Doomsday Clock រំកិលទ្រនិចទៅមុខក្នុងឆ្នាំ២០២៣ នៃសញ្ញាបង្ហាញថាពិភពលោកកាន់តែខិតជិតនឹងវិនាសកម្ម

Posted By: RoogRog Robot | 25-Jan-2023 18:11:20

2023-01-25 05:08pm

(បរទេស)៖ ទ្រនិចនាឡិកា Doomsday Clock ឬនាឡិកាកំណត់ថ្ងៃទន្សារបស់ពិភពលោក បានមួលរំកិលទៅមុខ១០វិនាទីថែមទៀត សម្រាប់ឆ្នាំ២០២៣។ ការសម្រេចរំកិលទ្រនិចដោយអ្នកប្រាជ្ញនៃក្រុមវិទ្យាសាស្ត្រអាតូមិកនេះ បានធ្វើឡើងនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ដែលជាការបង្ហាញភាពកាន់តែក្បែរបំផុត នៃចំណុចទីអវសានរបស់ពិភពលោក។ នេះជាលើកដំបូងហើយដែលមានសញ្ញាព្រមានពីក្រុមអ្នកប្រាជ្ញបន្តមរតក Doomsday Clock ក្នុងរយៈពេល៧៦ឆ្នាំមកនេះ ដាស់តឿនការប្រុងប្រយ័ត្នគ្រោះថ្នាក់មហន្តរាយដល់មនុស្សជាតិ។ Doomsday Clock ត្រូវបានមួលបង្ខិតពី១០០វិនាទី ទៅកាន់៩០វិនាទី ដែលក្បែរនឹងចំណុចពាក់កណ្តាលអាធ្រាត្រ ឬចំណុចចុងអវសានរបស់ពិភពលោកសម្រាប់ឆ្នាំ២០២៣។ Doomsday Clock​ ឬនាឡិកាកំណត់ថ្ងៃទន្សារបស់ពិភពលោក មានដំណើរការរយៈពេល៧៦ឆ្នាំមក ហើយៗវាក៏មិនមែនជានាឡិកាធម្មតានោះដែរ។ នាឡិកានេះ គឺជានាឡិកាដែលវាយតម្លៃនូវជោគវាសនារបស់ពិភពលោក ដែលតែងចង់ដឹងថាតើមនុស្សជាតិលើពិភពលោកនេះ កំពុងស្ថិតដល់ចំណុចណាហើយនៅទីអវសានរបស់វា ហើយការវាយតម្លៃនោះបានផ្អែកលើតថភាពវិទ្យាសាស្ត្ររបស់បណ្តាអ្នកប្រាជ្ញ ដែលស្ថិតក្នុងក្រុមព្រឹត្តិប័ត្ររបស់ក្រុមវិទ្យាសាស្ត្រអាតូមិក ដែលមានទីតាំងនៅសកលវិទ្យាល័យ Chicago Harris School of Public Policy ក្នុងរដ្ឋ Illinois សហរដ្ឋអាមេរិក។

Doomsday Clock នេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៤៧។ ចំណែកការបង្កើតក្រុមអ្នកប្រាជ្ញវិទ្យាសាស្ត្រដែលគេបានដាក់ឈ្មោះហៅថា ព្រឹត្តិប័ត្ររបស់ក្រុមវិទ្យាសាស្ត្រអាតូមិក Bulletin of the Atomic Scientists គឺដើម្បីតាមដាននិងវាយតម្លៃអំពីពេលវេលានៃទីអវសាន្តពិភពលោក ហើយអ្វីទាំងនេះគឺជាការផ្តួចផ្តើមគំនិតរបស់សាស្ត្រាចារ្យ Albert Einstein, សាស្ត្រាចារ្យ J. Robert Oppenheimer និងអ្នកវិទ្យាសាស្ត្រដទៃទៀត តាំងពីឆ្នាំ១៩៤៥ ដើម្បីជាសញ្ញាព្រមានប្រាប់ពិភពលោកនូវគ្រោះថ្នាក់ ដែលធ្វើឱ្យភពផែនដីវិនាសដោយសារតែទង្វើរបស់មនុស្សខ្លួនឯងលើភពផែនដី។

ទ្រនិចរបស់Doomsday Clock គឺយកការកំណត់ពាក់កណ្តាលអាធ្រាត្រជានាទីអវសានរបស់ពិភពលោក។ ដូច្នេះបើគេនិយាយថា ទ្រនិចរបស់វាបានមកដល់ពាក់កណ្តាលអាធ្រាត្រហើយ គឺមានន័យថាវាជាចំណុចមកដល់ទី អវសានរបស់ពិភពលោក។ Doomsday Clock ចាប់តាំងពីថ្ងៃបង្កើតដំបូងក្នុងឆ្នាំ១៩៤៧ គេបានកំណត់រយៈពេល៧នាទី មុននឹងដល់ពាក់កណ្តាលអាធ្រាត្រ ឬនាទីនៃអវសានរបស់ពិភពលោក។ ក្នុងរយៈពេល៧៥ឆ្នាំចុងក្រោយនោះមក រហូតមកទល់នឹងចុងឆ្នាំ២០២២ ទ្រនិចរបស់វាជួនកាលត្រូវបានគេមួលថយក្រោយ ឬមួលទៅមុខ អាស្រ័យដោយការវាយតម្លៃលើហានិភ័យដែលប្រឈមនឹងគ្រោះមហន្តរាយរៀងរាល់ឆ្នាំ។

បើសិនជាការព្យាករណ៍វាយតម្លៃរបស់ក្រុមអ្នកវិទ្យាសាស្ត្របង្ហាញថា ពិភពលោកនឹងអាចប្រឈមនូវហានិភ័យនៃគ្រោះថ្នាក់អ្វីមួយ ដោយសារតែទង្វើរបស់មនុស្ស នោះហើយគ្រោះថ្នាក់កើតឡើងលើសកលលោកនេះ ទំនងនឹងពិបាកឱ្យមនុស្សអាចគេចរួចពីគ្រោះថ្នាក់ខ្លាំងណាស់។ ការវាយតម្លៃរបស់ព្រឹត្តិប័ត្រនៃក្រុមវិទ្យាសាស្ត្រអាតូមិក គឺជាការវាយតម្លៃមួយដែលពិភពលោកតែងកោតគោរព ដោយសារការព្យាករណ៍បានផ្អែកជាខ្លាំងលើតថភាពវិទ្យាសាស្ត្រ និងការពិតដែលបាននិងកំពុងកើតឡើងលើលោកយើងនេះ។ ការវាយតម្លៃនេះ ត្រូវគេគេធ្វើជារៀង រាល់ខែមករានៃឆ្នាំមកដល់នីមួយៗ។ កត្តាសំខាន់ដែល Doomsday Clock វាយតម្លៃអំពីការប្រមើលជុំវិញគ្រោះថ្នាក់ពិភពលោកនោះ គឺហានិភ័យនុយក្លេអ៊ែរ និងកត្តាប្រែប្រួលអាកាសធាតុ។ ផ្អែកតាមការព្យាករណ៍ គឺរវាងពីឆ្នាំ២០២០ ដល់២០២២ ក្រុមព្រឹត្តិបត្រវិទ្យាសាស្ត្របានរក្សាទ្រនិចនៃ Doomsday Clock ស្ថិតនៅប្រមាណ១០០វិនាទី ឬមួយនាទី៤០វិនាទី នៅមុនការទៅដល់ពាក់កណ្តាលអាធ្រាត ដែលមានន័យថាគ្រោះថ្នាក់របស់ពិភពលោកបានស្ថិតនៅក្បែរនឹងជីវិតមនុស្សជាតិ។ ប៉ុន្តែការធ្វើបច្ចុប្បន្នភាពថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ គឺទ្រនិច Doomsday Clock បានរំកិលទៅមុខ១០វិនាទីថែមទៀត ដែលបង្ហាញនូវចំណុចគ្រោះថ្នាក់នៃអវសានពិភពលោកកាន់តែកៀក មកជិតកាន់តែខ្លាំងចំពោះមនុស្សជាតិលើភពផែនដីនេះ។

*ហេតុអ្វីបានជាទ្រនិច Doomsday Clock បានរំកិលទៅមុខនៃសញ្ញាកាន់តែស្ថិតនៅក្បែរ នឹងជ្រោះវិនាសកម្មជាសកល?

ក្រុមព្រឹត្តិប័ត្ររបស់អ្នកវិទ្យាសាស្ត្រអាតូមិក បានបញ្ជាក់តាមសេចក្តីថ្លែងការណ៍របស់ខ្លួន នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ថា ការសម្រេចចិត្តសម្រាប់ឆ្នាំនេះ គឺដោយសារតែហានិភ័យចំបងពាក់ព័ន្ធនឹងសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន ដែលបាននិងកំពុងឈានទៅរកកម្រិតមួយដែលបារម្ភការផ្ទុះអាវុធនុយក្លេអ៊ែរ ក្រៅពីក្តីបារម្ភដទៃលើកត្តាប្រែប្រួលអាកាសធាតុ ដែលបង្កការកើនឡើងនូវកម្តៅរបស់ផែនដី និងហានិភ័យពាក់ព័ន្ធការគំរាមជីវសាស្ត្រដូចជាការឆ្លងនៃជម្ងឺកូវីដ១៩នោះជាដើម។ប្រធានក្រុមព្រឹត្តិប័ត្ររបស់អ្នកវិទ្យាសាស្ត្រអាតូមិក លោកស្រី Rachel Bronson បានថ្លែងនៅ ថ្ងៃទី២៤មករាឆ្នាំ២០២៣ថា <<យើងកំពុងរស់នៅក្នុងពេលវេលាមួយនៃគ្រោះថ្នាក់ដែលមិន ធ្លាប់កើតមានឡើយ>>។ លោកស្រី Rachel Bronson បានថ្លែងថាក្នុងឆ្នាំ២០២០ក្នុងពេលដែលយើងបានដាក់កំណត់ Doomsday Clock រយៈពេល១០០វិនាទីមុនដល់ពាក់កណ្តាលអាធ្រាត្រនោះ ខ្ញុំក៏ធ្លាប់បានឈរនៅចំពោះមុខអស់លោកនិងបានកត់សម្គាល់ថាពិភពលោកបានឈានចូលក្នុងរង្វង់ពេលវេលាមុន២នាទី ដែលជាសញ្ញាព្រមានអំពីរយៈកាលនៃគ្រោះថ្នាក់បានកើតឡើងខ្ពស់។ ក្នុងខែមករា ឆ្នាំ២០២២ យើងបានមើលឃើញនូវសញ្ហាហានិភ័យនៃសង្គ្រាមកើតឡើងក្នុងប្រទេសអ៊ុយក្រែន និងសង្គ្រាមកាន់តែកើនឡើងបង្កភាពតានតឹងលើបរិយាកាសសន្តិសុខអន្តរជាតិ>>។ លោកស្រីបានបន្តថា ការសម្រចមួលទ្រនិចកាន់តែកៀកនឹងចំណុចពាក់កណ្តាលអាធ្រាត្រនេះ <<គឺជាការសម្រេចរបស់អ្នកជំនាញយើងទាំងអស់ដែលមិនមែនជារឿងធម្មតានោះទេ>>។ ការធ្វើឱ្យទ្រនិចនាឡិកា Doomsday Clock បានមួលទៅមុខ១០វិនាទីជាបន្ថែមទៀតនោះ គឺជាសញ្ញាដែលបារម្ភថា បើសិនជាមានវិនាសកម្មកើតឡើងមែននោះ ភាពខ្ទេចខ្ទាំរបស់ពិភពលោក គឺជាប់ពាក់ព័ន្ធខ្លាំងលើសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន ដែលរុស្ស៊ីបានគំរាមនឹងប្រើអាវុធនុយក្លេអ៊ែរ បើសិនជាអង្គការណាតូនឹងធ្វើឱ្យរុស្ស៊ីចាញ់ក្នុងសង្គ្រាមអ៊ុយក្រែន។

ក្នុងឆ្នាំ២០២៣នេះ សារឆ្នាំសកលរបស់មេដឹកនាំរុស្ស៊ី លោក វ្លាឌីមៀ ពូទីន និងសាររបស់មេដឹកនាំអ៊ុយក្រែន លោក ហ្សេឡិនស្គី ក្តី សុទ្ទតែបានប្តេជ្ញារកការឈ្នះសង្គ្រាមក្នុងឆ្នាំ២០២៣។ គិតត្រឹមថ្ងៃពុធទី២៥ ខែមករា ឆ្នាំ២០២៣នេះ សង្គ្រាមក្នុងប្រទេសអ៊ុយក្រែនបានឈានដល់ទី៣៣៥ថ្ងៃហើយ ខណៈដែលយុទ្ធសាស្ត្រប្រើប្រាស់រដូវរងារបស់រុស្ស៊ី ត្រូវគេឃើញថាមិនអាចបង្ខំឱ្យអ៊ុយក្រែនចុះញ៉មបានឡើយ។ ទាំងរុស្ស៊ីនិងអ៊ុយក្រែន បានត្រៀមយុទ្ធសាស្ត្រវាយលុកថ្មីសម្រាប់និទាឃរដូវ។ អគ្គលេខាធិការអង្គការណាតូលោក Jens Stolenberg បានថ្លែងថាវិធីមានតែមួយគត់ដើម្បីការពន្លត់សង្គ្រាមក្នុងអ៊ុយក្រែនបាន នោះគឺការធ្វើឱ្យមេដឹកនាំរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ចាញ់សង្គ្រាម។ ប៉ុន្តែវិមានក្រឹមឡាំងបានថ្លែងព្រមានថា បើសិនជាអង្គការណាតូនឹងធ្វើឱ្យរុស្ស៊ីចាញ់ក្នុងសង្គ្រាមអ៊ុយក្រែន នោះសង្គ្រាមនុយក្លេអ៊ែរនឹងផ្ទុះឡើងជាមិនខាន។សេចក្តីរាយការណ៍បានបង្ហាញថា ដើម្បីការជម្រុញឱ្យសង្គ្រាមឆាប់បានបញ្ចប់ សហរដ្ឋអាមេរិកនិងប្រទេសអាល្លឺម៉ង់ ដែលមុននេះបានរារែកលើការប្រគល់រថក្រោះទំនើបរបស់ខ្លួនឱ្យអ៊ុយក្រែននោះ ប៉ុន្តែពេលនេះទំនងនឹងផ្លាស់ប្តូរចិត្តវិញហើយ។ សេចក្តីរាយការណ៍នៅថ្ងៃទី២៥ ខែមករានេះ បានឱ្យដឹងថា អាល្លឺម៉ង់គ្រោងនឹងបញ្ជូនរថក្រោះ Leopard2 របស់ខ្លួនទៅឲ្យអ៊ុយក្រែន ហើយក៏នឹងអនុញ្ញាតឲ្យប្រទេសដទៃទៀត ដូចជាប្រទេសប៉ូឡូញជាដើម ដែលចង់បញ្ជូនរថក្រោះប្រភេទដូចគ្នានេះ ដើម្បីជួយអ៊ុយក្រែនទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី ។

ប្រទេសលោកខាងលិច បានបញ្ជួនរថក្រោះរបស់ខ្លួនជាច្រើនដល់អ៊ុយក្រែនផងដែរ ប៉ុន្តែមិនមែនជាប្រភេទនៃរថក្រោះដែលអ៊ុយក្រែនត្រូវការឡើយ សម្រាប់យុទ្ធនាការវាយលុកក្នុងនិទាឃរដូវ។ អ៊ុយក្រែនត្រូវរថក្រោះ Leopard2 របស់អាល្លឺ ម៉ង់និងរថក្រោះ Abram M1 របស់សហរដ្ឋអាមេរិក ដើម្បីធ្វើសង្គ្រាមទល់មុខគ្នាជាមួយរុស្ស៊ីដែលប្រើរថក្រោះ T-90 ។ សហរដ្ឋអាមេរិក នៅជាមួយគ្នានេះត្រូវបានប្រភពដែលស្និទ្ធនឹងសេតវិមាន បានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងបញ្ជាក់នៅថ្ងៃទី២៥ ខែមករានេះ ជុំវិញការបញ្ជួនរថក្រោះ Abrams M1 ទៅឱ្យអ៊ុយក្រែន ដែលស្វែងរកជាច្រើនខែមកហើយដើម្បីរៀបចំការប្រយុទ្ធផ្តាច់ព្រ័ត្រដោយជោគជ័យមួយ ដើម្បីបណ្តេញទាហានរុស្ស៊ីក្នុងរដូវ Spring ជិតមកដល់នេះ។

ទ្រនិចនាឡិកា Doomsday Clock ក្នុងរយៈពេល៧៦ឆ្នាំមកនេះ មិនដែលត្រូវគេមួលដល់ចំណុចពាក់កណ្តាលអាធ្រាត្រ នៃទីអវសានពិភពលោកឡើយ។ ប៉ុន្តែវាក៏ជាលើកដំបូងផងដែរ ដែលទ្រនិច Doomsday Clock ក្នុងឆ្នាំ២០២៣ បានរំកិលមកកាន់តែក្បែរនៃចំណុចវិនាសកម្មរបស់ពិភពលោក ខណៈដែលរុស្ស៊ីព្រមានការប្រើអាវុធនុយក្លេអ៊ែរ បើសិនជាណាតូនឹងធ្វើឱ្យរុស្ស៊ីបាក់មុខក្នុងសង្គ្រាមភាគខាងកើតអ៊ុយក្រែនមែននោះ។ បើសិនជារុស្ស៊ីប្រើប្រាស់នុយក្លេអ៊ែររបស់ខ្លួនមែននោះ ការមួលទ្រនិចនាឡិកា Doomsday Clock ទៅមុខ១០វិនាទីទៅមុខ ថែមទៀតនោះ គឺជាគ្រោះមិនអាចចៀសវាងបានឡើយ។ នេះគឺការបញ្ជាក់របស់ព្រឹត្តិបត្រនៃក្រុមអ្នកវិទ្យាសាស្ត្រអាតូមិក​ នៅថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០២៣ <<ថ្ងៃនេះសមាជិកនៃក្រុមប្រឹក្សាសន្តិសុខនិងវិទ្យាសាស្ត្ររបស់យើងបានមួលទ្រនិច Doomsday Clock ទៅមុខដោយសារតែមានការកើនឡើងគ្រោះថ្នាក់ក្នុងសង្គ្រាមនៅអ៊ុយក្រែន។ យើងបានមូលទ្រនិចទៅមុខដែលកាន់តែកៀកខ្លាំងបំផុតជិតចំណុចពាក់កណ្តាលអាធ្រាត្រ ដែលមិនធ្លាប់កើតមាននោះឡើយចាប់តាំងពីដើមដំបូងនោះមក។ ទ្រនិច នាពេលនេះគឺ៩០វិនាទី មុនពាក់កណ្តាលអាធ្រាត្រ>>។ ប៉ុន្តែទ្រនិចនេះ នឹងអាចត្រូវគេមួលថយក្រោយវិញបាន បើសិនជាសហរដ្ឋអាមេរិក, រុស្ស៊ី, អង្គ កាណាតូ និងអ៊ុយក្រែន ធ្វើការផ្លាស់ប្តូរគំនិតសាជាថ្មីរបស់ខ្លួន ដើម្បីងាកចូលក្នុងតុចរចា។ លោកស្រីប្រធានក្រុមព្រឹត្តិបត្រ បានបញ្ជាក់ចុងក្រោយថា <<រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្រុមសម្ព័ន្ធអង្គការណាតូនិងប្រទេសអ៊ុយក្រែន មានបណ្តាញជាច្រើនសម្រាប់ធ្វើកិច្ចសន្ទនា។ យើងសូមលើកទឹកចិត្តបណ្តាមេដឹកនាំទាំងឡាយនោះស្វែងរកគ្រប់លទ្ធភាពរបស់គេ ដែលអាចធ្វើបានដើម្បីនឹងធ្វើឱ្យទ្រនិចនាឡិកា Doomsday Clock អាចមួលត្រឡប់មកក្រោយវិញបាន>>៕





News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...