ដោយសារបារម្ភលោក ដូណាល់ ត្រាំ បង្កសង្រ្គាម, មេទ័ពអាមេរិកម្នាក់ លួចទាក់ទងជាសម្ងាត់ជាមួយចិន

Posted By: RoogRog Robot | 15-Sep-2021 10:33:28

2021-09-15 09:30am

(វ៉ាស៊ី នតោន)៖ ឧត្តមសេនីយ៍កំពូលម្នាក់របស់សហរដ្ឋអាមេរិក មានការព្រួយបារម្ភជាខ្លាំងកាលពីខែមករា ដើមឆ្នាំ២០២១កន្លងទៅ ដោយខ្លាចក្រែងថាលោក ដូណាល់ ត្រាំ មិនអាចគ្រប់គ្រងខ្លួនឯងបាន ហើយលោកបានធ្វើសកម្មភាពជាសម្ងាត់ដើម្បីរារាំងកុំឱ្យអតីតប្រធានាធិបតីអាមេរិករូបនេះបង្កសង្រ្គាមជាមួយចិន។ នេះបើតាមសៀវភៅថ្មី មួយក្បាល ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១។

បើតាមការដកស្រង់ខ្លឹមសារចេញពីសៀវភៅមានចំណងជើងថា <> របស់លោក Bob Woodward និងលោក Robert Costa ដែលនឹងត្រូវចេញផ្សាយ ក្នុងពេលឆាប់ៗនេះ នាយសេនាធិការកងទ័ពចម្រុះអាមេរិក លោក Mark Milley បានបញ្ជាជាសម្ងាត់ឱ្យក្រុមមនុស្សជំនិតរបស់លោកកុំធ្វើសកម្មភាពភ្លាមៗឱ្យសោះនៅពេល លោក ដូណាល់ ត្រាំ បញ្ជាឱ្យប្រើប្រាស់នុយក្លេអ៊ែរប្រឆាំងនឹងចិន។ សៀវភៅនេះបានឱ្យដឹងទៀតថា លោក Mark Milley បានហៅទូរស័ព្ទទៅកាន់សមភាគីចិន លោក Li Zuocheng ដល់ទៅ២លើក គឺកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ និងនៅថ្ងៃទី០៨ ខែមករា ពោលគឺ២ថ្ងៃបន្ទាប់ពីក្រុមអ្នកគាំទ្ររបស់លោក ត្រាំ ចូលអុកឡុកវិមានសភា ដើម្បីធានាថាវោហាស័ព្ទប្រឆាំងចិនរបស់លោក ត្រាំ នឹងមិនបង្កឱ្យសង្រ្គាមផ្ទុះឡើងទេ។

នៅក្នុងការហៅទូរស័ព្ទកាលពីខែតុលា លោក Mark Milley បានបញ្ជាក់ដូច្នេះថា <<លោកឧត្ដមសេនីយ៍ Li, ខ្ញុំចង់ធានាចំពោះរូបលោកថារដ្ឋាភិបាលអាមេរិកគឺមានស្ថិរភាព ហើយអ្វីៗគ្រប់យ៉ាងគឺល្អប្រសើរដោយយើងនឹងមិនបើកការវាយប្រហារ ឬដឹកនាំប្រតិបត្តិការណាមួយប្រឆាំងនឹងអ្នកនោះទេ>>។

គួរបញ្ជាក់ថា បើតាមសៀវភៅខាងលើដដែល ជាការបញ្ជាក់ចំពោះលោក Li Zuocheng, លោក Milley ថែមទាំងបានជំរុញឱ្យមានការផ្អាកការធ្វើសមយុទ្ធយោធាមួយរបស់ ទីបញ្ជាការយោធាអាមេរិកប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលចិនអាចនឹងចាត់ទុកថាជាការគំរាមកំហែង។ មិនតែប៉ុណ្ណោះ លោក Milley ក៏បានប្រាប់មនុស្សជំនិតរបស់លោក ផងដែរថាប្រសិនបើលោក ត្រាំ ប្រើអំណាចបញ្ជាឱ្យប្រើនុយក្លេអ៊ែរប្រឆាំងចិន ពួកគេត្រូវជូនដំណឹងដល់រូបលោកជាមុនសិន៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...