តាលីបង់អរគុណអន្តរជាតិដែលបានផ្តល់ «ជំនួយ» និងអំពាវនាវឲ្យអាមេរិកបង្ហាញ «ទឹកចិត្ត»

Posted By: RoogRog Robot | 15-Sep-2021 11:07:15

2021-09-15 10:03am

(កាប៊ុល)៖ ក្រុមតាលីបង់នៅថ្ងៃអង្គារសប្ដាហ៍នេះ បានថ្លែងអំណរគុណដល់ពិភពលោក ដែលបានសន្យាផ្តល់ជំនួយសង្គ្រោះបន្ទាន់ នូវទឹកប្រាក់រាប់រយលានដុល្លារអាមេរិក ដល់ប្រទេសអាហ្វហ្គានីស្ថាន ហើយបានជំរុញឱ្យសហរដ្ឋអាមេរិកបង្ហាញ <<ទឹកចិត្ត>> ចំពោះប្រទេសក្រីក្រមួយនេះផង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅព្រឹកថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១។

សន្និសីទមួយនៅទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស ដែលរៀបចំឡើងដោយអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ដែលមានបំណងរៃអង្គាសប្រាក់សម្រាប់ផ្ដល់ជំនួយ ដល់ប្រទេសអាហ្វហ្គានីស្ថាន បានបញ្ចប់ដោយការសន្យាផ្តល់ជំនួយនូវទឹកប្រាក់សរុបចំនួន ១.២ពាន់លានដុល្លារអាមេរិក សម្រាប់ប្រទេសដែលបានហែកហួរដោយអំពើហិង្សា អស់រយៈពេល ២០ឆ្នាំមកនេះ។

លោក អាមៀ ខាន់ មូតតាគី (Amir Khan Muttaqi) រដ្ឋមន្រ្តីស្តីទីនៃក្រសួងការបរទេសអាហ្វហ្កានីស្ថាន បានគូសបញ្ជាក់ប្រាប់សន្និសីទសារព័ត៌មានមួយថា ក្រុមតាលីបង់នឹងចំណាយទឹកប្រាក់របស់ម្ចាស់ជំនួយ ដោយល្អបំផុត ហើយនឹងប្រើវាដើម្បីកាត់បន្ថយភាពក្រីក្រ។

លោក Amir Khan Muttaqi បានសង្កត់ធ្ងន់ទៀតថា <<យើងសូមអរគុណ និងស្វាគមន៍ការសន្យារបស់ពិភពលោក ចំពោះជំនួយនូវទឹកប្រាក់ប្រហែលមួយពាន់លានដុល្លារអាមេរិក ហើយសុំឱ្យពួកគេបន្តផ្តល់ជំនួយ ដល់ប្រទេសអាហ្វហ្គានីស្ថានទៅមុខទៀត។ ពួកយើងនឹងព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បីផ្តល់ជំនួយនេះដល់ប្រជាជនខ្វះខាត ប្រកបដោយតម្លាភាព>>។

លោក Amir Khan Muttaqi ក៏បានស្នើឱ្យទីក្រុងវ៉ាស៊ីនតោន បង្ហាញការកោតសរសើរចំពោះក្រុមតាលីបង់ ដែលបានអនុញ្ញាតឱ្យយោធាអាមេរិក បញ្ចប់ការដកកងទ័ព និងជម្លៀសប្រជាជនជាង ១២ម៉ឺននាក់ចេញពីប្រទេសកាលពីខែមុនផងដែរ ដោយសង្កត់ធ្ងន់ថា <<សហរដ្ឋអាមេរិកគឺជាប្រទេសដ៏ធំមួយ ដូចច្នេះពួកគេត្រូវមានទឹកចិត្តធំទូលាយ>>។

គួរបញ្ជាក់ថា បើតាមប្រមុខកិច្ចការមនុស្សធម៌របស់ UN លោក ម៉ាទីន ហ្គ្រីហ្វហ្វីហ្វ (Martin Griffiths) បណ្តាប្រទេសជាម្ចាស់ជំនួយ បានសន្យាផ្តល់ជំនួយទឹកប្រាក់សរុបចំនួន ១.២ពាន់លានដុល្លារអាមេរិក ប៉ុន្តែមិនបាននិយាយថា តើទឹកប្រាក់ចំនួនប៉ុន្មាននឹងត្រូវលៃលក តបតាមកញ្ចប់ទឹកប្រាក់សរុបចំនួន ៦០០លានដុល្លារអាមេរិកដែល UN កំពុងត្រូវការ ដើម្បីផ្តល់ជំនួយសង្គ្រោះបន្ទាន់សម្រាប់ឆ្នាំ២០២១នេះ នៅប្រទេសអាហ្វហ្កានីស្ថាននោះទេ៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...