រដ្ឋបាលរាជធានីភ្នំពេញ ស្នើឱ្យក្រុមហ៊ុនទទួលម៉ៅការ ដែលឈ្នះការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ យកចិត្តទុកដាក់ធានានូវគុណភាព ស្របតាមស្តង់ដារបច្ចេកទេសឱ្យបានត្រឹមត្រូវ

Posted By: RoogRog Robot | 23-Sep-2022 13:16:04

2022-09-23 01:10pm

(ភ្នំពេញ)៖ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានស្នើឱ្យក្រុមហ៊ុនទទួលម៉ៅការ ដែលឈ្នះការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ យកចិត្តទុកដាក់ធានានូវគុណភាព ស្របតាមស្តង់ដារបច្ចេកទេសឱ្យបានត្រឹមត្រូវ និងធានាសុវត្ថិភាពជូនដល់សាធារណៈជន ។

ការស្នើបែបនេះ របស់លោក នួន ផារ័ត្ន បានធ្វើឡើងក្នុងឱកាសអញ្ជើញជាតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២២ របស់រដ្ឋបាលខណ្ឌចំការមន នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ដោយមានការចូលរួមពីលោកអភិបាលរងខណ្ឌ, លោកនាយករងទីចាត់ផែនការ និងវិធិយោគរាជធានីភ្នំពេញ, លោកអនុប្រធានមន្ទីរផែនការរាជធានីភ្នំពេញ, នាយករដ្ឋបាលខណ្ឌ, ប្រធានការិយាល័/អង្គភាពចំណុះរដ្ឋបាលខណ្ឌទាំង១១, លោក-លោកស្រីលទ្ធកម្មសង្កាត់ទាំង០៥, លោក-លោកស្រីប្រធានភូមិទាំង៣៨, លោក-លោកស្រីតំណាងក្រុមហ៊ុនចូលរួមដេញថ្លៃ និងមន្ត្រីពាក់ព័ន្ធ។

លោក ហ៊ត វ៉ាន់ធី អភិបាលរងខណ្ឌចំការមន បានឱ្យដឹងថា ឆ្នាំ២០២២នេះ រដ្ឋបាលខណ្ឌបានដំណើរការដេញថ្លៃគម្រោងរបស់សង្កាត់ទាំង៥ ដូចជា៖ ការជួសជុលផ្លូវ ជីកដាក់លូរំដោះទឹក ជួសជុលផ្លូវអ៊ុតកៅស៊ូជាដើម។ ក្នុងនោះសង្កាត់ទន្លេបាសាក់ ដេញថ្លៃគម្រោងជួសជុលដាក់លូដោះទឹកមូល ២ខ្សែ និងផ្លូវបេតុងគ្មានសរសៃដែក (គ្រឹះថ្មមិច)។ សង្កាត់បឹងត្របែក ដេញថ្លៃគម្រោង ជួសជុលដាក់ប្រព័ន្ធលូដោះទឹកមូល។ សង្កាត់ទួលទំពូង១ ដេញថ្លៃគម្រោង ដាក់លូមូលរំដោះទឹក និងចាក់បេតុងកម្រាស់ ៧០មម ដោយចាក់បេតុងកាត់ថ្នល់ ៣កន្លែង។ សង្កាត់ទួលទំពូងទី២ ដេញថ្លៃគម្រោង៖ ជួសជុលដាក់លូដោះទឹកមូល២ខ្សែ ចាក់បេតុងផ្លូវ និងស្លាកសញ្ញាគម្រោង ១កន្លែង។ សង្កាត់ផ្សារដើមថ្កូវ ដេញថ្លៃលើគម្រោង ជួសជុលដាក់លូដោះទឹកមូល១ខ្សែ ចាក់ផ្លូវបេតុង១ខ្សែ និងស្លាកសញ្ញាគម្រោង ១កន្លែង។

លោក នួន ផារ័ត្ន បានលើកឡើងថា ក្រុមហ៊ុនត្រូវមានក្រមសីលធម៌ មានបទពិសោធន៍កន្លងមក មានក្រុមហ៊ុនទទួលការបានចូលរួមក្នុងកិច្ចលទ្ធកម្មនេះ ជាច្រើន ក្នុងនោះមានក្រុមហ៊ុនមួយចំនួនតូច ហ៊ានដេញថ្លៃទាប ខ្លាំងជាងតំលៃប៉ាន់ស្មាន ក៏ប៉ុន្តែដល់ពេលអនុវត្តគំរោង គឺមានភាពរយីករយាក យ៉ឺតពេល គ្មានសោភ័ណភាព គ្មានសុវត្ថិភាព គ្មានគុណភាព និងមិនអាចទទួលយកបាន ពោលក្រុមហ៊ុននោះ ចូលមកបំផ្លាញគម្រោងរបស់សង្កាត់តែម្តង។ តែទន្ទឹមនឹងនោះ ក៏មានអ្នកទទួលការមួយចំនួនធំ មានការទទួលខុសត្រូវ នឹងអនុវត្តបានល្អ រហូតទទួលបាននូវប័ណ្ណសរសើរ ពីសាលារាជធានីភ្នំពេញទៀតផង។

លោក នួន ផារ័ត្ន ក៏បានណែនាំដល់ក្រុមហ៊ុនចូលរួមដេញថ្ងៃទាំងអស់ ត្រូវពិចារណាឱ្យបានច្បាស់លាស់ពីតម្លៃ និងស្ថានភាពទីតាំ ងគម្រោង ហើយត្រូវគោរពនូវបទបញ្ជាផ្ទៃក្នុង ក្រមសីលធម៌ និងកិច្ចសន្យា គោលការណ៍សំខាន់ៗ អំពីការដេញថ្ងៃ។ កុំឱ្យមានការដេញថ្លៃបានហើយ បែរជាអនុវត្តមិនបាន។

លោកអភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា ថវិកាអភិវឌ្ឍន៍សង្កាត់នៅមានកម្រិត ដូច្នេះសូមប្រើប្រាស់ឱ្យយកចិត្តទុកដាក់លើបញ្ហានេះ ហើយក៏ជាការចាប់ផ្ដើមនៃការចាយថវិកាលើគម្រោងនីមួយៗ ដែលសង្កាត់អាចមានលទ្ធភាពក្នុងការគ្រប់គ្រងគម្រោងរបស់ខ្លួនបាន។

ជាមួយគ្នានេះដែរ លោក នួន ផារ័ត្ន បានគូសបញ្ជាក់ថា៖ <<រដ្ឋបាលរាជធានីភ្នំពេញនឹងចុះត្រួតពិនិត្យការងារអនុវត្តគម្រោងរបស់សង្កាត់ទាំងអស់អញ្ចឹងទេ សុំឱ្យក្រុមហ៊ុនទាំងអស់យកចិត្តទុកដាក់ ដោយការដេញថ្លៃនេះ សូមឱ្យធានាបាននូវភាពត្រឹមត្រូវគិតគូរឱ្យបានច្បាស់លាស់នូវតម្លៃ និងទំហំការងារ និងធានាសុវត្ថិភាពជូនដល់សាធារណៈជន និងធានាដល់គុណភាព ស្របតាមស្តង់ដារបច្ចេកទេសឱ្យបានត្រឹមត្រូវ>>។

សូមបញ្ជាក់ថា ក្រុមហ៊ុនចូលរួមដេញថ្លៃមានចំនួន៤ក្រុមហ៊ុន ចំពោះលទ្ធផលក្រុមហ៊ុន ដែលដេញថ្លៃបានតាមសង្កាត់នីមួយៗ មានដូចជា៖

ទី១៖ សង្កាត់ទន្លេបាសាក់ បានទៅក្រុមហ៊ុន អ៊ុយ សុភាព, ទី២៖ សង្កាត់ទួលទំពូងទី១ បានទៅក្រុមហ៊ុន អ៊ុយ សុភាព, ទី៣៖ សង្កាត់ទួលទំពូងទី២ បានទៅក្រុមហ៊ុន សុធីរាជ ខនស្រ្កាក់ សិន ទី៤៖ សង្កាត់បឹងត្របែក បានទៅក្រុមហ៊ុន លឹម ម៉ៅ ខនស្ក្រាក់សិន ទី៥៖ សង្កាត់ផ្សារដើមថ្កូវ (មិនបានបើកសំណើសុំដេញថ្លៃនោះទេ ដោយសារខ្វះកូរ៉ុមក្រុមហ៊ុនចូលរួមដេញថ្លៃ) ហើយក្រុមហ៊ុនដែលដេញថ្លៃបាននឹងចុះអនុវត្តគម្រោងនៅក្នុងឆ្នាំ២០២២នេះ៕






















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...