មេដឹកនាំប្រទេស G7 សន្យាផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួនជាង «១ពាន់លានដូស» ដល់ប្រទេសក្រីក្រនៅលើពិភពលោក

Posted By: RoogRog Robot | 13-Jun-2021 22:14:45

2021-06-13 09:11pm

(ឡង់ដ៍)៖ នៅក្នុងសេចក្តីថ្លែងការណ៍មួយធ្វើឡើងនៅចុងបញ្ចប់ នៃកិច្ចប្រជុំកំពូល G7 លោកនាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson បានបញ្ជាក់ថា មេដឹកនាំនៃបណ្តាប្រទេសដែលមានសេដ្ឋកិច្ចនាំមុខគេបំផុតនៅលើពិភពលោកបានសន្យាផ្តល់វ៉ាក់សាំងកូវីដ១៩ ចំនួនមួយពាន់លានដូស សម្រាប់ពិភពលោកទាំងមូល ដោយផ្ទាល់ ឬតាមរយៈកម្មវិធីចែកចាយវ៉ាក់សាំងសកល COVAX។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅយប់ថ្ងៃអាទិត្យ ទី១៣ ខែមិថុនា ឆ្នាំ២០២១។

លោក Boris Johnson បាននិយាយថា <<ខ្ញុំមានសេចក្តីរីករាយសូមប្រកាសថា នៅចុងសប្តាហ៍នេះមេដឹកនាំ នៃបណ្តាប្រទេស G7 បានសន្យាផ្តល់វ៉ាក់សាំងចំនួនជាង ១ពាន់លានដូស ដោយផ្ទាល់ឬតាមរយៈការផ្តល់មូលនិធិទៅឲ្យកម្មវិធី COVAX របស់អង្គការសហប្រជាជាតិ ក្នុងនោះរាប់បញ្ចូលទាំង ១០០លានដូស ពីចក្រភពអង់គ្លេស ទៅកាន់ប្រទេសក្រីក្របំផុតនៅលើពិភពលោក>>។

គួរបញ្ជាក់ថា នៅមុនកិច្ចប្រជុំកំពូល G7 ប្រធានាធិបតីអាមេរិកលោក Joe Biden ក៏ធ្លាប់បានប្រកាសថា សហរដ្ឋអាមេរិកគ្រោងនឹងបរិច្ចាគវ៉ាក់សាំង Pfizer ចំនួន ៥០០លានដូសទៅឲ្យប្រទេសក្រៅផងដែរ។ ចំពោះការកំណត់ពេលវេលាមន្រ្តីបាននិយាយថា វ៉ាក់សាំងទាំងនោះនឹងចាប់ផ្តើមដឹកជញ្ជូននៅខែសីហា ហើយចំនួន ២០០លានដូសនឹងត្រូវបានចែកចាយនៅដំណាច់ឆ្នាំនេះ។ ចំណែក ៣០០លានដែលនៅសល់ នឹងត្រូវផ្តល់ជូននៅឆមាសទីមួយ នៃឆ្នាំ២០២២៕


News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...