អាជ្ញាធរប្រគល់ម៉ូតូជូនម្ចាស់ដើមវិញ ចំនួន៨នាក់ទៀត ក្រោយរកឃើញក្នុងទីតាំងបញ្ចាំខុសច្បាប់ នៅឃ្លាំងរំសេវ, ជនរងគ្រោះខ្លះបាត់ម៉ូតូរហូតដល់៥ឆ្នាំ

Posted By: RoogRog Robot | 23-Sep-2022 14:22:24

2022-09-23 01:15pm

(ភ្នំពេញ)៖ ម្ចាស់ម៉ូតូចំនួន៨នាក់ទៀតហើយ បានរកឃើញម៉ូតូរបស់ខ្លួនវិញ ក្នុងយុទ្ធនាការបង្ក្រាបទីតាំងបញ្ចាំដោយខុសច្បាប់ នៅឃ្លាំងរំសេវ ខណ្ឌទួលគោក ដោយអ្នកខ្លះបាត់ម៉ូតូរបស់ខ្លួនរហូតដល់៥ឆ្នាំ ប៉ុន្ដែរកឃើញនៅទីតាំងខុសច្បាប់ដែលសមត្ថកិច្ចចុះបង្ក្រាប។

លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ ដែលដឹកនាំប្រតិបត្តិការផ្ទាល់ក្នុងមូលដ្ឋានខណ្ឌទួលគោក ដើម្បីត្រួតពិនិត្យទីតាំងបញ្ចាំដែលសង្ស័យទទួលបញ្ចាំខុសច្បាប់ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ បានប្រគល់ម៉ូតូជូនម្ចាស់ដើមវិញ ចំនួន៨នាក់ ក្រោយពិនិត្យឯកសារឃើញត្រឹមត្រូវថាពួកគាត់ជាម្ចាស់កម្មសិទ្ធិពិតប្រាកដ។

បើតាមការសាកសួរទៅកាន់ជនរងគ្រោះដែលមកទទួលម៉ូតូវិញនោះ បានឲ្យដឹងថា អ្នកខ្លះបាត់ម៉ូតូរហូតដល់៥ឆ្នាំឯណោះ ស្រាប់តែប្រទះឃើញនៅទីតាំងបញ្ចាំខុសច្បាប់ ដែលសមត្ថកិច្ចបានដកហូត។ ពួកគាត់បានបង្ហាញនូវក្ដីត្រេកអរយ៉ាងខ្លាំង បន្ទាប់ពីអស់សង្ឃឹមជាយូរណាស់មកហើយក្នុងការតាមរកម៉ូតូរបស់ខ្លួន ដែលត្រូវបានចោរលួច ឬប្លន់កាលពីពេលកន្លងទៅ។

ឆ្លងកាត់ករណីនេះ អាជ្ញាធរបានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់បាត់ម៉ូតូ កុំទាន់អស់សង្ឃឹម ហើយត្រូវបន្ដផ្ទៀងផ្ទាត់ភិនភាគម៉ូតូរបស់ខ្លួននៅពេលអាជ្ញាធរផ្សព្វផ្សាយ ព្រោះក្រែងពើបប្រទះម៉ូតូរបស់ខ្លួន។

គួរជម្រាបថា ក្នុងប្រតិបត្តិការពិនិត្យទីតាំងសង្ស័យបញ្ចាំដោយខុសច្បាប់នេះ កម្លាំងសមត្ថកិច្ចបានរកឃើញម៉ូតូប្រមាណជាង១,០០០គ្រឿង ដែលគ្មានឯកសារត្រឹមត្រូវ ហើយបានយកទៅរក្សាទុក ដើម្បីស្វែងរកម្ចាស់៕




















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...