ព្រិលធ្លាក់ខ្លាំង និងអាកាសធាតុដ៏ត្រជាក់ បង្អាក់មធ្យោបាយដឹកជញ្ជូននៅទូទាំងប្រទេសជប៉ុន និងសម្លាប់មនុស្សម្នាក់

Posted By: RoogRog Robot | 25-Jan-2023 17:24:54

2023-01-25 04:23pm

(តូក្យូ)៖ ព្រិលធ្លាក់យ៉ាងខ្លាំងគ្របដណ្តប់ពាសពេញផ្ទៃប្រទេសជប៉ុន នៅថ្ងៃពុធនេះបានបង្ខំឲ្យមានការលុបចោល ជើងហោះហើររាប់រយ និងរំខានដល់ការធ្វើដំណើរតាមរថភ្លើង ហើយបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ម្នាក់ស្លាប់។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០២៣។

អាកាសធាតុត្រជាក់ខុសពីធម្មតា និងប្រព័ន្ធសម្ពាធទាបខ្លាំង បាននាំមកនូវព្រិលធ្លាក់ និងខ្យល់បក់ខ្លាំងពាសពេញប្រទេសជប៉ុន ចាប់តាំងពីថ្ងៃអង្គារមកម្ល៉េះ។ ព្រិលធ្លាក់ខ្លាំងជាពិសេសនៅប៉ែកខាងសមុទ្រ ដោយទីក្រុងម៉ានីវ៉ា (Maniwa) ដែលស្ថិតនៅភាគខាងលិចប្រទេសជប៉ុន ព្រិលមានកម្រាស់រហូតដល់ ៩៣សង់ទីម៉ែត្រ ក្នុងរយៈពេល ២៤ម៉ោង គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់)។

ប្រធានខុទ្ទកាល័យនៃគណៈរដ្ឋមន្រ្តីជប៉ុន លោក ហ៉ីរ៉ូកាហ្សូ ម៉ាស៊ូណូ (Hirokazu Matsuno) បានប្រាប់សន្និសីទសារព័ត៌មានមួយថា មនុស្សម្នាក់បានស្លាប់ដោយសារព្យុះព្រិល ហើយមនុស្សស្លាប់ ២នាក់ទៀតត្រូវបានស៊ើបអង្កេតពាក់ព័ន្ធនឹងព្យុះនេះ គិតត្រឹមព្រឹកថ្ងៃពុធ។ ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុករួមមាន ក្រុមហ៊ុន អាណា (ANA) និងក្រុមហ៊ុន ជប៉ុន អ៊ែរឡាញ (Japan Airlines) បានលុបចោលជើងហោះហើរជាង៣០០ ខណៈដែលសេវារថភ្លើងត្រូវបានផ្អាក ឬពន្យារពេលនៅភាគខាងជើង ប្រទេសជប៉ុន។ មនុស្សប្រហែល៣,០០០នាក់ ត្រូវបានជាប់គាំងនៅស្ថានីយ៍រថភ្លើងចំនួន២ នៅឯភាគខាងលិចនៃទីក្រុងក្យូតូ បន្ទាប់ពីព្រិល និងខ្យល់បក់ខ្លាំងបានបង្ខំឲ្យសេវាកម្មត្រូវផ្អាក កាលពីថ្ងៃអង្គារ។

គួរបញ្ជាក់ថា អាកាសធាតុត្រជាក់ក្នុងប្រទេសជប៉ុន ត្រូវបានគេរំពឹងថានឹងបន្តរហូតដល់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ ខ្យល់បោកបក់ខ្លាំងដែលភ្ជាប់ទៅនឹងព្យុះព្រិលនេះ អាចជាមូលហេតុបណ្តាលឲ្យលិចកប៉ាល់ដឹកទំនិញហុងកុង នៅចន្លោះភាគខាងលិចប្រទេសជប៉ុន និងកោះជេជូ (Jeju) របស់កូរ៉េខាងត្បូង នៅព្រឹកថ្ងៃពុធនេះ។ សមាជិកនាវិកចំនួន ១៣នាក់ក្នុងចំណោមសមាជិកនាវិកទាំង ២២នាក់ ដែលត្រូវបានជួយសង្គ្រោះនៅរសៀលថ្ងៃពុធ ខណៈការស្វែងអ្នកបាត់ខ្លួនកំពុងបន្ត៕





News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...