ពាណិជ្ជកម្មបរទេសរបស់ប្រទេសចិន កើនឡើងជិត ២៣ភាគរយនៅបីត្រីមាសដំបូង

Posted By: RoogRog Robot | 14-Oct-2021 13:16:15

2021-10-14 01:09pm

(ប៉េកាំង)៖ ការនាំចេញនិងនាំចូលសរុបរបស់ប្រទេសចិនបានកើនឡើង ២២,៧ភាគរយក្នុងរយៈពេលបីត្រីមាសដំបូងក្នុងឆ្នាំ២០២១ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដល់ ២៨,៣៣ទ្រីលានយន់ (ប្រហែល ៤,៣៨ទ្រីលានដុល្លារ)។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានស៊ិនហួ។

ទីភ្នាក់ងារព័ត៌មានស៊ិនហួបានរាយការណ៍ថា ទិន្នន័យផ្លួវការរបស់រដ្ឋបាលគយទូទៅចិនបានបង្ហាញពីការកើនឡើង ២៣,៤ភាគរយសម្រាប់ការនាំចេញនាំចូលនេះ បើធៀបនឹងកម្រិតមុនពេលមានវិបត្តិរាតត្បាតជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០១៩។

ទាំងការនាំចេញនិងនាំចូលបានបន្តមានកំណើន ២ខ្ទង់ក្នុងរយៈពេល ៩ខែដំបូងក្នុងឆ្នាំនេះ ដោយការនាំចេញបានកើនឡើង ២២,៧ភាគរយ ហើយការនាំចូលបានកើនឡើង ២២,៦ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុងរយៈពេល ៩ខែដំបូងនេះ ពាណិជ្ជកម្មរបស់ចិនជាមួយប្រទេសជាដៃគូពាណិជ្ជកម្មធំៗចំនួន ៣ គឺសមាគមអាស៊ាន សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក រក្សាបានកំណើនដ៏រឹងមាំ។

ស៊ិនហួបានរាយការណ៍ទៀតថា អត្រាកំណើននៃតម្លៃពាណិជ្ជកម្មចិនជាមួយប្រទេសជាដៃគូធំទាំងបីនេះ ស្ថិតក្នុងអត្រា ២១,១ភាគរយជាមួយអាស៊ាន ២០,៥ភាគរយជាមួយសហភាពអឺរ៉ុប និង ២៤,៩ភាគរយជាមួយសហរដ្ឋអាមេរិក។

ទិន្នន័យក៏បានបង្ហាញផងដែរថា ក្នុងរយៈពេលដូចគ្នានេះដែរ ពាណិជ្ជកម្មរបស់ចិនជាមួយប្រទេសនៅតាមបណ្តោយផ្លូវខ្សែក្រវាត់មួយនិងផ្លូវមួយបានកើនឡើង ២៣,៤ភាគរយធៀបនឹង ៩ខែដំបូងក្នុងឆ្នាំ២០២០ ដោយពាណិជ្ជកម្មរបស់ប្រទេសមហាអំណាចមួយនេះជាមួយក្រុមប្រទេស ដែលជាសមាជិកកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) បានកើនឡើង ១៩,៣ភាគរយ៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...