សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់អំណោយដល់ពលរដ្ឋក្រីក្រជិត៤០០គ្រួសារ ដែលប្រកបរបរជាអ្នករើសអេតចាយ នៅទីលានចាក់សំរាមខណ្ឌដង្កោ

Posted By: RoogRog Robot | 23-Sep-2022 13:22:26

2022-09-23 01:19pm

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់អំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋក្រីក្រចំនួន៣៨០គ្រួសារ ដែលប្រកបរបរជាអ្នករើសអេតចាយ នៅទីលានចាក់សំរាម ខណ្ឌដង្កោ នាឱកាសបុណ្យភ្ជុំបិណ្ឌ ដើម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ និងអាចយកទៅធ្វើបុណ្យទានតាមគន្លងព្រះពុទ្ធសាសនា។

ក្នុងឱកាសចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូនអ្នករើសសំរាម (អេតចាយ) ចំនួន៣៨០គ្រួសារ ក្នុងទីលានចាក់សំរាមដង្កោ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមរាជធានីភ្នំពេញ និងជាអភិបាលរាជធានីភ្នំពេញ បានសម្ដែងនូវការកោតសរសើរ ចំពោះប្រជាពលរដ្ឋ ដែលប្រកបមុខរបររើសអេតចាយ នៅទីលានចាក់សំរាមដង្កោ ដែលបានប្រឹងប្រែងរើសអេតចាយ នៅទីលានចាក់សំរាម ដោយមិនបានប្រព្រឹត្តបទល្មើសដែលខុសនឹងច្បាប់ បើទោះបីបងប្អូនមានការលំបាកបន្តិចក៏ដោយ។

លោក ឃួង ស្រេង បានបន្តថា បងប្អូនអ្នករើសអេតចាយនៅទីលានចាក់សំរាម បានប្រកបការរកស៊ីដោយសុច្ចរិតទៀងត្រង់ មិនប្រព្រឹត្តនូវបទល្មើស លួច ឆក់ ប្លន់ដែលជាបទល្មើសខុសច្បាប់ដែលនេះពិតជាបានបង្ហាញឱ្យឃើញថា បងប្អូនជាប្រជាពលរដ្ឋល្អ រស់នៅក្នុងសង្គម។

បន្ថែមពីនេះ លោកក៏បានណែនាំដល់ប្រជាពលរដ្ឋ ដែលប្រកបមុខរបររើសអេតចាយ ក្នុងករណីរកអ្វីមិនបានសម្រាប់បរិភោគ បងប្អូនអាចទៅសាខាកាកបាទក្រហមខណ្ឌដង្កោ ដើម្បីទទួលបានស្បៀងអាហារសម្រាប់ដោះស្រាយក្នុងជីវភាព។

លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការផ្តល់អំណោយមនុស្សធម៌របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនដល់បងប្អូនក្រីក្ររើសសំរាមនាពេលនេះ គឺបានបង្ហាញពីការយកចិត្តទុក ដាក់យ៉ាងខ្លាំងទៅលើសុខទុក្ខរបស់ប្រជាពលរដ្ឋក្រីក្រនាឱកាសរដូវបុណ្យទាននេះ ដែលអាចឱ្យពួកគាត់មានថវិកានិងសម្ភារសម្រាប់ធ្វើបុណ្យទាន ឬជូនអ្នកមានគុណក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។

ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង បាននាំការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្តេចជានិច្ចជាកាលតែងតែគិតគូរដល់បងប្អូនមានជីវភាពខ្វះខាត <<ហើយតែងតែណែនាំដល់យើងទាំងអស់គ្នា និងកៀគរសប្បុរសជនទាំងអស់ ឱ្យយល់ ឱ្យឃើញ និងធ្វើការចែករំលែកជាអំណោយ ថវិកា សម្ភារៈ និងស្បៀងអាហារ ជូនដល់បងប្អូនអ្នកក្រីក្រដែលនេះជាទឹកចិត្តមិនអាចខ្វះបាន របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាប្រមុខកាកបាទក្រហមកម្ពុជាយើង>>។

គួរបញ្ជាក់ថា អំណោយដែលបានប្រគល់ជូននេះ រួមមាន៖ អង្ករ៣០គីឡូក្រាម, មី០១កេសតូច, ទឹកត្រី០១យួរ, ទឹកស៊ីអ៉ីវ០១យួរ, ត្រីខកំប៉ុង០១ដុំ, ទឹកសុទ្ធមួយកេស និងថវិកាចំនួន៤០,០០០រៀល ក្នុងមួយគ្រួសារ ដើម្បីរួមចំណែក និងកាត់បន្ថយការចំណាយក្នុងជីវភាពគ្រួសារបានមួយចំណែក៕


























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...