អគ្គនាយកដ្ឋានគយ រំលឹកម្ចាស់រថយន្ដអត់ពន្ធទាំងអស់ ត្រូវរួសរាន់បង់ពន្ធឲ្យបានមុនដំណាច់ខែនេះ ដើម្បីទទួលបានការអនុគ្រោះ១០ភាគរយ

Posted By: RoogRog Robot | 01-Dec-2021 20:04:34

2021-12-01 06:58pm

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងក្រើនរំលឹកដល់ម្ចាស់រថយន្ដអត់ពន្ធ ជ្រកក្រោមផ្លាកលេខផ្សេងៗទាំងអស់ ត្រូវរួសរាន់មកបង់ពន្ធឲ្យបានមុនដំណាច់ខែធ្នូ ឆ្នាំ២០២១នេះ ដើម្បីទទួលបានការបន្ធូរបន្ថយ១០ភាគរយ ហើយគយនឹងធ្វើការបង្ក្រាបនៅពេលផុតឱសានវាទនេះ។ នេះបើតាមសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា <<អនុលោមតាមលិខិតលេខ ៤៨២ សជណ.ហធ ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ របស់ទីស្តីការគណៈរដ្ឋមន្ត្រីនិងយោងតាមសេចក្តីជូនដំណឹងលេខ ១៩៨៣/២១ អគរ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) ស្តីពីការអនុវត្តគោលការណ៍ និងយន្តការ នៃការប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេស ដែលកំពុងជ្រកក្រោមផ្លាកលេខផ្សេងៗ អគរ សូមធ្វើការរំលឹកដល់ម្ចាស់រថយន្តពាក់ព័ន្ធ មេត្តាជ្រាបថាការអនុគ្រោះបន្ធូរបន្ថយប្រាក់ពន្ធ-អាករចំនួន ១០ភាគរយ សម្រាប់រថយន្តចង្កូតឆ្វេង នឹងត្រូវដល់ឱសានវាទត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ>>។

បើតាមអគ្គនាយកដ្ឋានគយ ផុតកាលបរិច្ឆេទកំណត់នេះ ម្ចាស់រថយន្តចង្កូតឆ្វេងគ្មានពន្ធ មានស្រាប់ក្នុងប្រទេសនឹងត្រូវបង់ប្រាក់ពន្ធ និងអាករពេញលេញ ដោយមិនទទួលបានការអនុគ្រោះបន្ធូរបន្ថយ ១០% ទៀតទេ។ ម្យ៉ាងទៀតទោះបីជាការអនុញ្ញាតឲ្យចូលមកបង់ពន្ធ និងអាករនេះ នឹងបន្តរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ក្តី ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២តទៅ អគរ អាចនឹងចុះធ្វើការបង្ក្រាបជាយថាហេតុ នៅតាមទីសាធារណៈ លើរថយន្តគ្មានពន្ធ និងអាករគ្រប់ប្រភេទ។

ដោយឡែកចំពោះរថយន្តចង្កូតស្ដាំ ការអនុគ្រោះបន្ធូរបន្ថយប្រាក់ពន្ធ-អាករត្រូវបង់ ចំនួន១០ភាគរយ នឹងត្រូវបន្តរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដើម្បីមានពេលវេលាក្នុងការកែចង្កូតពីស្តាំមកឆ្វេង ឲ្យស្របតាមច្បាប់ចរាចរណ៍ផ្លូវគោករបស់កម្ពុជា។ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២តទៅ អគរ នឹងអនុវត្តវិធានការបង្ក្រាបយ៉ាងម៉ឺងម៉ាត់បំផុត។ បន្ទាប់ពីបង្ក្រាបបាន ម្ចាស់រថយន្តចង្កូតឆ្វេង នឹងត្រូវបង់ពន្ធ-អាករ និងពិន័យ ហើយរថយន្តចង្កូតស្តាំ នឹងត្រូវដោះជាគ្រឿងបន្លាស់ ឬកម្ទេចចោល តាមនីតិវិធីជាធរមាន៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...