្រទេស ដែលកំណត់ជាបញ្ជីប្រផេះ នៃក្រុមការងារហិរញ្ញវត្ថុ FATF ។

លោក វង្សី វិស្សុត បានបញ្ជាក់ថា កម្ពុជាបំពេញនូវកាតព្វកិច្ចរបស់ខ្លួនរួចរាល់អស់ហើយ ខណៈប្រតិភូក្រុមការងារហិរញ្ញវត្ថុ FATF ក៏បានចុះមកធ្វើអធិការកិច្ចនៅកម្ពុជារួចរាល់ហើយដែរ រង់តែការសម្រេចរបស់គណៈកម្មការ ក្រុមការងារហិរញ្ញវត្ថុ FATF ប៉ុណ្ណោះ ដែលអាចធ្វើឡើងនៅខែមីនា ឬខែមិថុនា ឆ្នាំ២០២៣នេះ។

លោករដ្ឋមន្ត្រីបានថ្លែងថា នៅពេលកម្ពុជាចាកចេញពីបញ្ជីប្រផេះ មកជាបញ្ជីស វិញនោះ អាចដោះនូវរបាំងផ្នែកហិរញ្ញវត្ថុ ក្នុងការទាក់ទាញវិនិយោគ និងពាណិជ្ជកម្មពីបរទេស មកកាន់កម្ពុជា។

លោក វង្សី វិស្សុត បានថ្លែងយ៉ាងដូច្នេះថា <<ខ្ញុំអាចនិយាយបានថា ស៊ីសងលើការប្រជុំគណៈកម្មការក្រុមការងារហិរញ្ញវត្ថុ ហៅកាត់ថា (FATF) នៅខែមីនា ឆ្នាំ២០២៣ ថាគេសម្រេចយ៉ាងម៉េច? ប៉ុន្តែជាកម្រិតនយោបាយ ជាការអនុវត្តន៍ដើម្បីបំពេញកាតព្វកិច្ចតាមផែនកាសកម្មភាព គឺយើងបានធ្វើអស់ហើយ ហើយគេបានមកធ្វើអធិការកិច្ចរួចហើយ ដូច្នេះអាស្រ័យលើគេសម្រេចយ៉ាងម៉េច ប៉ុន្តែខ្ញុំគ្រាន់តែបញ្ជាក់ថា យើងសង្ឃឹមចេញពីបញ្ជីប្រផេះនេះ នៅខែមីនា ឬអាចក្នុងខែមិថុនា ហើយវាអាចជាការដោះនូវរបាំងមួយទៀត ក្នុងការទាក់ទាញវិនិយោគ និងពាណិជ្ជកម្មពីប្រភពខាងក្រៅផ្សេងទៀត មកទឹកដីកម្ពុជាយើងក្នុងរយៈពេលខាងមុខនេះ>>។

សូមជម្រាបថា នៅសប្តាហ៍ទី២ ខែមករា ឆ្នាំ២០២៣នេះ ប្រតិភូក្រុមការងារហិរញ្ញវត្ថុ FATF ដឹកនាំដោយលោកស្រី មី-លីន វ៉ាង (Mei-Lin Wang) មន្ត្រីជាន់ខ្ពស់ផ្នែកវិភាគគោលនយោបាយ នៃលេខាធិការដ្ឋានក្រុមការងារហិរញ្ញវត្ថុ FATF បានអញ្ជើញមកបំពេញទស្សនកិច្ច នៅកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចនោះ លោកស្រីក៏បានចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ៕































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...