កិច្ចចរចានុយក្លេអ៊ែរអ៉ីរ៉ង់ឡើងវិញ កំពុងលេចចេញចំហាយ «វិជ្ជមាន» ជាបណ្តើរៗ

Posted By: RoogRog Robot | 15-Jan-2022 11:43:29

2022-01-15 10:37am

(វីយែន)៖ បន្ទាប់់ពីបានរងនូវភាពជូរចត់ អស់ជាច្រើនសប្តាហ៍រួចមក កិច្ចចរចាឡើងវិញនៃកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់ អាចមើលឃើញនូវពន្លឺវិជ្ជមានហើយ នៅក្នុងការស្តារកិច្ចព្រមព្រៀងកាលពីឆ្នាំ ២០១៥ នោះឡើយវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នាព្រឹកថ្ងៃសៅរ៍ ទី១៥ ខែមករា ឆ្នាំ២០២២។

ក្រុមអ្នកតាមដានអន្តរជាតិបានមើលឃើញថា នេះជាសញ្ញាវិជ្ជមានដំបូង គិតចាប់តាំងពីកិច្ចចរចាបានចាប់ផ្តើមដណើរការឡើងវិញ កាលពីកំលុងខែវិច្ឆិកា ឆ្នាំ២០២១មក ខណៈដែលបណ្តាមហាអំណាចលោកខាងលិច នៅតែបន្តដុតដៃដុតជើង ក្នុងការទប់ស្កាត់អ៉ីរ៉ង់ មិនឲ្យអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរតទៅមុខទៀត។

ជុំវិញការវិវឌ្ឍចុងក្រោយនេះ លោក ចូសិព បូរ៉ែល (Josep Borrell) ប្រធានផ្នែកនយោបាយ នៃសហភាពអឺរ៉ុប (EU) បានថ្លែងនៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅទីក្រុងវីយែន) ថា <<នេះគឺជាបរិយាកាសដ៏ល្អប្រសើរមួយ បន្ទាប់ពីថ្ងៃបុណ្យគ្រីស្មាក់កន្លងទៅ... ព្រោះនៅមុនថ្ងៃបុណ្យគ្រីស្មាក់ ខ្ញុំបានកើតមានគំនិតទុទិដ្ឋិនិយមរួចទៅហើយ...។ ថ្ងៃនេះខ្ញុំជឿជាក់ថា ការសម្រេចកិច្ចព្រមព្រៀង គឺអាចទៅរួច>>។

គួរបញ្ជាក់ថា កាលពីដើមសប្តាហ៍នេះ អ្នកនាំពាក្យរដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ ក៏បានលើកឡើងផងដែរថា កិច្ចខិតខំប្រឹងប្រែងពីសំណាក់គ្រប់ភាគីទាំងអស់ ដើម្បីធ្វើឲ្យកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ ២០១៥ រស់ឡើងវិញនោះ បានស្ថិតនៅក្នុងដំណើរការដ៏ល្អ។ ដោយឡែកតំណាងរដ្ឋាភិបាលរុស្ស៊ី ក៏បានបញ្ចេញទស្សនៈស្រដៀងគ្នានេះដែរ៕





News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...