លោក ហ៊ុន ម៉ានី៖ ការងារស្ម័គ្រចិត្ត មិនត្រឹមតែបានចូលរួមក្នុងការងារសង្គម និងមនុស្សធម៌ទេ តែជួយយុវជនចាប់ និងបង្កើតឱកាសការងារ

Posted By: RoogRog Robot | 25-Jan-2023 16:53:23

2023-01-25 04:51pm

(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ សមាជិក សមាជិក ក្នុងរចនាសម្ព័ន្ធស.ស.យ.ក ប្រចាំវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា <<ការងារស័្មគ្រចិត្ត មិនត្រឹមតែបានចូលរួមក្នុងកិច្ចការងារសង្គម និងមនុស្សធម៌ប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចជួយឲ្យយុវជនចាប់ និងបង្កើតឱកាសការងារនាពេលបច្ចុប្បន្ន>>។

លោក ហ៊ុន ម៉ានី បានបន្ថែមទៀតថា ទីផ្សារការងារបច្ចុប្បន្នគឺ ទាមទារឲ្យបុគ្គលិកមានទាំងជំនាញរឹង និងជំនាញទន់ ដើម្បីទទួលបានលទ្ធផលការងារដែលសមប្រកប។ លោកបានគូសបញ្ជាក់ពីសារសំខាន់នៃការងារស័្មគ្រចិត្ត ដែលតាមរយៈការងារស័្មគ្រចិត្តនេះ គឺបានផ្តល់ឱកាសឲ្យយុវជន ក៏ដូចជាសិស្សនិស្សិតរៀនសូត្រពីរបៀបធ្វើការងារជាក្រុម ការធ្វើការជាមួយអ្នកដទៃតាមរយៈការបែងចែកភារកិច្ចផ្សេងៗគ្នា ហ្វឹកហាក់ និងលុតដំសមត្ថភាពរបស់ពួកគេ និងការសិក្សារៀនសូត្រភាពជាអ្នកដឹកនាំ រួមទាំងការប្រាស្រ័យទាក់ទងរវាងគ្នា និងគ្នាផងដែរ។

ផ្សារភ្ជាប់នឹងការលើកឡើងខាងលើនេះ លោក ហ៊ុន ម៉ានី បានអះអាងថា ស.ស.យ.ក បានដើរតួយ៉ាងសំខាន់ក្នុងការលើកទឹកចិត្ត និងបង្កើតឱកាសឲ្យយុវជនចូលរួមធ្វើការងារស័្មគ្រចិត្ត និងកិច្ចការងារសង្គមផ្សេងៗ ដោយផ្តល់ឱកាសឲ្យពួកគេស្វែងយល់ពីខ្លួនឯង ស្គាល់ច្បាស់ពីចំណុចខ្លាំង និងចំណុចខ្សោយដែលគួរអភិវឌ្ឍន៍ និងពង្រឹងបន្ថែម បណ្តុះស្មារតីធ្វើការងារជាក្រុម ការរៀនស្វែងយល់ពីភាពជាអ្នកដឹកនាំ មិនថាក្នុងកម្រិតតូច ឬធំ ពិសេសទៅទៀតនោះ គឺការធ្វើខ្លួនជាគំរូដល់អ្នកដទៃតាមរយៈសកម្មភាពនានា ដែលផ្តល់ជាវិជ្ជមានដល់សង្គមជាតិ។

លោក ហ៊ុន ម៉ានី ក៏បានឆ្លុះបញ្ចាំងផងដែរថា តាមរយៈការងារការងារស័្មគ្រចិត្ត នឹងផ្តល់ឱកាសឲ្យយុវជនរៀនសូត្របន្ថែម ដុះខាត់សមត្ថភាពរបស់ខ្លួន ក្នុងការចាប់យកឱកាសការងារដែលសមស្រប និងក្លាយជាធនធានមនុស្សដ៏រឹងមាំ និងមានសក្ខានុពលសម្តាប់ប្រទេសជាតិ។

សូមជម្រាបជូនថា ពិធីសំណេះសំណាលជាមួយ សមាជិក សមាជិកា ក្នុងរចនាសម័្ពន្ធ ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. អមដំណើរដោយ គណៈអចិន្ត្រៃយ៍ ស.ស.យ.ក.។

ក្នុងនោះក៏មានការចូលរួមពីលោកបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងជាសមាជិកគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត ស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្តមសិក្សារដ្ឋ ព្រមទាំងគណៈដឹកនាំ សមាជិក សមាជិកា លោកគ្រូ អ្នកគ្រូសាស្ត្រាចារ្យ និស្សិត ជាសមាជិកស.ស.យ.ក. ប្រចាំសាកលវិទ្យាស្ថានបច្ចេកទេសកម្ពុជា ចំនួន៣៧២នាក់៕
















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...