ឈ្មួញឈ្មោះ ខុម ដឹកជញ្ជូនឈើចេញពីស្រុកកែវសីមា មានការឃុបឃិតពីមន្រ្តីជំនាញ

Posted By: RoogRog Robot | 22-Sep-2021 14:36:54

ប្រភពព័ត៌មានពីប្រជាពលរដ្ឋក្នុងឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញឈ្មោះ ខុម ធ្វើសកម្មភាពប្រមូលទិញឈើពីតំបន់ដែនជម្រកសត្វព្រៃកែវសីមា ដឹកជញ្ជូនឆ្លងកាត់ស្រុកស្នួល ខេត្តក្រចេះ ចូលទៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ យ៉ាងពេញបន្ទុក។ រីឯមន្រ្តីរដ្ឋបាលព្រៃឈើ មន្រ្តីបរិស្ថាននិងសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកកែវសីមា មិនបង្ក្រាបឈ្មួញឈ្មោះ ខុម ដែលមានទីលំនៅក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា នោះទេ។ សូម្បីតែលោក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី និងលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ក៏មិនទាន់ចាត់វិធានការទៅលើឈ្មួញឈ្មោះ ខុម នោះឡើយ។

ប្រភពស្និទ្ធនឹងឈ្មួញឈ្មោះ ខុម បានឲ្យដឹងថា ការដែលឈ្មួញម្នាក់នេះអាចប្រមូលទិញឈើដឹកចេញពីតំបន់ដែនជម្រកសត្វព្រៃកែវសីមា យ៉ាងរលូនគឺមានការបើកដៃពីមន្រ្តីបរិស្ថាននិងមន្រ្តីរដ្ឋបាលព្រៃឈើដែលគិតតែពីរឿងប្រមូលលុយ។ ក្នុងនោះមន្រ្តីបរិស្ថានប្រចាំតំបន់ដែនជម្រកសត្វព្រៃកែវសីមា ឈ្មោះលោក ថា និងលោក សួន ធីរស់ នាយផ្នែករដ្ឋបាលព្រៃឈើកែវសីមា ត្រូវគេដឹងថា ទទួលផលប្រយោជន៍ជាប្រចាំពីឈ្មួញឈ្មោះ​ ខុម នៅក្នុងឃុំស្រែខ្ទុម ទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ 

ប្រជាពលរដ្ឋក្នុងឃុំស្រែខ្ទុម បានឲ្យដឹងថា រយៈពេលប្រមាណជិត១សប្តាហ៍ហើយដែលឈ្មួញឈ្មោះ​ ខុម ធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកកែវសីមា ឆ្លងកាត់ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ចូលទៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ យ៉ាងពេញបន្ទុក។ ប៉ុន្តែលោក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានរក្សាភាពស្ងៀមស្ងាត់មិនចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើដែលកើតឡើងនៅក្នុងស្រុកកែវសីមា នោះទេ។ ជាងនេះទៅទៀតមន្រ្តីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធនៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី និងស្រុកស្នួល ខេត្តក្រចេះ សម្ងំទទួលផលប្រយោជន៍ពីឈ្មួញឈ្មោះ ខុម យ៉ាងត្រជាក់ចិត្ត៕ News Source: www.moneaksekar.com

LATEST NEWS
MORE NEWS CLICK HERE...