ប្រទេសមួយចំនួន រួមទាំងសហរដ្ឋអាមេរិក ចិន និងជប៉ុន សហការគ្នាបញ្ចេញប្រេងពីស្តុកយុទ្ធសាស្រ្តរបស់ជាតិដើម្បីទម្លាក់តម្លៃប្រេងឆៅពិភពលោក

Posted By: RoogRog Robot | 25-Nov-2021 23:26:32

2021-11-25 10:25pm

(វ៉ាស៊ីនតោន)៖ ប្រទេសមួយចំនួន រួមទាំងសហរដ្ឋអាមេរិក ចិន និងជប៉ុន បានសម្រេចបញ្ចេញប្រេងឆៅពីស្តុកយុទ្ធសាស្រ្តរបស់ខ្លួនក្នុងគោលបំណងទម្លាក់តម្លៃប្រេងពិភពលោកដែលកើនឡើងខ្ពស់បំផុតក្នុងពេលថ្មីៗនេះ និងទប់ស្កាត់កំណើនអតិផរណា។

ការបញ្ចេញស្តុកនេះធ្វើឡើង បន្ទាប់ក្រុមប្រទេសផលិតប្រេងដែលជាសមាជិករបស់អង្គការ OPEC និងប្រទេសសម្ព័ន្ធមិត្តរបស់អង្គការនេះបានបដិសេធទៅនឹងសំណើជាច្រើនដងដែលស្នើដោយអាមេរិក និងប្រទេសប្រើប្រាស់ប្រេងផ្សេងទៀតឱ្យបូមប្រេងឆៅបន្ថែមដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើង។

តម្លៃប្រេងនៅដើមនេះបានកើនឡើងតម្លៃខ្ពស់បំផុតក្នុងរយៈពេល ៧ឆ្នាំដល់ខ្ពស់ជាង ៨៦ដុល្លារក្នុងមួយបារ៉ែល។

ក្រោយមក អាមេរិកក៏បានស្នើសុំទៅកាន់ប្រទេសចិន ឥណ្ឌា កូរ៉េខាងត្បូង និងជប៉ុនឱ្យបញ្ចេញប្រេងបម្រុងពីស្តុកយុទ្ធសាស្រ្តដោយធ្វើការងាររួមគ្នាជាមួយនឹងសហរដ្ឋអាមេរិក។

បន្ទាប់ពីទទួលបានការស្នើសុំនេះ ប្រទេសមួយចំនួនក៏សម្រេចបញ្ចេញស្តុកប្រេងរបស់ខ្លួន ហើយអាមេរិកខ្លួនឯងក៏បានសម្រេចបញ្ចេញលក់ប្រេងរបស់ខ្លួនផងដែរ។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ នៅថ្ងៃទី២៥ ខែវិច្ឆិកា សហរដ្ឋអាមេរិកបានបញ្ជាក់ពីការលក់ប្រេងឆៅ ៣២លានបារ៉ែលពីទីតាំងស្តុកប្រេងបម្រុងយុទ្ធសាស្រ្ត (SPR) ចំនួន៤ ដែលនឹងត្រូវចែកចាយនៅចុងខែធ្នូ ឆ្នាំ២០២១ និងខែមេសា ឆ្នាំ២០២២ ដើម្បីព្យាយាមទម្លាក់តម្លៃប្រេងពិភពលោក។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា បន្ទាប់ពីការប្រកាសបញ្ចេញប្រេងស្តុករបស់ប្រទេសទាំងនេះ នៅថ្ងៃទី២៥ ខែវិច្ឆិកានេះ ប្រេងឆៅប្រភេទ West Texas Intermediate បានធ្លាក់ថ្លៃ ០,៣% មកនៅត្រឹម ៧៨,១៦ដុល្លារក្នុងមួយបារ៉ែល ខណៈដែលប្រេងឆៅប្រភេទ Brent បានធ្លាក់ថ្លៃ ០,១ភាគរយមកនៅត្រឹម ៨២,១៧ដុល្លារក្នុងមួយបារ៉ែល។

ប្រទេសផ្សេងទៀតរួមមាន៖

* ប្រទេសជប៉ុនកាលពីថ្ងៃពុធលោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុនក៏បានបញ្ជាក់ពីការបញ្ចេញស្តុកប្រេង តែលោកនាយករដ្ឋមន្ត្រីរូបនេះមិនបានបញ្ជាក់ពីចំនួនប្រេងដែលត្រូវលក់មកលើទីផ្សារនោះទេ។ ទោះជាយ៉ាង កាសែត Nikkei បានរាយការណ៍កន្លងមកថា ប្រទេសជប៉ុននឹងដាក់ដេញថ្លៃប្រេងប្រហែល ៤,២លានបារ៉ែលដែលនឹងត្រូវបានបញ្ចេញពីស្តុកប្រេងជាតិរបស់ជប៉ុនប្រហែលចំនួន ៤៩០លានបារ៉ែល ហើយការដាក់ដេញថ្លៃប្រេងឆៅនេះនឹងធ្វើឡើងនៅចុងឆ្នាំនេះ។

លោក Kishida បានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ <<យើងបាននិងកំពុងធ្វើការងារជាមួយសហរដ្ឋអាមេរិក ដើម្បីរក្សាស្ថិរភាពទីផ្សារប្រេងអន្តរជាតិ ហើយយើងបានសម្រេចចិត្តចូលរួមជាមួយអាមេរិកក្នុងការលក់ផ្នែកខ្លះនៃប្រេងបម្រុងថ្នាក់ជាតិរបស់យើងក្នុងរបៀបមួយដែលនឹងមិនផ្ទុយទៅនឹងច្បាប់ប្រេងបម្រុងជាធរមានរបស់ជប៉ុន>>។

* ប្រទេសចិនប្រទេសចិនក៏បានបញ្ជាកផងដែរពីការបញ្ចេញប្រេងនេះ។

រដ្ឋបាលស្បៀបអាហារ និងប្រេងបម្រុងយុទ្ធសាស្រ្តរបស់ប្រទេសចិនបានបញ្ជាក់ទៅកាន់ទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីសប្តាហ៍មុនថា ចិនកំពុងធ្វើការងារលើការបញ្ចេញស្តុកប្រេងនេះ ប៉ុន្តែបានបដិសេធធ្វើអត្ថាធិប្បាយអំពីសំណើដែលស្នើឡើងដោយអាមេរិក។

តែទោះជាយ៉ាងណា លោក Zhao Lijian អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទនៅថ្ងៃពុធសប្តាហ៍នេះថា៖ <<ចិននឹងរៀបចំបញ្ចេញប្រេងបម្រុងរដ្ឋទៅតាមស្ថានភាព និងតម្រូវការ និងចាត់វិធានការចាំបាច់ផ្សេងទៀត ដើម្បីរក្សាស្ថិរភាពទីផ្សារប្រេង>>។ លោកបន្ថែមថា៖ <<ប្រទេសចិនបានយកចិត្តទុកដាក់ជាយូរយារណាស់មកហើយចំពោះស្ថិរភាពនៃទីផ្សារប្រេងអន្តរជាតិ ហើយយើងត្រៀមខ្លួនដើម្បីរក្សាទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធលើការរក្សាតុល្យភាពទីផ្សារ និងស្ថិរភាពរយៈពេលវែង>>។

* ប្រទេសឥណ្ឌាឥណ្ឌាបានព្រមបញ្ចេញស្តុកប្រេង ៥លានបារ៉ែល។

យោងតាមគេហទំព័រ ctvnews.com របស់ប្រទេសកាណាដា រដ្ឋាភិបាលបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ <<ឥណ្ឌាបានសម្តែងក្តីបារម្ភជាច្រើនដងអំពីការផ្គត់ផ្គង់ប្រេងដែលត្រូវបានរក្សាឱ្យនៅទាបជាងកម្រិតតម្រូវការបែបសិប្បនិម្មិតដោយប្រទេសផលិតប្រេងនានា ដែលឈានទៅរកការកើនឡើងតម្លៃ និងផលវិបាលអវិជ្ជមានានា>>។

* ប្រទេសកូរ៉េខាងត្បូងctvnews.com បានរាយការណ៍ថា រដ្ឋាភិបាលកូរ៉េខាងត្បូងបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា បរិមាណ និងពេលវេលានៃការបញ្ចេញប្រេងពីស្តុក នឹងត្រូវសម្រេចតាមរយៈការប្រឹក្សាយោបល់ជាមួយប្រទេសផ្សេងៗសិន ប៉ុន្តែប្រទេសនេះរំពឹងថានឹងមានកម្រិតប្រហាក់ប្រហែលទៅនឹងករណីកិច្ចសហប្រតិបត្តិការអន្តរជាតិនាពេលកន្លងមក។

ក្នុងអំឡុងវិបត្តិនៅប្រទេសលីប៊ីក្នុងឆ្នាំ២០១១ ដែលសង្គ្រាមស៊ីវិលបានបង្កការអាក់ខានដល់ការផ្គត់ផ្គង់ប្រេង កូរ៉េខាងត្បូងបានបញ្ចេញប្រេងឆៅជិត ៣,៥លានបារ៉ែល ឬប្រហែល ៤ភាគរយនៃស្តុកបម្រុងរបស់ប្រទេសនេះ។

* ចក្រភពអង់គ្លេសយោងតាមគេហទំព័រ ctvnews.com រដ្ឋាភិបាលអង់គ្លេសបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងអនុញ្ញាតឱ្យក្រុមហ៊ុននានាបញ្ចេញប្រេងបម្រុងដោយស្ម័គ្រចិត្តរហូតដល់ ១,៥លានបារ៉ែល។

អ្នកនាំពាក្យរបស់រដ្ឋាភិបាលអង់គ្លេសបានថ្លែងថា៖ <<ដូចដែលយើងបាននិយាយពីមុន យើងនឹងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយដៃគូអន្តរជាតិរបស់យើងដើម្បីធ្វើអ្វីដែលយើងអាចគាំទ្រដល់សេដ្ឋកិច្ចពិភពលោក>>៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...