មន្ត្រីជាន់ខ្ពស់អាកាសចរស៊ីវិល៖ សន្ទុះអ្នកដំណើរចេញ-ចូលកម្ពុជា តាមផ្លូវអាកាសកម្រើកតិចតួចបំផុត ទោះបីមិនតម្រូវឲ្យមានការធ្វើចត្តាឡីស័ក

Posted By: RoogRog Robot | 25-Nov-2021 20:09:02

2021-11-25 07:06pm

(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១មករាជរដ្ឋាភិបាលកម្ពុជា អ្នកដំណើរចូលកម្ពុជា ដែលបានចាក់វ៉ាក់សំាងពេញលេញ មិនតម្រូវឲ្យធ្វើចត្តាឡីស័កទៀតទេ។ បើទោះបីជាមិនតម្រូវឲ្យធ្វើចត្តាឡីស័កក្តី សន្ទុះអ្នកដំណើរចូលកម្ពុជា មានការកម្រើកបន្ដិចបន្ដួចប៉ុណ្ណោះ។

លោក ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា <<យើងមិនទាន់ឃើញការកម្រើកឡើងវិញ នៃអ្នកដំណើរចូលកម្ពុជានោះទេ ដោយត្រូវការពេលវេលា សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ ក្នុងការផ្សព្វផ្សាយ ទៅដល់គោលដៅរបស់ពួកគេ>>។

លោកថា សព្វថ្ងៃនេះចំនួនជើងហោះហើរចេញចូលកម្ពុជា នៅព្រលានយន្តហោះអន្តរជាតិទាំង៣ មានត្រឹមតែពី៧-៨ជើងប៉ុណ្ណោះក្នុង១ថ្ងៃ ឬប្រហែល៨០០ជើង ក្នុង១ខែ។ សម្រាប់ខែធ្នូ ចំនួនជើងហោះហើរនឹងកើនឡើងបន្ថែម ក្នុង១សប្តាហ៍២ជើងថែមទៀត ហើយខែមករា ឆ្នាំ២០២២ កើនឡើងថែម១២ជើង។

មន្ត្រីជាន់ខ្ពស់អាកាសចរស៊ីវិលរូបនេះ បានបញ្ជាក់ថា ការមិនទាន់មានសន្ទុះកំណើន ដោយសារតែអ្នកដំណើរមិនទាន់មានជំនឿចិត្ត ដោយត្រូវការពេលវេលាមួយបន្ថែម ក្នុងការធ្វើដំណើរឡើងវិញ ខណៈប្រទេសខ្លះ មិនទាន់លើកលែងការធ្វើចត្តាឡីស័កនៅឡើយ។

ពាក់ព័ន្ធនឹងព្រលានយន្តហោះអន្តរជាតិសៀមរាបវិញ លោក ស៊ិន ចាន់សិរីវុត្ថា បានអះអាងថា ចាប់ពីខែធ្នូ ឆ្នាំ២០២១ទៅនឹងមានជើងហោះឡើងវិញ តែដំបូងមានតែក្រុមហ៊ុនក្នុងស្រុកមួយប៉ុណ្ណោះ ដែលហោះហើរ២ជើងក្នុង១សប្តាហ៍ រវាងភ្នំពេញ-សៀមរាប និងពីសៀមរាប ទៅបាងកក ប្រទេសថៃ។

សូមជម្រាបថា កាលពីពិភពលោកមិនទាន់រងការវាយប្រហារដោយជំងឺកូវីដ១៩ ក្នុងមួយថ្ងៃៗកម្ពុជាមានជើងហោះហើរប្រមាណជាង៣០០ជើង ឬ១ម៉ឺនជើងក្នុង១ខែ៕





News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...