រដ្ឋបាលខេត្តសៀមរាប បន្តរកឃើញអ្នកវិជ្ជមានកូវីដចំនួន ៣៦នាក់ នៅថ្ងៃទី១៣ មិថុនា

Posted By: RoogRog Robot | 14-Jun-2021 07:52:34

2021-06-14 06:49am

(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី១៣ ខែមិថុនា បានបន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ សរុប ៣៦នាក់ទៀត។ ក្នុងនោះប្រភពចម្លងពីស្រុកជីក្រែង នៅតែមានចំនួនច្រើន ក្រៅពីនោះករណីឆ្លងក្នុងក្រុមគ្រួសារពីស្រ្ដីអ្នករកស៊ីចងការ និងពលរដ្ឋមកពីប្រទេសថៃ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាបបានបញ្ជាក់ថា ករណីទី១ ដល់ទី១៩ គឺជាករណីឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដែលមានពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលនឹងប្រភពដើមមកពីស្រុកជីក្រែង។

រីឯករណីទី២០ ជាម្ដាយបានធ្វើដំណើរមកពីខេត្តប៉ៃលិន និងបន្តចម្លងទៅកូន។ ករណីទី២១ ករណីទី២២ ជាមន្រ្តីពន្ធនាគារ ដែលបានធ្វើដំណើរមកពីខេត្តឧត្តរមានជ័យ។

ករណីទី២៣-២៤ ជាករណីមករកសេវាព្យាបាលនៅមន្ទីរពេទ្យព្រះបាទជ័យវរ្ម័នទី៧ ដោយមានអាការៈសង្ស័យ ក្រុមគ្រូពេទ្យបានយកសំណាកស្រាវជ្រាវរកមេរោគកូវីដ-១៩ ទទួលបានលទ្ធផលវិជ្ជមាន។

ដោយឡែកករណីទី២៥ ដល់ទី៣៦ គឺជាប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័កនៅវិទ្យាល័យសម្ដេចឪ។

នៅថ្ងៃដដែលនោះ ក៏មានអ្នកជំងឺជាសះស្បើយចំនួន៣នាក់ផងដែរ ហើយក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។គិតត្រឹមថ្ងៃទី១៣ ខែមិថុនា ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៥៩នាក់។ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន១១៣នាក់ ស្លាប់៣នាក់ និង៣៤៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក៕





News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...