ទូក ង ចំណុះ២២នាក់ថ្មី ក្រោមការឧបត្ថម្ភទាំងស្រុងពីសំណាក់លោកអភិបាលខេត្តត្បូងឃ្មុំ នឹងលេចរូបរាងក្នុងពេលឆាប់ៗ ដើម្បីថែរក្សាវប្បធម៍ និងសម្រាប់ចូលរួមប្រកួតក្នុងបុណ្យអុំទូកនាឆ្នាំក្រោយ

Posted By: RoogRog Robot | 24-Nov-2022 22:53:34

2022-11-24 09:49pm

(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះបានជួបសំណេះសំណាល និងពិនិត្យវឌ្ឍនភាព ការផលិតទូក ង ដែលបានធ្វើពីឈើគគីរមានប្រវែង ២២ម៉ែត្រ ៧តិក ស្ថិតនៅក្នុងបរិវេណវត្តខ្សាច់ប្រឆេះកណ្តាល ក្នុងឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីសំណាក់ព្រះគ្រូចៅអធិកាវត្ត ព្រះសង្ឃ មន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្ត ក្រុមជាងនិងប្រជាពលរដ្ឋ។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកស៊ាក ឡេង ក៏បានលើកទឹកចិត្ត ដល់ក្រុមជាងដែលកំពុងដំណើរការធ្វើទូក និងបញ្ជាក់ថា ជាមោទនភាពថ្មីមួយទៀត សម្រាប់ខេត្តត្បូងឃ្មុំ ក្នុងការផលិតទូក ង នេះឡើង ក្នុងចំណោមទូក ង ជាច្រើនទៀត ដើម្បីចូលរួមអបអរសាទរក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្ដែតប្រទីប និងក៏ជាការរំលឹកឡើងវិញនៅប្រវត្តិដ៏យូរលង់នៅក្នុងការផលិត និងការប្រើប្រាស់ទូក របស់បុព្វបុរសខ្មែរតាំងពីសម័យបុរាណ របស់ព្រះមហាក្សត្រខ្មែរគ្រប់ជំនាន់ ដែលបានប្រើប្រាស់ទូក ជាមធ្យោបាយមួយក្នុងការការពារទឹកដី និងបានជួយតម្កើងកិត្យានុភាពជាតិ ជំរុញស្មារតីស្នេហាជាតិ សាមគ្គីភាព នៃយុវជនជាកូនចៅជំនាន់ក្រោយ ក្នុងការថែរក្សា និងអភិរក្សគឺដំណែលពីដូនតា។

ជាមួយគ្នានេះដែរ ការផលិតទូក ង នេះឡើងក៏បានបង្ហាញពិភពលោកឲ្យបានឃើញថាខ្មែរយើងអាចផលិតបាន ស្ដែងឲ្យឃើញពីការរួបរួមគ្នាជាធ្លុងមួយតាមរយៈការកសាងនៅទូក ង ចាប់តាំងពីឈើមួយដើម រហូតដល់ចេញជារូបរាងទូកឡើង ដោយការនាំគ្នាចាំងឈើបន្តិចម្ដងៗឡើងទៅ។

បើតាមគណៈកម្មាការផលិតទូក ង បានបញ្ជាក់ថា ក្រោមការឧបត្ថម្ភទាំងស្រុងពីសំណាក់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ ទូក ងនេះ ផលិតឡើងមានប្រវែង ២២ម៉ែត្រ៧តិក មានចំណុះ២២នាក់ ធ្វើពីដើមគគីរ ចំពោះដំណើរការធ្វើបានប្រមាណ២០ភាគរយហើយ ដោយឡែកចំពោះឈ្មោះ នឹងប្រសិទ្ធនាមនាពេលក្រោយ បន្ទាប់ពីបានផលិតរួចរាល់ជាស្ថាពរ៕













News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...