បទល្មើសនេសាទនៅតំបន់បឹងទន្លេសាប ស្រុកកណ្តៀង សមត្ថកិច្ចបង្ក្រាបមិនចេះអស់

Posted By: RoogRog Robot | 22-Sep-2021 14:44:15

ប្រភពពីប្រជានេសាទ ជាលក្ខណៈគ្រួសារនៅតំបន់បឹងទន្លេសាប ឃុំរាំងទឹល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានឲ្យដឹងថា បទល្មើសនេសាទក្នុងមូលដ្ឋានពួកគាត់នៅតែកើតឡើងយ៉ាងគំហុកទោះបីសមត្ថកិច្ចចម្រុះចាត់វិធានការបង្ក្រាបជាបន្តបន្ទាប់ក៏ដោយ។ ហេតុនេះហើយទើបមានសេចក្តីអំបាវនាវឲ្យលោក ពុំ សុថា ប្រធានរដ្ឋបាលជលផលនៃក្រសួងកសិកម្មនិងលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ចាត់វិធានការបង្ក្រាបបទល្មើសនេសាទ ក្នុងឃុំរាំងទឹល ស្រុកកណ្តៀង ប្រកបដោយប្រសិទ្ធភាព។ មានការរិះគន់ចំៗថា លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ និងលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ គ្មានឆន្ទៈច្បាស់លាស់ក្នុងការបង្ក្រាបបទល្មើសនេសាទ នោះទេ។

កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចចម្រុះបានចាត់វិធានការបង្ក្រាបបទល្មើសនេសាទ នៅតំបន់បឹងទន្លេសាប ត្រង់ចំណុចកោះតាកោ ភូមិព្រែក ឃុំរាំងទឹល ហើយកម្ទេចចោលឧបករណ៍នេសាទខុសច្បាប់ជាច្រើនព្រមទាំងចាក់លែងត្រីចូលបឹងវិញផងដែរ។ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចចម្រុះបានចាត់វិធានការបង្ក្រាបបទល្មើសនេសាទ នៅក្នុងឃុំរាំងទឹល ដដែលហើយកម្ទេចចោលឧបករណ៍នេសាទខុសច្បាប់យ៉ាងច្រើន។ ប៉ុន្តែអ្នកប្រើប្រាស់ឧបករណ៍ខុសច្បាប់ចាប់ត្រីក្នុងរដូវបិទនេសាទនៅក្នុងឃុំរាំងទឹល មិនត្រូវបានវែកមុខដើម្បីចាត់ការតាមច្បាប់នោះទេ។ 

តាមការបញ្ជាក់ពីប្រជានេសាទនៅក្នុងឃុំរាំងទឹល ស្រុកកណ្តៀង បានឲ្យដឹងថា បទល្មើសនេសាទ ប្រើឧបករណ៍ប្រភេទរបាំងស្បៃមុង របាំងសាច់អួនក្រឡាញឹក និងលូស្បៃមុង ជាដើមនៅតែកើតឡើងយ៉ាងរាលដាល។ ហេតុនេះលោក ម៉ៅ ធនិន អភិបាលខេត្តពោធិសាត់ និងលោក ពុំ សុថា ប្រធានរដ្ឋបាលជលផលនៃក្រសួងកសិកម្ម មិនគួរបណ្តែតបណ្តោយតទៅទៀតនោះទេព្រោះការបង្ក្រាបពីមន្រ្តីជំនាញនិងសមត្ថកិច្ចចម្រុះបានត្រឹមតែធ្វើឲ្យល្អមើលប៉ុណ្ណោះ។ ជាក់ស្តែងមួយរយៈកន្លងទៅនេះសមត្ថកិច្ចចម្រុះបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប នៃស្រុកកណ្តៀង ជាបន្តបន្ទាប់ ប៉ុន្តែបទល្មើសនេសាទនៅតែកើតឡើងយ៉ាងគំហុក៕ News Source: www.moneaksekar.com

LATEST NEWS
MORE NEWS CLICK HERE...