សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ថ្លែងអំណរគុណឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសសិង្ហបុរី ដែលអញ្ជើញក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាជាមួយសាកលវិទ្យាល័យ ជេមស៍ ខុក សិង្ហបុរី

Posted By: RoogRog Robot | 15-Jan-2022 11:36:07

2022-01-15 10:28am

(ភ្នំពេញ)៖ លោកបណ្ឌិត លី ឆេង ស្ថាបនិក-អគ្គនាយក ប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក សុខ ខឿន ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសិង្ហបុរី ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងមមាញឹកផ្តល់កិត្តិយស អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា (MOU) តាមប្រព័ន្ធអេឡិចត្រូនិក រវាងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និង សាកលវិទ្យាល័យ ជេមស៍ ខុក សិង្ហបុរី (JAMES COOK UNIVERSITY SINGAPORE) នៃសាធារណរដ្ឋសិង្ហបុរី ដែលបានប្រព្រឹត្ត ទៅកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។

វត្តមានដ៏ខ្ពង់ខ្ពស់របស់ លោកឯកអគ្គរាជទូត គឺមានតម្លៃដ៏វិសេសវិសាល និងប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅ ក្នុងការជំរុញ និងបង្កើននូវភាពជឿជាក់កាន់តែខ្លាំង និងមានទំនុកចិត្តកាន់តែមុតមាំ លើគុណភាព នៃការបណ្តុះបណ្តាលរបស់សាកលវិទ្យាល័យដៃគូទាំងពីរ ជាពិសេសវត្តមានរបស់លោកឯកអគ្គរាជទូត ក៏បានបង្ហាញពីការចូលរួមចំណែកដ៏ធំធេង ក្នុងការលើកកម្ពស់ និងបង្ហាញនូវកិត្យានុភាព នៃវិស័យ អប់រំកម្ពុជា នៅលើឆាកអន្តរជាតិ ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានកំណត់យក ធនធានមនុស្ស ជាវិស័យអាទិភាពលំដាប់ទី១ ក្នុងចំណោមវិស័យអាទិភាពផ្សេងទៀត។

សូមរំលឹកផងដែរថា កាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានចុះអនុស្សរណៈយោគយល់គ្នា (MOU) តាមប្រព័ន្ធអេឡិចត្រូនិក ជាមួយសាកលវិទ្យាល័យ ជេមស៍ ខុក សិង្ហបុរី នៃសាធារណរដ្ឋសិង្ហបុរី ក្រោមអធិបតីភាពលោក សុខ ខឿន ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសិង្ហបុរី ព្រមទាំងលោក លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និង លោកបណ្ឌិត គ្រិស រ៉ាដ អនុអធិការបតីរង និងនាយកសាខា សាកលវិទ្យាល័យ ជេមស៍ ខុក សិង្ហបុរី។

សាកលវិទ្យាល័យ ជេមស៍ ខុក សិង្ហបុរីនេះ គឺជាសាកលវិទ្យាល័យ ដៃគូអន្តរជាតិទី៦០ របស់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដោយសាកលវិទ្យាល័យ ដៃគូអន្តរជាតិ ចំនួន៥៩ ផ្សេងទៀតរួមមានទី១ ប្រទេសអង់គ្លេស ចំនួន៥, ទី២៖ សហរដ្ឋអាមេរិក ចំនួន៩ ទី៣៖ កាណាដា ចំនួន២, ទី៤៖ អូស្ត្រាលី ចំនួន២, ទី៥៖ សិង្ហបុរី ចំនួន៣, ទី៦៖ ចិន ចំនួន១៣, ទី៧៖ កូរ៉េខាងត្បូង ចំនួន៣, ទី៨៖ ជប៉ុន ចំនួន៤, ទី៩៖ ម៉ាឡេស៊ី ចំនួន៦, ទី១០៖ ថៃ ចំនួន៦, ទី១១៖ ឥណ្ឌូនេស៊ី ចំនួន១, ទី១២៖ នូវែលសេឡង់ ចំនួន១, ទី១៣៖ស្វីស ចំនួន១, ទី១៤៖ បង់ក្លាដេស ចំនួន១, ទី១៥៖ បារាំង ចំនួន១ និងទី១៦៖ វែល ចំនួន១៕

















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...