ប្រព័ន្ធចំណាងផ្លាត លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ជួយឱ្យការបើករថយន្តពេលយប់ មិនជួបការលំបាកនោះឡើយ (Video inside)

Posted By: RoogRog Robot | 23-Sep-2022 13:16:04

2022-09-23 01:14pm

(ភ្នំពេញ)៖ ប្រព័ន្ធចំណាំងផ្លាត ដែលបានរៀបចំនៅលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានជួយឱ្យការបើកបរនៅពេលយប់មិនជួបការលំបាកឡើយ ទោះបីមិនមានការបំពាក់ភ្លើងនៅលើទ្រូងផ្លូវ ឬអមសងខាងផ្លូវក៏ដោយ។

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលនឹងត្រូវបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ខាងមុខនេះ មានប្រជាពលរដ្ឋមួយសម្តែងការព្រួយបារម្ភរឿងបើកបរលំបាកនៅពេលយប់ ព្រោះតែមិនមានការបំពាក់ភ្លើងបំភ្លឺផ្លូវ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា ជាស្តង់ដារផ្លូវល្បឿនលឿននៅលើពិភពលោកអត់មានការបំពាក់អំពូលភ្លើងនោះឡើយ ព្រោះការធ្វើបែបនោះនឹងបន្ថែមបន្ទុកចំណាយកាន់តែច្រើនលើកថ្លៃអគ្គិសនី។ ប៉ុន្តែជំនួសឱ្យការបំពាក់ភ្លើងបំភ្លឺ គឺគេរៀបចំប្រព័ន្ធចំណាំងផ្លាតនៅលើផ្លូវ ដែលជួយឱ្យការបើកបរមិនជួបការលំបាកនោះឡើយ។

ដើម្បីពិនិត្យឱ្យបានកាន់តែច្បាស់ពីការរៀបចំប្រព័ន្ធចំណាំងផ្លាត ក៏ដូចជាស្ថានភាពជាក់ស្តែងក្នុងការបើកបរនៅពេលយប់មានសភាពបែបណានោះ? នៅយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំថ្នាក់ដឹកនាំក្រសួង ក៏ដូចជាក្រុមអ្នកសារព័ត៌មាន ធ្វើដំណើរទាំងយប់ឆ្លងកាត់ផ្លូវល្បឿនលឿនេះពីខាងខេត្តព្រះសីហនុ ឆ្ពោះមកកាន់រាជធានីភ្នំពេញ។

ជាមួយការធ្វើដំណើរនៅពេលយប់ បានធ្វើឱ្យយើងបានជ្រាបច្បាស់ពីស្ថានភាពបើកបរពេលយប់ នៅលើផ្លូវល្បឿនលឿននេះ ហើយក៏ជាការផ្តល់បទពិសោធន៍ថ្មីជាមួយការបើកបរលើផ្លូវ ល្បឿនលឿនជាលើកដំបូងនៅកម្ពុជា នាពេលយប់ផងដែរ។

ដើម្បីសម្រួលដល់ការបើកបរនៅពេលយប់ ក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿន បានរៀបចំប្រព័ន្ធចំណាំងផ្លាតបានយ៉ាងល្អនៅលើផ្លូវ។ ពួកគេបានរៀបចំបង្កប់ប្រព័ន្ធចំណាងផ្លាតនៅលើផ្លូវចំនួនពីរខ្សែ ហើយក៏មានបង្កប់ចំណាំងផ្លាតលើរបងដែកនៅចិញ្ចើមផ្លូវ និងរណាំងដែកលើសួនច្បារពុះចែកទ្រូងផ្លូវផងដែរ។

ប្រព័ន្ធចំណាងផ្លាត៤ខ្សែនៃគន្លងផ្លូវទាំងសងខាងនេះ បានបង្កើតជាចំណាំងផ្លាតយ៉ាងច្បាស់នៅពេលប៉ះជាមួយភ្លើងរថយន្ត។ ដូច្នេះធ្វើឱ្យអ្នកបើកបរមើលឃើញស្ថានភាពនៅលើផ្លូវបានយ៉ាងច្បាស់ ក្នុងចម្ងាយយ៉ាងឆ្ងាយ ដោយមិនបង្កការលំបាកសម្រាប់អ្នកបញ្ជាយានយន្តនោះឡើយ។

ក្រុមអ្នកបើកបរដែលបានបើករថយន្តលើផ្លូវល្បឿនលឿននាយប់ថ្ងៃទី២២ ខែកញ្ញា សុទ្ធតែបានបង្ហាញពីបច្ចេកទេសរៀបចំប្រព័ន្ធចំណាំងផ្លាតនេះថា ពិតជាបានបង្កភាពងាយស្រួលសម្រាប់ការបើកបរ ព្រោះធ្វើឱ្យមើលឃើញស្ថានភាពផ្លូវបានច្បាស់ មិនលំបាកបើកបរនោះឡើយ បើទោះបីគ្មានភ្លើងបំភ្លឺផ្លូវនៅតាមលើទ្រូងផ្លូវ ឬអមសងខាងផ្លូវក៏ដោយចុះ។

សូមបញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧.០៥គីឡូម៉ែត្រ បើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ផ្លូវនេះអនុវត្តការសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. ចំណាយថវិកាជាង ២ពាន់លានដុល្លារ សហរដ្ឋអាមេរិក មានគន្លងផ្លូវចំនួន៤គន្លង ទទឹងផ្លូវសរុប ២៤,៥ ម៉ែត្រ។ មានផ្លូវបំបែកទិស ៧កន្លែង មានកន្លែងឈប់សម្រាកចំនួន ៣កន្លែង ចំណតរថយន្ត១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំចំនួន ៤កន្លែង ស្ពានធំ និងស្ពានមធ្យមចំនួន ៤០កន្លែង ស្ពានតូចចំនួន៥កន្លែង ដែលឆ្លងកាត់រាជធានីភ្នំពេញប្រមាណ ៨គីឡូម៉ែត្រ និងខេត្តចំនួន០៤បួន ក្នុងនោះ៖ ខេត្តកណ្តាលប្រវែង ៩,១ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០,៨ គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង១,៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩,៨៩គីឡូម៉ែត្រ។

ផ្លូវជាប្រវត្តិសាស្ត្រនៅកម្ពុជាមួយខ្សែនេះ បានសាងសង់រួចរាល់ស្ទើរទាំងស្រុងហើយ ហើយនឹងដាក់ឱ្យធ្វើដំណើរនៅខែតុលា ជាមួយការមិនយកថ្លៃរយៈពេលមួយខែ។

ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ គឺជាគម្រោងផ្លូវល្បឿនលឿនទី១ និងជាគម្រោងផ្លូវ របៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅ ផែសមុទ្រក្រុងព្រះសីហនុ ពីចំនួនប្រាំម៉ោងមកត្រឹមតែពីរម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃភស្តុភារកម្មផងដែរ។

ជាមួយការធ្វើដំណើរពិនិត្យទាំងពេលថ្ងៃ និងពេលយប់ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានកោតសរសើរថា ផ្លូវល្បឿនលឿននៅកម្ពុជា សាងសង់ឡើងបានយ៉ាងល្អ និងត្រឹមត្រូវទៅតាមលក្ខណៈបច្ចេកទេស។ ធៀបនឹងផ្លូវល្បឿនលឿននៅតាមបណ្តាប្រទេសនានា ដែលលោកធ្លាប់បានធ្វើដំណើរនោះ ផ្លូវល្បឿនលឿននៅកម្ពុជា មានគុណភាព និងបច្ចេកទេសមិនចាញ់គេនោះឡើយ៕















































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...