កូរ៉េខាងត្បូង ផ្ដល់ជំនួយម៉ាស៊ីនធ្វើតេស្ដរកមេរោគកូវីដ១៩ និងឧបករណ៍សម្ភារប្រើប្រាស់មួយចំនួន ជូនរាជរដ្ឋាភិបាលកម្ពុជា

Posted By: RoogRog Robot | 14-Oct-2021 14:22:32

2021-10-14 01:20pm

(ភ្នំពេញ)៖ រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉េ តាមរយៈមូលនិធិថែទាំសុខភាពអន្ដរជាតិ KOFIH នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ បានផ្ដល់ជំនួយជាឧបករណ៍សម្ភារសម្រាប់ប្រយុទ្ធជំងឺកូវីដ១៩ ជូនរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល។

ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងក្រោមអធិបតីភាព លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល រួមជាមួយលោកវេជ្ជបណ្ឌិត Kim Sang Gyeun ប្រធានមូលនិធិថែទាំសុខភាពអន្ដរជាតិ KOFIH ដែលប្រព្រឹត្ដទៅនៅឃ្លាំងឱសថកណ្ដាលនៃក្រសួងសុខាភិបាល។

សម្រាប់ឧបករណ៍សម្ភារ ដែលបានផ្ដល់ជូនកម្ពុជានេះ រួមមាន៖ ១៖ ម៉ាស៊ីនធ្វើតេស្ដរកវីរុសកូវីដ១៩ ចំនួន២គ្រឿង ២៖ តេស្ដរកវីរុសកូវីដ១៩ ចំនួន ២៣,០៤០តេស្ដ៣៖ សម្លៀកបំពាក់សុវត្ថិភាពសម្រាប់មន្ដ្រីសុខាភិបាល ចំនួន៥០០សម្រាប់ ជូនក្រសួងសុខាភិបាល។

ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត Kim Sang Gyeun បានសម្តែងនូវការកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ដែលបានខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ ក្នុងការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ក៏ដូចជាការការពារសុខភាព របស់ប្រជាជនកម្ពុជាទាំងមូល។

ប្រធានមូលនិធិថែទាំសុខភាពអន្ដរជាតិ KOFIH ប្រចាំកម្ពុជា ក៏បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់ជនជាតិកូរ៉េទាំងអស់ ដែលរស់នៅលើទឹកដីកម្ពុជា ជាពិសេសបុគ្គលិកមូលនិធិ។

ជាមួយគ្នានោះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាលកម្ពុជា លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ក៏បានគូសបញ្ជាក់ផងដែរថា ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លារបស់មូលនិធិថែទាំសុខភាពអន្ដរជាតិ KOFIH នៃសាធារណរដ្ឋកូរ៉េ ត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីសុខាភិបាល ព្រមទាំងអ្នករងគ្រោះដោយជំងឺកូវីដ១៩។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះជំនួយមនុស្សដ៏ថ្លៃថ្លារបស់មូលនិធិថែទាំសុខភាពអន្ដរជាតិ KOFIH នៃសាធារណរដ្ឋកូរ៉េ គឺជាកាយវិការនៃវប្បធម៌ចែករំលែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាពិសេសក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលយើងបាននឹងកំពុងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរីកររាលដាលនៃជំងឺកូវីដ១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

គួរជម្រាបថា ក្នុងឱកាសប្រគល់ និងទទួលនេះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានរម្លឹកពីការឧបត្ថម្ភគាំទ្រកន្លងមក របស់មូលនិធិថែទាំសុខភាពអន្ដរជាតិ KOFIH ដោយជួយទាំងហេដ្ឋារចនាសម្ព័ន្ធ មានសាលាភូមិភាគ មន្ទីរពេទ្យបង្អែកនៅតាមខេត្ដ មន្ទីរពិសោធន៍ មណ្ឌលសម្រាប់ដាក់ពលករខ្មែរ មកពីប្រទេសថៃ សាងសង់មន្ទីរពេទ្យ សម្ភារបរិក្ខារពេទ្យ និងបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជាផងដែរ ក្រៅពីឧបរណ៍សម្ភារប្រើប្រាស់សម្រាប់ការពារ ទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩៕










News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...