អគ្គលេខាប្រតិបត្តិហ៊្វុនស៊ិនប៉ិច ស្នើសម្ដេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី គាំទ្របេក្ខភាពព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាប្រធានបក្ស

Posted By: RoogRog Robot | 20-Jan-2022 12:18:03

2022-01-20 11:14am

(ភ្នំពេញ)៖ អគ្គលេខាប្រតិបត្តិគណបក្សហ៊្វុនស៊ិនប៉ិច លោក អាំង សំបូរ បានសរសេរលិខិតមួយច្បាប់ ទូលថ្វាយសម្ដេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ដោយបានបង្គំសុំការគាំទ្រពីព្រះអង្គចំពោះបេក្ខភាពព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ដោយថា ដើម្បីធ្វើតាមព្រះបំណងចុងក្រោយរបស់សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ។

លិខិតអគ្គលេខាប្រតិបត្តិគណបក្សហ៊្វុនស៊ិនប៉ិច បានធ្វើឡើងបន្ទាប់ បន្ទាប់ពីហ៊្វុនស៊ិនប៉ិចមានភាពចម្រូងចម្រាស់ ក្នុងចង្កោមថ្នាក់ដឹកនាំបក្ស ក្រោយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្ស យាងចូលទីវង្គត ជាពិសេសជុំវិញការតែងតាំងប្រធានថ្មីគណបក្សមួយនេះ។

ក្នុងពេលជាមួយគ្នានេះ គេបានឃើញមាន២ភាគី ដែលម្ខាងគាំទ្រប្រធានស្ដីទី ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាព្រះបុត្រាច្បង របស់សម្តេចក្រុមព្រះ និងភាគីម្ខាងទៀតគាំទ្រដល់សម្ដេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ជាព្រះអនុជរបស់សម្តេចក្រុមព្រះ ឱ្យធ្វើជាប្រធានបក្សថ្មី។

លោក អាំង សំបូរ បានសរសេររៀបរាប់នៅក្នុងលិខិតយ៉ាងដូច្នេះថា៖ <<ទូលបង្គំយើងខ្ញុំទាំងអស់គ្នា មានជំនឿចិត្ត និងសង្ឃឹមយ៉ាងមុតមាំថា ក្រោយពីសម្ដេចរាជបុត្រីទ្រង់បានជ្រាបនូវរបាយការណ៍ខាងលើនេះហើយ សម្ដេចរាជបុត្រី ប្រាកដជាគាំទ្រ និងជ្រោមជ្រែងម្ចាស់ក្មួយ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច យ៉ាងពិតប្រាកដពុំខាន>>។

លោក អាំង សំបូរ បានបញ្ជាក់ថា បច្ចុប្បន្ននេះ គណបក្សហ៊្វុនស៊ិនប៉ិចកំពុងស្ថិតនៅក្រោមការដឹកនាំគ្រប់គ្រងចាត់ចែង និងដំណើរការយ៉ាងសកម្ម ក្រោមការដឹកនាំរបស់ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានស្តីទីគណបក្ស ដែលទទួលបានការប្រទានសិទ្ធិពី សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ស្របតាមខ្លឹមសារប្រការ២៤ នៃលក្ខន្តិកៈគណបក្សហ៊្វុនស៊ិនប៉ិច ដែលតម្កល់ទុកនៅក្រសួងមហាផ្ទៃ។

កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ អតីតមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច ដែលជាអ្នកធ្លាប់តាមដង្ហែសម្តេចក្រុមព្រះ បានចេញសេចក្ដីប្រកាសថា សមាជិកគណបក្សហ៊្វុនស៊ិនប៉ិច បានសម្រេចយាងសម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ធ្វើជាព្រះប្រធានបក្ស។

ជុំវិញភាពចម្រូងចម្រាស់នេះដែរ លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា <<ខាងគណបក្សអត់មានអ្វីដែលត្រូវឆ្លើយតបជាមួយពួកគាត់នោះទេ ព្រោះសេចក្តីប្រកាសរបស់ពួកគាត់ជារឿងដដែលៗ មកពេលនេះ គណបក្សដំណើរការធម្មតា ក្រោមការដឹកនាំដោយផ្ទាល់របស់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានស្តីទី។ ដោយឡែកសមាជរបស់គណបក្ស គឺយើងគ្រោងធ្វើនៅចុងខែមករា ឆ្នាំ២០២២នេះ ហើយវាអត់ស្ថិតនៅក្នុងប្រធានស័ក្តិនោះទេ មុននឹងសម្តេចក្រុមព្រះ យាងសោយទីវង្គត គឺសម្តេចបានតែងតាំងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាអនុប្រធាន បន្ទាប់មកប្រគល់សិទ្ធិជូនព្រះអង្គដឹកនាំគណបក្ស បន្ទាប់ពីព្រះអង្គអវត្តមាន>>។

រហូតមដល់ពេលនេះ គណបក្សហ៊្វុនស៊ិនប៉ិច ដែលធ្លាប់ជាគណបក្សធំមួយ ដែលធ្លាប់ទទួលបានអសនៈក្នុងរដ្ឋសភា និងចូលរួមដឹកនាំរដ្ឋាភិបាល បានបែកបាក់ជាបន្តបន្ទាប់ និងមិនមានអសនៈនៅក្នុងរដ្ឋសភាទៀតឡើយ៕





News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...