ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ប្រកាសបើកទ្វារស្វាគមន៍អ្នកនយោបាយបក្សផ្សេងមករួមរស់ក្រោមដំបូលគណបក្សហ៊្វុនស៊ិនប៉ិច

Posted By: RoogRog Robot | 20-Jan-2022 16:17:20

2022-01-20 03:15pm

(បាត់ដំបង)៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ប្រធានស្តីទីគណបក្សហ៊្វុនស៊ិនប៉ិច ទ្រង់មានបន្ទូលបើកទ្វារចំហរជានិច្ចស្វាគមន៍ ចំពោះអតីតថ្នាក់ដឹកនាំ ឬអ្នកនយោបាយគណបក្សផ្សេងដែលចង់មករួមរស់ក្រោមដំបូលគណបក្សហ៊្វុនស៊ិន ដើម្បីចូលរួមថែរក្សា សុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ការមានបន្ទូលបែបនេះ របស់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានធ្វើឡើងនៅព្រឹកថ្ងៃ២០ ខែមករា ឆ្នាំ២០២២នេះ ក្នុងឱកាសដែលទ្រង់ បានយាងក្នុងពិធីសំណេះសំណាលជួបជុំជាមួយថ្នាក់ដឹកនាំខេត្ត ស្រុក ឃុំ និងរចនាសម្ព័ន្ធគណបក្ស ក្នុងខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង។ អមព្រះដំណើរនាឱកាសនោះក៏មានការអញ្ជើញពីអនុប្រធានគណបក្ស ព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូបផងដែរ។

នាឱកាសនោះដែរ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ទ្រង់មានបន្ទូលណែនាំដល់សមាជិក សមាជិកគណបក្សហ្វ៊ុនស៊ិនប៉ិច នៅមូលដ្ឋានខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ពីការងាររបស់គណបក្ស ដើម្បីត្រៀមលក្ខណៈចូលរួមក្នុងការបោះឆ្នោតជ្រើសរើសមាជិក ក្រុមប្រឹក្សាឃ្មុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ព្រមទាំងគោលនយាយរបស់គណបក្សជាដើម។

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានមានបន្ទូលកោតសរសើរចំពោះថ្នាក់ដឹកនាំគណបក្សខេត្ត ដែលនៅតែមានស្មារតីអង្គអាច ខិតខំសាមគ្គីគ្នា ក្នុងការប្រមែលប្រមូល ចង់ក្រងសមាជិកគាំទ្រយ៉ាងសកម្ម នៅមូលដ្ឋាន។

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ទ្រង់បានអំពាវនាវឱ្យថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់បន្តខិតខំប្រឹងប្រែងដើម្បីឱ្យគណបក្សរាជានិយមមួយនេះ មានសម្លេងគាំទ្រឡើងវិញឈានទៅរកភាពថ្កុំថ្កើនសារជាថ្មី៕















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...