លោកស្រី ឱ វណ្ណឌីន បញ្ជាក់អំពីវិធានការសុខាភិបាល ដែលបន្ដអនុវត្តនៅច្រកទ្វារព្រំដែន ភ្នំឌិន ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ (Video inside)

Posted By: RoogRog Robot | 20-Jan-2022 15:53:03

2022-01-20 02:43pm

(តាកែវ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស បានអះអាងថា អាជ្ញាធរដែលប្រចាំការនៅគោលដៅ ច្រកទ្វារអន្ដរជាតិភ្នំឌីន ស្ថិតក្នុងខេត្តតាកែវ នៅតែបន្ដអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការសុខាភិបាល ដើម្បីពិនិត្យសុខភាពអ្នកដែលធ្វើដំណើរឆ្លងកាត់។

ក្នុងឱកាសដឹកនាំមន្ដ្រីជំនាញចុះពិនិត្យដំណើរការចាក់វ៉ាក់សាំង នៅខេត្តតាកែវ ហើយក៏ឆ្លៀតពិនិត្យស្ថានភាពនៅច្រកទ្វារព្រំដែនអន្ដរជាតិព្រំឌិន នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ លោកស្រី ឱ វណ្ណឌីន បានកត់សម្គាល់ឃើញថា មន្ដ្រីដែលប្រចាំការនៅទីនោះ ពិសេសមន្ដ្រីសុខាភិបាល នៅតែបន្ដអនុវត្តគោលការណែនាំប្រតិបត្តិពីថ្នាក់ជាតិ ពាក់ព័ន្ធការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ បានត្រឹមត្រូវ។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់បែបនេះថា <<តាមការពិនិត្យរដ្ឋបាលនៅច្រកនេះ បានអនុវត្តទៅតាមគោលការណែនាំប្រតិបត្តិពីថ្នាក់ជាតិ ហើយក្រុមគ្រូពេទ្យដែលត្រួតពិនិត្យសុខភាព ក៏បានអនុវត្តទៅតាមគោលការណ៍ ដោយមានឆែកសុខភាពរបស់អ្នកដំណើរ មានការវាស់កំដៅ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់អ្នកដំណើរ។ ក្នុងករណីគាត់ចាក់គ្រប់ដូសមូលដ្ឋានហើយនោះ ក្រុមការងារនឹងអនុញ្ញាតឲ្យធ្វើដំណើរចូល>>។

មន្ដ្រីជំនាញសុខាភិបាលរូបនេះ បានអះអាងថា បើតាមការសាកសួរមន្ដ្រីដែលប្រចាំការនៅទីនោះ អ្នកដែលត្រូវធ្វើដំណើរឆ្លងកាត់នៅច្រកទ្វារអន្ដរជាតិ ព្រំឌិននេះ មិនមានច្រើននោះទេ ពោលអនុញ្ញាតឲ្យតែអ្នកវិនិយោគតែប៉ុណ្ណោះ ដូច្នេះក្នុងមួយថ្ងៃមានត្រឹមរង្វង់ ៤ទៅ៥នាក់ប៉ុណ្ណោះ។ អ្វីដែលមានសកម្មភាពច្រើននោះ គឺការដឹកជញ្ជូនទំនិញឆ្លងកាត់ពីកម្ពុជា ទៅវៀតណាម ពីវៀតណាម មកកម្ពុជា។

ពាក់ព័ន្ធអ្នកបើករថយន្ដដឹកទំនិញទាំងអស់នោះ ក៏មិនអនុញ្ញាតឲ្យឆ្លងចេញចូលឡើយ ដោយត្រូវធ្វើការផ្លាស់ប្ដូរគ្នានៅច្រកទ្វារព្រំដែន មានន័យថា នៅពេលរថយន្ដវៀតណាមមកដល់ព្រំដែន ត្រូវផ្លាស់ប្ដូរអ្នកបើកបរកម្ពុជា ហើយសម្រាប់រថយន្ដកម្ពុជា ដែលត្រូវចូលទៅប្រទេសវៀតណាម ត្រូវផ្លាស់ប្ដូរអ្នកបើកបរវៀតណាម ដើម្បីធានាដល់ការគ្រប់គ្រង និងទប់ស្កាត់ជំងឺកូវីដ១៩៕

សូមស្ដាប់ការលើកឡើងរបស់លោកស្រី ឱ វណ្ណឌីន៖



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...