ការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកកំពុងរីករាលដាលយ៉ាងខ្លាំងនៅប្រទេសវៀតណាម

Posted By: RoogRog Robot | 25-Nov-2021 23:26:32

2021-11-25 10:20pm

(ហាណូយ)៖ រដ្ឋាភិបាលវៀតណាមបានឱ្យដឹងថា ការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកកំពុងរីករាលដាលយ៉ាងខ្លាំងក្នុងប្រទេសវៀតណាម ហើយកំពុងប៉ះពាល់ដល់ឧស្សាហកម្មចិញ្ចឹមជ្រូកក្នុងស្រុក ដែលបង្ខំឱ្យមានការសម្លាប់ជ្រូកចោលច្រើនជាងកាលពីឆ្នាំមុនបីដង។ នេះបើយោងតាមកាសែត Channel News Asia។

រដ្ឋាភិបាលវៀតណាមបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ <<ការផ្ទុះជំងឺនេះកំពុងវិវត្តក្នុងលក្ខណៈស្មុគស្មាញ។ វាកំពុងគំរាមកំហែងឆ្ពោះទៅរកការរីករាលដាល់ទ្រង់ទ្រាយធំ>>។

កាសែត Channel News Asia បានរាយការណ៍ថា នៅឆ្នាំនេះការផ្ទុះជំងឺប៉ុស្តិ៍ជ្រូកបានរីករាលដាលដល់ ២.២៧៥តំបន់ ក្នុងខេត្ត/ក្រុងចំនួន ៥៧ ក្នុងចំណោមខេត្ត/ក្រុងចំនួន៦៣ របស់ប្រទេសវៀតណាម។ អាជ្ញាធរវៀតណាមរហូតមកដល់ពេលនេះបានសម្លាប់ជ្រូកចោលចំនួន ២៣ម៉ឺនជ្រូកហើយ។

ជំងឺប៉េស្តជ្រូកអាហ្វ្រិកមិនបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ ប៉ុន្តែជារឿយៗបង្កឱ្យជ្រូកស្លាប់។ ជំងឺនេះមានប្រភពមកពីទ្វីបអាហ្រ្វិក មុនពេលរីករាលដល់មកកាន់តំបន់អឺរ៉ុប និងអាស៊ី ហើយបានសម្លាប់ជ្រូករាប់លានក្បាល់។

ប្រទេសវៀតណាមបានរាយការណ៍ករណីជំងឺប៉េស្តជ្រូកអាហ្វ្រិកដំបូងរបស់ខ្លួននៅខែកុម្ភៈ ឆ្នាំ២០១៩។ ជំងឺនេះបានបង្ខំឱ្យមានការសម្លាប់ជ្រូកចោលប្រហែល ២០ភាគរយនៃជ្រូករបស់ប្រទេសនេះ និងបានជំរុញឱ្យតម្លៃសាច់ជ្រូកក្នុងស្រុកកើនឡើងទ្វេដងកាលពីដើមឆ្នាំមុន។

ការផ្ទុះជំងឺនេះបានថមថយមកវិញក្នុងអំឡុងពេលនៅសេសសល់ក្នុងឆ្នាំមុន និងនៅដើមឆ្នាំនេះ ដែលអាចឱ្យប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះស្តារហ្វូងជ្រូករបស់ខ្លួនបានឡើងវិញ។ នេះបើយោងតាមកាសែត Channel News Asia៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...