លោក ឃួង ស្រេង វាយតម្លៃថា សាលាដែលបើកដំណើរការនៅរាជធានីភ្នំពេញនាពេលនេះ បានយកចិត្តទុកដាក់ការពារនូវសុវត្ថិភាពសិស្សានុសិស្ស បានល្អប្រសើរ

Posted By: RoogRog Robot | 15-Sep-2021 11:25:53

2021-09-15 11:21am

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានវាយតម្លៃខ្ពស់ចំពោះគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន ការពារនូវសុវត្ថិភាពសិស្សានុសិស្ស បានល្អប្រសើរ។ ការវាយតម្លៃនេះ បានធ្វើឡើងខណៈដែលលោកចុះពិនិត្យមើល សាលារៀនសាលាចតុមុខ និងសាលារៀន ICS ដែលស្ថិតនៅក្នុងចំណោមសាលានានា ដែលបើកដំណើរការនៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ។

លោក ឃួង ស្រេង បានវាយតម្លៃយ៉ាងដូច្នេះថា៖ <<ថ្វីដ្បិតតែខ្ញុំបានពិនិត្យតែសាលារដ្ឋមួយ និងសាលាឯកជនមួយ តែខ្ញុំបានទទួលរបាយការណ៍ពីក្រុមការងារខ្ញុំដែលមានអភិបាលរងរាជធានីភ្នំពេញ ព្រមទាំងមន្ទីរអប់រំ យុវជន និងកីឡា បានធ្វើកិច្ចការងារកន្លងមកយើងទទួលបានព័ត៌មានថាមានការសហការ និងយកចិត្តទុកដាក់ការពារនូវសុវត្ថិភាពសិស្សានុសិស្ស បានល្អប្រសើរ>>។

ជុំវិញការបើកសាលារៀនទាំងគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនឱ្យសិស្សបានចូលសិក្សាឡើងវិញនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញនេះដែរ ក្នុងនាមអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានអះអាងថា៖ <<មិនមែនត្រឹមតែត្រួតពិនិត្យនៅតែថ្ងៃនេះនោះទេ យើងនឹងតាមដានការងារនេះ ជាបន្តបន្ទាប់ ប៉ុន្តែ ការដានរបស់ពួកយើងខ្ញុំធានាថាមិនមានអំពើពុករលួយដាច់ខាត គឺយើងធ្វើដើម្បីខឿនសុខមាលភាពរបស់ប្រជាពលរដ្ឋ មិនមែនចុះមកមើលដើម្បីបង្គាប់បញ្ជាគ្រឹះស្ថានឯកជន ដើម្បីផ្តល់ជាលាភសក្ការៈណាមួយអ្នកចុះពិនិត្យនោះទេ នេះជាបញ្ហាមួយ>>។

បន្ថែមពីនេះ លោក ឃួង ស្រេង បានប្តេជ្ញាចិត្តអនុវត្តតួនាទីរបស់ខ្លួនដែលរាជរដ្ឋាភិបាលប្រគល់ជូនឱ្យទទួលបានជោគជ័យ សម្រាប់ដំណើរការបើកសាលារៀនឡើងវិញ នៅមូលដ្ឋានរាជធានីភ្នំពេញ។

អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បច្ចុប្បន្ននេះ រាជធានីភ្នំពេញ មានចំនួនអ្នកឆ្លងជំងឺកូវីដ១៩ បន្តថយចុះជាបន្តបន្ទាប់ ទើបសម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យអភិបាលរាជធានី-ខេត្ត ត្រួតពិនិត្យដើម្បីសម្រេចបើកសាលារៀនឱ្យសិស្សានុសិស្សបានចូលសិក្សាឡើងវិញជាដើម។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ចំពោះគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ទាំងឡាយដែលត្រូវបានអនុញ្ញាតឱ្យដំណើរការឡើងវិញ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការគ្រឹះស្ថានសឹក្សាឡើងវិញ ក្នុងបរិបទនៃជំងឺកូវីដ-១៩ ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ របស់ក្រសួងអប់រំយុវជន និងកីឡា និងសេចក្តីណែនាំលេខ ០២៣ សណន ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចំពោះការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

គោលការណ៍សំខាន់ៗ នៃការអនុញ្ញាតឱ្យបើកសាលាឡើងវិញ តម្រូវឱ្យអនុវត្តដូចជា៖ កំណត់ថ្នាក់រៀនឱ្យសិស្សច្រើនបំផុត១៥នាក់ ការពាក់ម៉ាស់ រក្សាគម្លាត សម្អាត-បាញ់ថ្នាំសម្លាប់មេរោគជាប្រចាំ វាស់កំដៅ បាញ់អាល់កុល មិនឱ្យយកអាហារចូល និងលេងជុំគ្នាជាដើម៕

























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...