រដ្ឋមន្ត្រីការបរទេសជប៉ុន អរគុណសម្តេចតេជោ ហ៊ុន សែន ចំពោះកិច្ចប្រឹងប្រែងជួយដោះស្រាយ បញ្ហារបស់មីយ៉ាន់ម៉ា

Posted By: RoogRog Robot | 06-Aug-2022 13:38:38

2022-08-06 12:34pm

(ភ្នំពេញ)៖ លោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា រដ្ឋមន្ត្រីការបរទេសជប៉ុន បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន បានប្រឹងប្រែងជួយដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។ លោករដ្ឋមន្ត្រីការបរទេសជប៉ុន បានថ្លែងអំណរគុណចំពោះកិច្ចប្រឹងប្រែងមួយនេះ។

លោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា បានលើកឡើងបែបនេះ ក្នុងចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃសៅរ៍ ទី០៦ ខែសីហា ឆ្នាំ២០២២នេះ នៅវិមានសន្តិភាព។

ពាក់ព័ន្ធនឹងបញ្ហារបស់មីយ៉ាន់ម៉ានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាប្រឹងប្រែងសម្របសម្រួលយ៉ាងខ្លាំង ដើម្បីឱ្យស្ថានភាពវិលត្រឡប់ទៅរកប្រក្រតីភាព និងគន្លងប្រជាធិបតេយ្យឡើងវិញ។

ក្នុងនាមជាប្រធានអាស៊ាន កម្ពុជា បានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការសម្របសម្រួល និងរកគន្លឹះ ដើម្បីដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ា។ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន បានធ្វើដំណើរទៅកាន់មីយ៉ាន់ម៉ាដោយផ្ទាល់ ដើម្បីស្វះស្វែងរកដំណោះស្រាយលើវិបត្តិរបស់មីយ៉ាន់ម៉ានេះ ពេលក្លាយជាប្រធានអាស៊ានភ្លាមកាលពីខែមករា ឆ្នាំ២០២២ បើទោះបីដំណើរទស្សនកិច្ចនោះ រងសម្ពាធ និងត្រូវបានគេរិះគន់មួយចំនួនក៏ដោយនោះ។

បន្ថែមពីលើនោះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ក៏បានធ្វើដំណើរទៅកាន់មីយ៉ាន់ម៉ាចំនួនពីរដងផងដែរ ដើម្បីស្វែងរកដំណោះស្រាយលើវិបត្តិរបស់មីយ៉ាន់ម៉ា និងការផ្តល់ជំនួយមនុស្សធម៌ជាដើម។

សម្តេចតេជោ ហ៊ុន សែន បានប្រាប់រដ្ឋមន្ត្រីការបរទេសជប៉ុនថា បញ្ហារបស់មីយ៉ាន់ម៉ានេះ កម្ពុជាបានដោះស្រាយផ្អែលើស្ថានភាពជាក់ស្តែង និងសមស្រប ដោយឈរលើគោលជំហរចំនួន៣ គឺបន្ថយហិង្សា ផ្តល់ជំនួយ និងបង្កបរិយាកាសល្អសម្រាប់អ្នកនយោបាយគ្រប់ភាគីនៅមីយ៉ាន់ម៉ា។

បើទោះបីយ៉ាងណា សម្តេចតេជោ បានបង្ហាញនូវការសោកស្តាយចំពោះស្ថានការណ៍វិវឌ្ឍន៍ចុងក្រោយនៅមីយ៉ាន់ម៉ា ចំពោះការកាត់ទោសប្រហារជីវិតអ្នកនយោបាយប្រឆាំង៤រូប។

សម្តេចតេជោ បានអះអាងថា កម្ពុជានៅតែបន្តប្រឹងប្រែងជួយដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ា ជាបន្តទៅទៀត ដើម្បីស្ថានការណ៍នយោបាយប្រទេសនេះវិលរកប្រក្រតី និងតាមគន្លងប្រជាធិបតេយ្យឡើងវិញ។

សូមបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាមេរិក និងអូស្ត្រាលី ក៏បានអរគុណកម្ពុជា ចំពោះកិច្ចប្រឹងប្រែងជួយដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ានេះផងដែរ ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នៅក្នុងសប្តាហ៍នេះ៕









News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...