ក្រុមឈ្មួញធំៗដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំ សុទ្ធតែមានខ្នងបង្អែករឹងមាំ

Posted By: RoogRog Robot | 22-Sep-2021 13:30:35

ប្រភពពីប្រជាសហគមន៍ការពារព្រៃព្រះរកា និងព្រៃឡង់ក្នុងខេត្តព្រះវិហារ បានអំពាវនាវឲ្យថ្នាក់ដឹកនាំគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចាត់វិធានការបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំ ជាបន្ទាន់។ ដោយហេតុថា បច្ចុប្បន្នឈ្មួញច្រើននាក់នៅតែធ្វើសកម្មភាពដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ឆ្លងកាត់ផ្លូវជាតិលេខ៦២ ស្រុករវៀង ចូលទៅខេត្តកំពង់ធំ ទាំងយប់ទាំងថ្ងៃហើយលោក កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ មិនចាត់វិធានការបង្ក្រាបឈ្មួញទាំងនោះឡើយ។ រីឯលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ និងលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ កំពុងចាត់ទុកក្រុមឈ្មួញដឹកជញ្ជូនឈើជាប្រភពចំណូលរបស់ខ្លួន។

ប្រភពពីមន្រ្តីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តព្រះវិហារ បានឲ្យដឹងថា មួយរយៈចុងក្រោយនេះឈ្មួញឈ្មោះ យាយឡែន ឈ្មួញឈ្មោះ ចែស្រី ឈ្មួញឈ្មោះ ឡេង ធារ៉ា ឈ្មួញឈ្មោះ ភ័ក្ត្រ និងឈ្មួញឈ្មោះ ព្រហ្ម ធី ហៅធីម្រេច សម្រុកដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងគំហុក។ សមត្ថកិច្ចពាក់ព័ន្ធជាពិសេសលោក កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ មិនហ៊ានប៉ះពាល់ក្រុមឈ្មួញទាំងនោះទេ ទំនងជាប់ពាក់ព័ន្ធផងប្រយោជន៍។ 

តាមប្រភពខ្លះបានឲ្យដឹងថា ក្រុមឈ្មួញធំៗដែលដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំ សុទ្ធតែមានខ្នងបង្អែករឹងមាំទើបអាចគេចផុតពីការបង្ក្រាបហើយដឹកជញ្ជូនឈើទៅដល់គោលដៅយ៉ាងសុខស្រួលជារៀងរហូត។ ប្រភពស្និទ្ធនឹងក្រុមឈ្មួញបានឲ្យដឹងទៀតថា ក្រុមឈ្មួញបង់លុយតាមការកំណត់របស់មន្រ្តីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធទើបអាចចៀសផុតពីការបង្ក្រាប។ ប្រការនេះកំពុងធ្វើឲ្យព្រៃឈើដែលនៅសេសសល់ក្នុងស្រុកជាំក្សាន្ត ស្រុកសង្គមថ្មី ស្រុកត្បែងមានជ័យ ស្រុកឆែប និងស្រុកជ័យសែន ខេត្តព្រះវិហារ ត្រូវប្រឈមនឹងសេចក្តីវិនាសចៀសមិនផុតឡើយ៕ News Source: www.moneaksekar.com

LATEST NEWS
MORE NEWS CLICK HERE...